ចាប់ពីពេលនេះតទៅ ការតាក់តែងសេចក្តីព្រាងច្បាប់ថ្មី ដែលចេញពីអង្គការនីតិប្រតិបត្តិ ត្រូវសរសេរត្រឹមមាត្រាស្តីពីអំពីគោលបំណងប៉ុណ្ណោះ ដោយមិនសរសេរមាត្រាស្តីពីគោលដៅ ដូចលើកមុនទៀតឡើយ។ ច្បាប់នានានៅកម្ពុជា ជាទូទៅ គេ តែងឃើញមានចែងពីគោលបំណងផងនិងគោលដៅផង។
ការសម្រេចឈប់ឲ្យមានមាត្រាស្តីពីគោលដៅក្នុងសេចក្តីព្រាងច្បាប់ គឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ឃើញថា ការដែលរដ្ឋាភិបាល សម្រេចឈប់តែងពីមាត្រាស្តីពីគោលដៅក្នុងសេចក្តីព្រាងច្បាប់ គឺដើម្បីកុំឲ្យស្មុគស្មាញ និង សាំញ៉ាំច្រើន។ លោក បន្តថា ការលុបមាត្រាស្តីពីគោលដៅនេះ គឺធ្វើឲ្យច្បាប់នីមួយៗ កាន់តែខ្លីនិងងាយយល់។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា៖«[គោលដៅហ្នឹង] ដូចមិនសូវសំខាន់ទេ សំខាន់ គឺគោលបំណង។ ការធ្វើសេចក្តីព្រាងច្បាប់ គឺគោលបំណង ចង់បានអី...»។
អ្នកនាំពាក្យរូបនេះ បន្តថា ចំពោះសេចក្តីស្នើច្បាប់ ដែលចេញពីអង្គការនីតិបញ្ញតិ្ត (រដ្ឋសភានិងព្រឹទ្ធសភា) នៅបន្តចែងពីមាត្រាស្តីពីគោលដៅឬមិនចែងនោះ គឺអាស្រ័យលើអង្គការនីតិបញ្ញត្តិខ្លួនឯង។
យ៉ាងណា នៅកម្ពុជា គេ ឃើញការតាក់តែងច្បាប់ភាគច្រើន គឺចេញពីអង្គការនីតិប្រតិបត្តិ (រដ្ឋាភិបាល)។
សម្រាប់លោកមេធាវី សុក សំអឿន អ្វីដែលសំខាន់ក្នុងច្បាប់ គឺការអនុវត្តលើមាត្រាទាក់ទងនឹងការកំណត់ទោសទណ្ឌ ចំណែកមាត្រាអំពីគោលបំណងនិងគោលដៅ គ្រាន់តែចែងឡើង ដើម្បីឲ្យអ្នកច្បាប់ សរសេរមាត្រានីមួយៗ ស្របនឹងគោលបំណងនិងគោលនៃច្បាប់នោះ។ ម្យ៉ាងទៀត លោក មើលឃើញថា គោលបំណងនិងគោលដៅ ក្នុងច្បាប់ខ្លះ មានភាពស្រដៀងគ្នា។
លោកមេធាវី សុក សំអឿន ដែលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ មានប្រសាសន៍ថា៖«[គោលដៅ] ចង់ដាក់ក៏បាន មិនដាក់ក៏បាន ដូចមិនសូវសំខាន់អីទេ»។
រដ្ឋធម្មនុញ្ញកម្ពុជា បានផ្តល់សិទ្ធិទៅឲ្យសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និង នាយករដ្ឋមន្ត្រី ក្នុងការផ្ដួចផ្ដើមគំនិតធ្វើច្បាប់។ សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់មួយ ត្រូវឆ្លងកាត់ការយល់ព្រមពីរដ្ឋសភានិងព្រឹទ្ធសភា ហើយទើបថ្វាយទៅព្រះមហាក្សត្រ សុំឲ្យទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
ចំពោះបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និង ច្បាប់រៀបចំអង្គការទាំងឡាយ បន្ទាប់ពីឆ្លងកាត់រដ្ឋសភានិងព្រឹទ្ធសភាហើយនោះ នៅត្រូវឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមទៀត មុននឹងព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់៕