COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
COVID-19៖ UEFA ផ្អាក Champions League និង​ពន្យារពេល​ប្រកួត​អន្តរជាតិ​ទាំងអស់​
02, Apr 2020 , 7:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) នៅ​ថ្ងៃទី​១ ខែមេសា បញ្ជា​ឲ្យ​ផ្អាក​រាល់​ការប្រកួត​ក្នុង​ក្របខណ្ឌ Champions League និង Europa League រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ COVID-19​។ ដោយឡែក​រាល់​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ខែមិថុនា និង​ជម្រុះ Euro 2020 ត្រូវ​ពន្យារពេល​។​


 
​ការសម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ការប្រជុំ​គ្នា​តាមរយៈ​វីដេអូ​អន​ឡាញ​រវាង​លេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​ទាំង ៥៥ របស់​អឺរ៉ុប ដែលជា​សមាជិក​របស់ UEFA នា​ថ្ងៃទី​១ ខែមេសា​។​
 
«​រាល់​ការប្រកួត​ទាំងអស់​របស់ UEFA រួមទាំង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ត្រូវបាន​ពន្យារពេល​រហូត​ដល់​មានការ​ជូនដំណឹង​ជាថ្មីទៀត​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ UEFA​។​
 
​ស្របពេល​គ្នា​នេះ ការប្រកួត​ជម្រុះ Euro ឆ្នាំ ២០២០ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៦ និង​ទី​៣១ ខែមីនា ហើយ​ត្រូវ​បានប្រកាស​ឲ្យ​ពន្យារ​ទៅធ្វើ​នៅ​ថ្ងៃទី​៤ និង​ទី​៩ ខែមិថុនា​នោះ នៅតែ​ត្រូវបាន​ពន្យារ​បន្តទៀត ដោយ​មិនទាន់​បានកំណត់​ថ្ងៃ​ឡើយ​។​
 
​ដោយសារតែ​វិបត្តិ COVID-19 ព្រឹត្តិការណ៍​កីឡា​ធំៗ​ស្ទើ​ទាំងអស់​ទៅហើយ​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​ផ្អាក និង​ពន្យារពេល​ប្រកួត​។ កីឡា​អូ​ឡា​ពិ​ក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ក៏ត្រូវ​លើក​ទៅ​ឆ្នាំក្រោយ​ផងដែរ​។​
 
​មកទល់ពេលនេះ ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី បានសម្លាប់​មនុស្ស​ទូទាំង​សកលលោក​ប្រមាណ​ជាង​៤៧០០០​នាក់ ឆ្លង​ជាង​៩​ម៉ឺន​ករណី និង​សះស្បើយ​ជិត​២​សែន​ករណី​៕

Tag:
 UEFA
  COVID-19
  Euro
© រក្សាសិទ្ធិដោយ thmeythmey.com