COVID-19
ជាតិ
សេដ្ឋកិច្ច
COVID-19 ៖ អ្នកវិភាគ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លា​ក់មក​ត្រឹម​៣​ភាគរយ ខណៈ​អ្នក​ប្រកប​របរ​តូចៗ បាត់​ចំណូល​ស្ទើ​ទាំងស្រុង
02, Apr 2020 , 7:39 pm        
រូបភាព
ទិដ្ឋភាពទីក្រុងភ្នំពេញដែលថតពីលើអាកាស។ រូបថត៖ អ៊ូ សុខមាន
ទិដ្ឋភាពទីក្រុងភ្នំពេញដែលថតពីលើអាកាស។ រូបថត៖ អ៊ូ សុខមាន
​ភ្នំពេញ​៖ ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩(COVID-19) នៅ​កម្ពុជា បានធ្វើ​ឲ្យ​អ្នក​ប្រកប​មុខ​និង​អាជីវកម្ម​ខ្នាតតូចៗ​ឬ​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលមាន​លក្ខណៈ​គ្រួសារ ជា​លក្ខណៈ​រកស៊ី​ខ្លួនឯង កំពុង​បាត់​ចំណូល​ស្ទើ​ទាំងស្រុង​។ ស្រប​ពេលដែល​ក្រុម​អ្នកមាន​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាត់​ប្រភព​ចំណូល​នោះ ក្រុម​ទាំងនោះ​ក៏​ប្រឈម​ខ្លាំង​នូវ​ការ​ដាច់​ស្បៀងអាហារ​ប្រចាំថ្ងៃ ហើយ​ថែមទាំង​គ្មាន​លទ្ធភាព​ពេញលេញ​ក្នុងការ​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩ ផងដែរ​។ មិនតែប៉ុណ្ណោះ កំណើនសេដ្ឋកិច្ច​កម្ពុជា ប្រឈម​នឹង​ការធ្លាក់​ចុះមក​ត្រឹម​ជាង​៣​ភាគរយ​។​


​ក្នុងស្ថានភាព​ដែល​កម្ពុជា ក៏​ដូច​ប្រទេស​នានា​ជុំវិញ​ពិភពលោក កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​ខ្លាំង​នៃ​មេរោគ​កូ​វីដ​-១៩ ក្រុម​ទាំងនោះ មាន​អ្នករត់​ឡាន​ឈ្នួល អ្នករត់​ម៉ូតូ​កង់​បី រត់​ម៉ូតូឌុប និង​អ្នក​កាត់សក់​ជាដើម បាន​បង្ខំចិត្ត​ផ្អាក​មុខរបរ​ប្រចាំថ្ងៃ​របស់ខ្លួន ព្រោះតែ​ឥទ្ធិពល​នៃ​ការឆ្លង​មេរោគ​នេះ​។ ក្រុម​អ្នក​ប្រកបរ​បរសេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​នោះ បាត់​ចំណូល​ដោយសារតែ​អាជីវកម្ម​គ្មាន​អតិថិជន​គាំទ្រ​។ 
 
​កញ្ញា ម៉ា​នី ជា​អ្នករត់​ម៉ូតូ​កង់​បី កំពុង​ប្រឈម​ខ្លាំង​នៃ​កត្តា​ជីវភាព​ប្រចាំថ្ងៃ​ដោយសារ​មេរោគ​កូ​វីដ​-១៩​។  បច្ចុប្បន្ន ម៉ា​នី បាន​ក្លាយជា​មនុស្ស​គ្មាន​ចំណូល​ដោយសារតែ​កញ្ញា​ផ្អាក​មុខរបរ​របស់ខ្លួន​បណ្តោះអាសន្ន ព្រោះ​កញ្ញា​ខ្លាច​ឆ្លង​មេរោគ​នេះ ពី​អ្នកដំណើរ​ណា​ម្នាក់​ដោយ​មិនដឹង​ខ្លួន​។ 
 
