COVID-19
ជាតិ
GMAC៖ ការនាំចេញ​ជាង​៧០​ភាគរយ​នៃ​វិស័យ​កាត់ដេរ នឹង​ប៉ះពាល់ ក្នុងអំឡុង​រាលដាល​កូ​វីដ​-១៩
02, Apr 2020 , 2:49 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ ការនាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​របស់​កម្ពុជា ទៅកាន់​សហភាព​អឺរ៉ុប​និង​អាមេរិក នឹងរង​ផលប៉ះពាល់​ដល់​ទៅ​ជាង​៧០​ភាគរយ ដោយសារ​ទីផ្សារ​អន្តរជាតិ​ទាំងនេះ កំពុង​ជួប​ការលំបាក​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ (Covid-19 ) យ៉ាងធ្ងន់ធ្ងរ​។


 
​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC ) ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា​ថា រោងចក្រ​ភាគច្រើន​នៅ​កម្ពុជា ត្រូវបាន​លុបចោល​និង​ផ្អាក​ការផ្គត់ផ្គង់ ដោយសារ​អ្នកបញ្ជា​ទិញ អឺរ៉ុប អាមេរិក និង កាណាដា កំពុង​រង​ផលប៉ះពាល់​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ប៉ុន្តែ​ចំពោះ​ទំហំ​នៃ​ផលប៉ះពាល់​ដល់ក​ម្មករ​ និង​រោងចក្រ​ចំនួន​ប៉ុន្មាន ហើយ​ក្នុង​រយៈ​យូរ​ប៉ុណ្ណា លោក កាំ​ង ម៉ូ​នី​កា មិនដឹង​ច្បាស់​ឡើយ​។  
 
​លោក ថ្លែងថា​៖«​អ្នកបញ្ជា​ទិញ បាន​ប្រាប់​ឲ្យ​យើង​ផ្អាក​ការផ្គត់ផ្គង់​ទំនិញ​សិន បើទោះបី​ទំនិញ​ផលិត​ហើយក៏​ដោយ​...​។ ហើយ​ទំនិញ​ដែល​ផលិត​រួច ត្រូវ​ទុក​នៅ​រោងចក្រ​នៅ​កម្ពុជា​យើង​សិន​»​។  
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០​ថា មកដល់ពេលនេះ កម្ពុជាមាន​រោងចក្រ​៩១​ហើយ ដែល​បាន​ព្យួរការងារ ហើយ​កម្មករ​-​កម្មការិនី ​ប្រមាណ​៦១៥០០​នាក់ ដែល​រង​ការប៉ះពាល់​។ លោក អះអាងថា មូលហេតុ ដែល​នាំ​ឲ្យ​រោងចក្រ​ទាំងនោះ ព្យួរការងារ គឺ​ដោយសារ​តម្រូវការ​ នៅ​ទីផ្សារ​នាំចេញ ត្រូវបាន​កាត់បន្ថយ​។​

អត្ថបទទាក់ទង

 
​កាលពី​ថ្ងៃទី​៣០ ខែមីនា សម្តេចនាយក​រដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​វិមាន​រដ្ឋសភា​ថា កម្ពុជា មាន​រោង​ចក្រ​ព្យួរការងារ​៥៧ ដោយ​ក្នុងនោះ មាន​៥០​រោង​ចក្រ​ខ្វះ​វត្ថុធាតុដើម ហើយ​៧​រោងចក្រទៀត គឺ​ខ្វះ​អ្នកបញ្ជា​ទិញ​។​
 
​អគ្គលេខាធិការ GMAC បន្តថា បញ្ហា​នេះ គឺ​កើត​ឡើងជា​សកល ដែល​រោងចក្រ​នៅ​បណ្តា​ប្រទេស​ផ្សេងទៀត ដូចជា មីយ៉ាន់ម៉ា បង់​ក្លា​ដែ​ស វៀតណាម ឥណ្ឌូណេស៊ី និងឡាវ ជាដើម ក៏​កំពុង​ជួបនឹង​ស្ថានភាព​បែបនេះ​ដែរ​។ លោក បានទទួល​ព័ត៌មាន​ជាច្រើន​ ពី​អ្នកបញ្ជា​ទិញ ឲ្យ​បង្កក​ផលិតកម្ម ​និង​បង្កក​ការនាំ​ចូល​វត្ថុធាតុដើម​ផងដែរ ហើយ​អាច​នឹង​ចាប់ផ្ដើម​ក្នុងអំឡុង​ពាក់កណ្ដាល​ខែមេសា​។ 
 
​លោក បញ្ជាក់ថា​៖«​បើ​យើង វាយតម្លៃ​ត្រួសៗ ទៅតាម​ចំណែក​ទីផ្សារ​ដែល​យើង​នាំចេញ គឺថាសហភាព​អឺរ៉ុប​មាន​៤៦​ភាគរយ នៃ​ការនាំចេញ​សរុប​របស់​យើង ហើយ​អាមេរិក មាន​២៨​ភាគរយ អ៊ីចឹង​មាន​ជាង​៧០​ភាគរយ ហើយ​និង​កាណាដា មាន​៨​ភាគរយ វា​លើសពី​៧០​ភាគរយ​ហើយ​»​។  
 
​យ៉ាងណា លោក រំពឹងថា វិស័យ​កាត់ដេរ​នៅ​កម្ពុជា អាច​នឹង​ផលិត​បាន​នូវ​ចំនួន​ខ្លះ​ដដែល  ប៉ុន្តែ​ចំណែក​នៃ​ការនាំចេញ ទៅកាន់​សហភាព​អឺរ៉ុប អាមេរិក និងកាណាដា មាន​ទំហំ​ធំ ដូច្នេះ​វា នឹង​ទទួលរង​ផលប៉ះពាល់​ធំ ​តាម​ហ្នឹង​ផងដែរ​។ លោក បន្តថា ឈានចូល​ខែមេសា​នេះ នឹងមាន​រោងចក្រ ព្យួរការងារ​បន្ថែម​។​
 
​សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប កាលពី ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បានសម្រេច​ដក​ការអនុគ្រោះ​ពន្ធ​២០​ភាគរយពី​កម្ពុជា លើ​ផលិតផល​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់​ និង​ស្បែកជើង ផលិតផល​សម្រាប់​ធ្វើដំណើ​រ និងស្ករ​។ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ សេចក្តីសម្រេច​ដក​ការ​អនុ​វ​គ្រោះ​នេះ នឹង​ចូល​ជា​ធរមាន មានន័យថា កម្ពុជាចាប់ផ្តើម​បង់ពន្ធ​២០​ភាគរយ ពេល​នាំ​ទំនិញ​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​។ នៅ​កម្ពុជា មាន​កម្មករ​-​កម្មការិនី​ ប្រមាណ​៨០​ម៉ឺន​នាក់ ក្នុង​វិស័យ​កាត់ដេរ​៕ 

Tag:
 GMAC
  COVID-19
  វិស័យ​កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com