ត្រឹម២៤ម៉ោងប៉ុណ្ណោះ សហរដ្ឋអាមេរិក, អ៊ីតាលី និងអេស្ប៉ាញ បានរកឃើញករណីស្លាប់ដោយសារ COVID-19 លើស៧០០នាក់រៀងៗខ្លួន។ ចំណែក២៤ម៉ោងដូចគ្នា នៅថ្ងៃពុធ ០១ ខែមេសា ចក្រភពអង់គ្លេស និងបារាំង បានរាយការណ៍ករណីស្លាប់ថ្មីលើស៥០០នាក់។
ជំងឺផ្លូវដង្ហើម COVID-19 បានសម្លាប់មនុស្ស ៨៨៤នាក់ក្នុងរយៈពេល ២៤ម៉ោងនៅសហរដ្ឋអាមេរិក។ នេះបើតាមបញ្ជាក់របស់សាកលវិទ្យាល័យ Johns Hopkins នៅថ្ងៃពុធ ទី១ ខែមេសា។ តួលេខថ្មីនេះ បានធ្វើឲ្យអ្នកស្លាប់សរុបក្នុងសហរដ្ឋអាមេរិកឡើងដល់ ៤៤៧៥នាក់ហើយ។ បើតាមប្រភពពីសាកលវិទ្យាល័យអាមេរិកដដែលនេះ ករណីឆ្លងសរុបក្នុងប្រទេសនេះ ឡើងដល់ ២១៣ ៣៧២ករណី ក្នុងនោះមានករណីឆ្លងថ្មី ២៥២០០នាក់ ក្នុងពេល២៤ម៉ោង។
ចំណែក អេស្ប៉ាញ នៅថ្ងៃទី១ ខែមេសា បានរាយការណ៍ករណីស្លាប់ COVID-19 ថ្មី ៨៦៤ករណីបន្ថែម ដែលជាករណីស្លាប់ខ្ពស់បំផុតក្នុងពេលត្រឹមតែមួយថ្ងៃ។ តួលេខថ្មីនេះ ធ្វើឲ្យករណីស្លាប់សរុបក្នុងប្រទេសនៅប៉ែកអឺរ៉ុបនេះឡើងដល់ ៩០៥៣នាក់ហើយ។ ដោយឡែក ករណីឆ្លង COVID-19 សរុបក្នុងប្រទសនេះ កើនលើស១០ម៉ឺនករណី ដែលជាប្រទេសទី៣មានករណីឆ្លងច្រើនបំផុត បន្ទាប់ពីអាមេរិក និងអ៊ីតាលី ។ នេះបើតាមក្រសួងសុខាភិបាលអេស្ប៉ាញ។
ងាកទៅប្រទេសអឺរ៉ុបមួយទៀត! អ៊ីតាលី នៅថ្ងៃពុធ បានប្រកាសពីករណីស្លាប់ដោយសារ COVID-19 ថ្មីបន្ថែមចំនួន ៧២៧នាក់ថ្មី ក្នុងពេល២៤ម៉ោង ដែលបង្កើនករណីស្លាប់សរុបឡើងដល់ ១៣១៥៥នាក់ហើយ។ តួលេខស្លាប់នេះធ្លាក់ចុះបន្ដិច បើធៀបនឹងថ្ងៃទី៣១ ខែមីនា ដែលមាន ៨៣៧ករណីឯណោះ។ ដោយឡែក ករណីឆ្លង COVID-19 សរុបនៅអ៊ីតាលី មានចំនួនជាង១១ម៉ឺនករណី បើបូកទាំងអ្នកស្លាប់ ជាសះស្បើយ និងករណីបច្ចុប្បន្ន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរអ៊ីតាលី។
នៅអឺរ៉ុបដដែល ករណីស្លាប់ COVID-19 នៅបារាំងក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍៥០៩នាក់ថ្មី ដែលធ្វើឲ្យករណីស្លាប់សរុបឡើងដល់ ៤០៣២នាក់ហើយ។ នេះបើតាមរបាយការណ៏ផ្លូវការរបស់អាជ្ញាធរសុខាភិបាលបារាំង នៅថ្ងៃពុធ ០១ មេសា។ ចំណែកករណីឆ្លងសរុបក្នុងប្រទេសនេះ មាន៥៦ ៩៨៦ករណី ខណៈជាសះស្បើយមានជាង១ម៉ឺននាក់។
មិនខុសពីបណ្ដាប្រទេសនៅលោកខាងលិច ចក្រភពអង់គ្លេស ក៏រងគ្រោះខ្លាំងផងដែរពីជំងឺ COVID-19 នេះ។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលចក្រភពអង់គ្លេស នៅថ្ងៃ០១ មេសា អ្នកស្លាប់ដោយសារ COVID-19 ក្នុងពេល២៤ម៉ោងនៅប្រទេសនេះ មានចំនួន៥៦៤នាក់ ដែលធ្វើឲ្យករណីស្លាប់សរុបឡើងដល់ ២៤៥២នាក់ហើយ។ នេះគឺជាលើកដំបូងដែលករណីស្លាប់សរុបប្រចាំថ្ងៃនៅទូទាំងប្រទេសនេះកើនលើស៥០០នាក់។ ចំណែក មនុស្សជិត៣ម៉ឺននាក់ហើយ មានលទ្ធផលតេស្តវិជ្ជមានសម្រាប់ COVID-19 ក្នុងនោះករណីឆ្លងថ្មី ២៣៥២នាក់ ខណៈជាសះស្បើយមានត្រឹម ១៣៥នាក់ប៉ុណ្ណោះ។
ដោយឡែក អាល្លឺម៉ង់ ដែលមានករណីឆ្លងសរុបដល់ ៦៧៣៦៦ករណី មានអ្នកស្លាប់ត្រឹម ៧៣៦នាក់ប៉ុណ្ណោះ ។ នេះបើតាមស្ថិតិផ្លូវការរបស់វិទ្យាស្ថាន Robert Koch នៅថ្ងៃទី១ ខែមេសា ដោយបញ្ជាក់ថាករណីស្លាប់ក្នុងពេល២៤ម៉ោង មាន១៤៩នាក់និងឆ្លងមានជាង៥ពាន់ករណី។ បើតាមវេបសាយ worldometers.infor ដែលតាមតួលេខឆ្លង COVID-19 អ្នកជាសះស្បើយពីជំងឺ COVID-19 នៅអាល្លឺម៉ង់ មានជាង១៨៧០០នាក់ គិតត្រឹមព្រឹកថ្ងៃទី២ ខែមេសា។
សូមបញ្ជាក់ថា ជំងឺរាតត្បាតសាកល COVID-19 បានសម្លាប់មនុស្សជាង៣ម៉ឺននាក់ហើយ ក្នុងតំបន់អឺរ៉ុប ដោយជាង៧៥ភាគរយ បានរកឃើញនៅអ៊ីតាលី និងអេស្ប៉ាញ។ នេះបើតាមការតាមដានរបស់ទីភ្នាក់ងារព័ត៌មាន AFP ត្រឹមព្រឹកថ្ងៃទី១ ខែមេសា ដោយយោងតាមតួលេខផ្លូវការ។ តួលេខស្លាប់សរុបទាំង៣០០៦៣នាក់នេះ គឺស្ថិតក្នុងចំណោមអ្នកឆ្លង COVID-19 សរុប៤៥៨ ៦០១នាក់ ដែលធ្វើឲ្យអឺរ៉ុបនេះក្លាយជាតំបន់រងគ្រោះខ្លាំងបំផុតដោយសារវីរុសនេះ៕