​មុន​កញ្ញា ម៉ា​នី មិនទាន់​ផ្អាក​ដំណើរ​មុខរបរ​នេះ នាង​អាចមាន​លទ្ធភាព​រក​ចំណូល​ជា​មធ្យម​បាន​ត្រឹម​១​ទៅ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ដូច្នេះ​តាមរយៈ​មុខរបរ​មួយ​នេះ ម៉ា​នី គ្មាន​សេសសល់​ប្រាក់​បម្រុង​ទុក សម្រាប់​ចាយ​ពេល​ផ្អាក​ការរកស៊ី​ឡើយ​។ ស្ត្រី​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ពី​របរ​រត់​ម៉ូតូ​កង់​បី មុន​ពេលដែល​កញ្ញា​សម្រេច​ចិត្ត​ផ្អាក​ដូច្នេះ​ថា​៖«​ក្នុង​មួយ​សប្តាហ៍ រកប្រាក់​បានតែ​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ ដោយ​ថ្ងៃ​ខ្លះ​បាន​១​ម៉ឺន​រៀល ថ្ងៃ​ខ្លះ​រកបាន​៤​ម៉ឺន​រៀល ព្រោះតែ​កញ្ញា​ផ្តោតលើ​ការជួយ​សង្គម​។  ចំពោះ​អ្នកជំងឺ ព្រះសង្ឃ លោកតា​លោកយាយ​ដែល​ទៅ​វត្ត និង​មនុស្ស​ចាស់ជរា​... គឺ​ខ្ញុំ​ដឹក​មិន​យកប្រាក់​ពី​គាត់​ឡើយ​»​។ 
 
​ជា​អ្នក​ប្រកបមុខរបរ​រកចំណូលបាន​មួយថ្ងៃ​សម្រាប់តែ​រស់​មួយថ្ងៃ  កញ្ញា ម៉ា​នី គ្មាន​សេសសល់​ប្រាក់​អ្វី​សម្រាប់​ចំណាយ​ប្រចាំ​លើ​អាហារ​បី​ពេល បង់ថ្លៃ​ទឹក និង​បន្ទប់​ជួល​ប្រចាំ​នោះទេ ។ ម៉ា​នី មានតែ​សម្រេចចិត្ត​ខ្ចីប្រាក់​ពី​ម្តាយ មិត្តភក្តិ និង​សុំ​ម្ចាស់ផ្ទះ​ពន្យារ​បង់ថ្លៃ​បន្ទប់​ស្នាក់នៅ ដើម្បី​ដោះ​ទាល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក្នុង​គ្រា​ប្រទេសជាតិ ក៏​ដូច​ប្រទេស​នានា​ក្នុង​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​មេរោគ​កូ​វីដ​១៩​នេះ​។​
 
​រីឯ អ្នកស្រី រស់ សុ​ផា នៅតែ​បន្ត​មុខរបរ​របស់ខ្លួន បើទោះបី​មិន​ចំណេញ​ឬ​ចំណេញ​តិចតួច​ក៏ដោយ អ្នកស្រី​នៅតែ​បន្ត​លក់ដូរ  ដើម្បី​យកប្រាក់​ទិញ​អង្ករ និង​សម្ភារ​ចំ​បាច់​មួយចំនួន​ដូចជា​អាល់កុល និង​សាប៊ូ​ជាដើម​ដើម្បី​សម្លាប់​មេ​រោ​កូ​វីដ​-១៩​។  អ្នកស្រី សុ​ផា ប្រកបមុខរបរ ប្រហិត និង​ពង​ទា​កូន ដោយ​ដើរ​លក់​ចល័ត នៅ​ម្តុំ​ផ្សារ​ទួល​ទំពូង​។ អ្នកស្រី​បាន​និយាយថា​៖«​រាល់ថ្ងៃ​ខ្ញុំ​ដើរ​លក់ ទាំង​ភ័យខ្លាច​ឆ្លង​អា​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩)​។ តែបើ​ខ្ញុំ​មិន​លក់​! តើ​បាន​លុយ​ឯណា​ទិញ​អង្ករ ទិញ​មី ហូប​ពីរ​នាក់​តា​យាយ​?  បើ​ខ្ញុំ​មិន​ខំ​រក មានតែ​នៅចាំ​ដេក​សា្ល​ប់​»​។ 
 
