COVID-19
អន្តរជាតិ
COVID-19 ជំរុញឲ្យលោកស្រី ស៊ូជី ប្រើ Facebook ផ្ទាល់ខ្លួនផ្ដល់ព័ត៌មានពិតឲ្យប្រជាជន លោកស្រី អ៊ុនសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
× បន្ទាប់ការវិវត្តកាន់តែខ្លាំងនៃជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅក្នុងប្រទេស លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេសបានសម្រេចបង្កើតគណនី Facebook ផ្ទាល់ខ្លួន ដើម្បីទំនាក់ទំនង និងផ្តល់ព័ត៌មានពិតជូនប្រជាជន។
ចាប់តាំងពីឡើងកាន់តំណែងឆ្នាំ២០១៦ លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ច្រើនតែចេញសេចក្តីថ្លែងការណ៍ និងនិយាយនៅក្នុងកិច្ចប្រជុំសាធារណៈប៉ុណ្ណោះ ហើយកម្រណាស់ ក្នុងការថ្លែងសន្និសីទសារព័ត៌មាន ឬកិច្ចសម្ភាសអ្វីមួយ។ ប៉ុន្តែអាកប្បកិរិយានេះ បានប្រែប្រួលនៅពេលCOVID-19 ចាប់ផ្តើមរីកសាយភាយនៅក្នុងមីយ៉ាន់ម៉ា។
តាមរយៈការសរសេរលើគណនីFacebook ដែលទើបតែទទួលស្គាល់ពីក្រុមហ៊ុន Facebook លោកស្រី ស៊ូជី បានបញ្ជាក់ទាំងស្ទាក់ស្ទើរថា៖ « ខ្ញុំមិនចង់ប្រើប្រាស់ Facebook ប៉ុន្មានឡើយ។ ប៉ុន្តែពេលនេះ យើងត្រូវតែប្រើវា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយប្រជាពលរដ្ឋ ក្នុងពេលប្រឈមមុខជាមួយCOVID-19 នេះ»។ បើតាមលោកស្រីទីប្រឹក្សារដ្ឋ ទោះចង់ ឬមិនចង់ ពេលនេះត្រូវតែប្រើប្រាស់ Facebook ដើម្បីទប់ទប់ជាមួយការរីកសាយភាយនៃជំងឺរលាកសួតថ្មីនេះ។
ខណៈពេលថ្ងៃចូលឆ្នាំថ្មីជិតចូលមកដល់ មីយ៉ាន់ម៉ា មានការព្រួយបារម្ភយ៉ាងខ្លាំងពីពលករមកពីប្រទេសថៃ ដែលបានត្រលប់មកផ្ទះវិញជាច្រើនម៉ឺននាក់ ថាអាចបង្កឲ្យមានការចម្លងCOVID-19 ដោយប្រការណាមួយ ព្រោះមានពលករជាច្រើន មិនបានទទួលការពិនិត្យត្រឹមត្រូវ។
គិតមកត្រឹមព្រឹកថ្ងៃទី២ ខែមេសានេះ មីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា ករណីCOVID-19 សរុបបានកើនឡើងដល់ ១៥ករណី អ្នកស្លាប់ ១ករណី៕
Tag:
មីយ៉ាន់ម៉ា
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com