ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ផ្តើម​ពី​ដាំ​ទុក​ហូប លោក នី ចិ​ត្រា មមាញឹក​នឹង​លក់​កសិផល​ឲ្យ​អ្នកជិតខាង ចំណេញ​ប្រាក់​៥០០​ដុល្លារ​ក្នុង​មួយខែ​
02, Apr 2020 , 1:01 pm        
រូបភាព
ដោយ:
ផ្តើម​ពី​ការដាំដុះ​បន្លែ​ធម្មជាតិ​ទុក​ទទួលទាននៅក្នុង​គ្រួសារ មាន​អតិថិជន​ជាច្រើន​បាន​សុំ​ទិញ​ពី​លោក នី ចិ​ត្រា​។ ទំនោរ​នៃ​ការទទួល​ទាន​កសិផល​ធម្មជាតិ បាន​ជំរុញ​ឲ្យ​កសិករ​រស់នៅ​ខេត្ត​ពោធិ៍​សាត់ នី ចិ​ត្រា ពង្រីក​ការដាំ​ដុះ​បន្លែ​និង​ចិញ្ចឹម​មាន់​បន្ថែម ដែល​អាច​រកប្រាក់​ចំណេញ​បាន​ច​ន្លោះពី​៥០០​ទៅ​៦០០​ដុល្លារ​ក្នុង​មួយខែ​។ បើទោះជា លោក ចិ​ត្រា បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​មួយកម្រិត​ហើយក៏​ពិតមែន តែ​មិនទាន់បាន​ឆ្លើយ​នឹង​តម្រូវការ​អតិថិជន​របស់លោក​ដែល​មាននៅ​ខេត្តបាត់ដំបង​និង​ភ្នំពេញ​ជាដើម​។ បុរស​វ័យ​៣០​ឆ្នាំ រូ​បនេះ កំពុង​សិក្សា​ពី​លទ្ធភាព​ពង្រីក​អាជីវកម្ម​កសិ​ផល​ធម្មជាតិ​នេះ​បន្ថែមទៀត ខណៈ​តំបន់​ដែល​រស់នៅ​ប្រឈម​នឹង​គ្រោះរាំងស្ងួត​។​



​លោក នី ចិ​ត្រា បាន​ដាំ​ដំណាំ​ធម្មជាតិ​បន្តិចបន្តួច​នៅក្នុង​ទីធ្លា​ផ្ទះ​របស់លោក នៅឯ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ រយៈពេល​មួយឆ្នាំ​មកហើយ ទុក​គ្រាន់​ទទួលទាន​នៅក្នុង​គ្រួសារ​ប៉ុណ្ណោះ​។ លោក ចិ​ត្រា មិនដែល​នឹកថា ដាំ​ដុះ​បន្លែ​ទាំងនោះ​យកទៅលក់​ឡើយ តែ​ផ្តើមចេញពី​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា សុំ ទិញ​បន្លែ និង​មើលឃើញ​ពី​តម្រូវការ​អ្នក​ទទួលទាន​បន្លែ​ធម្មជាតិ​កាន់តែច្រើន បាន​ជំរុញ​ឲ្យ​បុរស​វ័យ​៣០​ឆ្នាំ នី ចិ​ត្រា ពង្រីក​ការដាំដុះ​។ កសិករ​រស់នៅ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ដោយសារ​ខ្ញុំ​សម្លឹង​ឃើញ​ទីផ្សារ​ស្រុក​យើង​បច្ចុប្បន្ន គេ​ឲ្យ​តម្លៃ​លើ​កសិផល​សុ​វត្ថ​ភាព ទើប​ខ្ញុំ​បង្កើន​ការដាំ​បន្លែ​បន្ថែម​»​។​



​នៅក្នុង​ទំហំ​ដី​បណ្តោយ​៥០​ម៉ែត្រ និង​ទទឹង​៣០​ម៉ែត្រ ដែល​ក្នុងនោះ​មាន​ស្រះ​ទឹក​ទំហំ​៣០០​ម៉ែត្រការ៉េ លោក នី ចិ​ត្រា មាន​ដាំ​ប៉េង​បោះ​, ននោង​, ត្រឡាច​, ល្ពៅ ពោត​បារាំង និង​បន្លែ​មួយចំនួនទៀត​។ ក្រៅពី​បន្លែ​ទាំងនេះ លោក ចិ​ត្រា ក៏បាន​ភ្ញាស់​កូន​មាន់​, ចិញ្ចឹម​មាន់​ប្រមាណ​៣០០​ក្បាល ហើយ​បាន​ទិញ​ត្រីងៀត​, ស្ករត្នោត និង​ផ្លែឈើ​មួយចំនួនទៀត យកទៅលក់​បន្ត​ផងដែរ​។ កសិផល​សុ​វត្ថ​ភាព​ទាំងនេះ បានផ្តល់​ប្រាក់ចំណេញ​ដល់​លោក ចិ​ត្រា ចន្លោះ​ពី​៥០០​ទៅ​៦០០​ដុល្លារ​ក្នុង​មួយខែ ដែល​អតិថិជន​ភាគច្រើន​ជា​អ្នករស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយនឹង​រូបលោក និង​មាន​អតិថិជន​នៅ​ទី​រួម​ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ចាម និង​ភ្នំពេញ​ផងដែរ ដែល​បាន​បញ្ជា​ទិញ​យកទៅ​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ​។​



​លោក នី ចិ​ត្រា បាន​អះអាងថា កសិផល​របស់លោក​មិនអាច​ផ្គត់ផ្គង់​ទាន់​តម្រូវការ​របស់​អ្នកបញ្ជា​ទិញ​ឡើយ ហើយ​មាន​អតិថិជន​ជាច្រើន​ជំរុញ​ឲ្យ​លោក ចិ​ត្រា ពង្រីក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​នេះ​ឲ្យ​បាន​ធំ​ជាង​មុន​។ កសិករ​វ័យ​៣០​ឆ្នាំ រស់នៅក្នុង​ឃុំ​ក្បាល​ត្រា​ចនៃ​ស្រុក​ក្រគរ រូបនេះ មិនមែន​មិន​ចង់​ពង្រីក​ជំនួញ​មូលដ្ឋាន​របស់ខ្លួន​នោះទេ តែ​លោក នី ចិ​ត្រា កំពុង​បារម្ភ​ពី​គ្រោះរាំងស្ងួត​ដែល​មិន​អំណោយផល​គ្រប់គ្រាន់​សម្រាប់​ការដាំដុះ​កសិផល​របស់លោក​ឡើយ​។ យ៉ាងណាក៏ដោយ លោក នី ចិ​ត្រា កំពុង​រក​ដំណោះស្រាយ ដើម្បី​នឹង​ពង្រីក​អាជីវកម្ម​កសិក​ផល​សុ​វត្ថ​ភាព​នេះ បន្ថែមទៀត​នៅ​ថ្ងៃ​អនាគត​៕




© រក្សាសិទ្ធិដោយ thmeythmey.com