​ក្រៅពី​អ្នក​ប្រកបមុខរបរ​ខាងលើនេះ នៅមាន​អ្នក​ប្រកប​របរ​នានា​ជាច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ កំពុង​ជួប​វិបត្តិ​អត់​ស្បៀងអាហារ​ប្រចាំថ្ងៃ ដោយសារតែ​ឥទ្ធិពល​មេរោគ​កូ​វីដ​-១៩​។ 
​ភាព​អូសបន្លាយ​មិន​ច្បាស់លាស់​នៃ​ការឆ្លង​រាលដាល​មេរោគ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា បាត់បង់​ចំណូល​ស្ទើ​ទាំងស្រុង ហើយ​ប្រឈម​នឹង​ការ​ដាច់​ស្បៀងអាហារ​ប្រចាំថ្ងៃ​។ នេះ​ជាការ​លើកឡើង​របស់លោក វន់ ពៅ ប្រធាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​លោក​បាន​បន្តថា ប្រសិន​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នៅតែ​បន្ត​អូសបន្លាយ​ដល់​ត្រីមាស​ទី​២​នៃ​ឆ្នាំ​២០២០ ឬ​លើសពីនេះ ក្រុម​អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ប្រព័ន្ធ នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ ខណៈដែល​ពួកគេ គ្មាន​សម្ភារ ឬ​ឧបករណ៍​ការពារ​ខ្លួន​ពេញលេញ ពី​ការឆ្លង​មេរោគ​កូ​វីដ​-១៩​។​
 
​លោក វន់ ពៅ បាន​និយាយ​ប្រាក់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ដូច្នេះ​៖«​ប្រសិនបើ​មេរោគ​កូ​វីដ​-១៩​នៅតែ​បន្ត​រាលដាល​នៅ​កម្ពុជា​យើង ក្នុង​រយៈពេល​ណាមួយ​ទៀត វា​នឹងធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ព្រោះ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​វិស័យ​មួយ​ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ជាតិ​កើន តាមរយៈ​ការរួមចំណែក​ពី​កម្មករ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​»​។   
 
​បើតាម​លោក វន់ ពៅ អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា មាន​ពី​៧៥​ទៅ​៨០​ភាគរយ ដែលមាន​អ្នករត់ម៉ូតូឌុប អ្នករត់​រឺ​ម៉ក  តាក់ស៊ី ជាងកាត់សក់ អាជីវករ​លក់ដូរ​តាម​ដងផ្លូវ​-​តាម​ផ្សារ រួមទាំង​កម្មករ​នានា​ជាដើម ។ ពួកគេ​អាច​រកចំណូលបាន​ជាម​ធ្យ​ម​១៥​ដុល្លារ​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ក្រោយ​មានការ​ឈានចូល​កម្ពុជា​នៃ​មេរោគ​កូ​វីដ​-១៩ ក្រុម​ទាំងនោះ​មាន​អ្នកខ្លះ​ផ្អាក​មុខរបរ​របស់ខ្លួន​ដោយសារតែ​គ្មាន​អតិថិជន​គាំទ្រ  អ្នកខ្លះ​នៅតែ​បន្ត​មុខរបរ​របស់​ទាំង​ការភ័យខ្លាច​នៃ​មេរោគ​នេះ ហើយ​ថែមទាំង​ទទួលបាន​ចំណូល​ត្រឹម​១​ម៉ឺន​រៀល​(២,៥​ដុល្លារ​) ខណៈដែល​ក្រុម​ទាំងនោះ មាន​ជាប់បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​
 
​កន្លងមក​ធនាគារជាតិ បាន​ណែនាំ​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់ «​រៀបចំ​ឥណទាន​ឡើងវិញ​» ដើម្បី​ជួយ​សម្រាល​ដល់​បន្ទុករ​បស់​ប្រជាពលរដ្ឋ ។ សេចក្តីណែនាំ​របស់​ធនា​គារ​ជាតិ​នេះ ធ្វើឡើង​ក្រោយពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ដល់​គ្រឹះ​សា្ថ​ន​ហិរញវត្ថុ​ឲ្យ​បញ្ចុះ​ការប្រាក់ ឬ​ពន្យារពេល​សង់​ដល់​កូនបំណុល​។ តែ​ការជួយ​សម្រួល​នេះ មិនទាន់​គ្រប់គ្រាន់​ទេ​។ នេះ​ជាការ​លើកឡើង​របស់លោក វន់ ពៅ​។ 
 
​ប្រធាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« បន្ថែម​លើ​ការជួយ​សម្រួល​ផ្នែក​បំណុល​របស់​អ្នក​ប្រកប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្តល់នូវ​ស្បៀងអាហារ​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ និង​ផ្តល់នូវ​សម្ភារ​នានា ការពារ ការឆ្លង​មេរោគ​កូ​វីដ​-១៩»​។ 
 
​បើតាម​លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ចជាតិ វិបត្តិ​នៃ​មេរោគ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​កម្ពុជា បាត់បង់​សកម្មភាព​សេដ្ឋកិច្ច​ជាង​៦០​ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ  ហើយនឹង​បន្ត​បន្លាយ​ដល់​ត្រីមាស​ទី​ពីរ នៃ​ឆ្នាំ​២០២០​។  អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey)​ថា ភាព​អូសបន្លាយ​នៃ​ឥទ្ធិពល​មេរោគ​កូ​វីដ​-១៩ ដល់​ត្រីមាស​ទី​ពីរ​ឬ​បន្ត​លើសពីនេះ នឹងធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​កំណើនសេដ្ឋកិច្ច​ពី​៧​ភាគរយ​(​ឆ្នាំ​២០១៩) មក​នៅត្រឹម​ជាង​៣​ភាគរយ​ប៉ុណ្ណោះ​។ 
 
«​ដោយសារតែ​វិបត្តិ​មេរោគ​កូ​វីដ​-១៩ កម្ពុជា​អាចមាន​កំណើនសេដ្ឋកិច្ច​នៅត្រឹម​៣,៤​ភាគរយ ក្នុង​ឆ្នាំ​២០២០»​។ នេះ​ជាការ​លើកឡើង​របស់លោក គី សេរី​វឌ្ឍន៍ ។​
 
​តែ​យ៉ាង​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ មិនទាន់​អាច​វាយតម្លៃ​ពី​តួលេខ​នៃ​ទំហំ​ទឹកប្រាក់​មួយណា​ច្បាស់លាស់​អំពី​ការ​ខាង​បង់ ឬ​បាត់បង់​ឱកាស​សេដ្ឋកិច្ចជាតិ​ក្នុង​វិបត្តិ​នេះឡើយ​។ 
 
​កាលពីដើម​ខែមីនា ឆ្នាំ​២០២០ ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) បាន​ព្យាករណ៍​ថា​កម្ពុជា​អាច​នឹង​ខាតបង់​សេដ្ឋកិច្ច ដោយ​គិត​ជា​ទឹកប្រាក់​ប្រមាណ​៤០០​លាន​ដុល្លារ ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​មេរោគ​កូ​វីដ​-១៩​នៅ​ប្រទេស​ចិន ហើយ​បន្ត​ឆ្លង​រាលដាល​ជុំវិញ​ពិភពលោក​នេះ​។  បើតាម​ទិន្នន័យ​របស់​ADB ការខាតបង់​នៃ​សេដ្ឋកិច្ចកម្ពុជា​នេះ គឺមាន​ទំហំ​តូច​ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​។​
ADB បាន​បញ្ជាក់ថា ការខាតបង់​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០២០​នេះ មិនមែន​កើតឡើង​តែ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះទេ ពោលគឺ​បណ្តា​ប្រទេស​ស្ទើ​ទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​ដូចគ្នា ដោយសារតែ​មេរោគ​កូ​វីដ​-១៩៕ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com