COVID-19
អន្តរជាតិ
WHO៖ ការអនុគ្រោះ​បំណុល​ចាំបាច់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ប្រយុទ្ធ​នឹង COVID-19
02, Apr 2020 , 9:19 pm        
រូបភាព
ពលករចំណាកស្រុកនៅឥណ្ឌាចាំរថយន្តក្រុងត្រលប់ទៅស្រុកកំណើតវិញ ក្រោយរដ្ឋាភិបាលបិទប្រទេសទាំងមូលកាលពីសប្តាហ៍មុន (Reuters)
ពលករចំណាកស្រុកនៅឥណ្ឌាចាំរថយន្តក្រុងត្រលប់ទៅស្រុកកំណើតវិញ ក្រោយរដ្ឋាភិបាលបិទប្រទេសទាំងមូលកាលពីសប្តាហ៍មុន (Reuters)
ដោយ:
​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ជាក់​នៅ​ថ្ងៃទី​១ ខែមេសា​ថា ភ្នាក់ងារ​លោក​, ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) គាំទ្រ​លើ​ការអនុគ្រោះ​បំណុល (Debt relief) ក្នុង​គោលដៅ​ជួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ទប់​ទល់នឹង​ផលវិបាក​សេដ្ឋកិច្ច​និង​សង្គម ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សាកល COVID-19 ។ បន្ថែម​ពីនេះ ប្រមុខ​អង្គការ​អន្តរជាតិ​រូបនេះ ក៏​លើក​កង្វល់​ជុំវិញ​ការ​រាលដាល​យ៉ាង​លឿន​រហ័ស​នៃ COVID-19 នៅ​ទូទាំង​សាកលលោក ដែល​បច្ចុប្បន្ន​ឈានដល់​ប្រទេស​និង​ដែន​អធិបតេយ្យភាព​ចំនួន​២០៥​ហើយ​នោះ​។​

 
«​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន នឹង​ជួប​ការលំបាក​ក្នុងការ​អនុវត្ត​កម្មវិធី​សុខុមាលភាព​សង្គម​នានា នៅ​ចំពោះមុខ​ការផ្ទុះ​រាលដាល​វីរុស​នេះ​»​។ លោក​អគ្គនាយក Tedros Adhanom Ghebreyesus អះអាង​បែបនេះ​នៅ​សន្និសីទ​ព័ត៌មាន​តាម​អន​ឡាញ​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល WHO នៅ​ក្រុង​ហ្សឺ​ណែវ​។ លោក គូសបញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​ប្រទេស​ទាំងនោះ ការអនុគ្រោះ​បំណុល គឺមាន​ចាំបាច់​បំផុត​ដើម្បី​អនុញ្ញាត​ពួកគេ​មើលថែ​ប្រជាជន និង​បង្ការ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​»​។ 
 
​ត្រង់ចំណុច​នេះ លោក Tedros សង្កត់ធ្ងន់ថា នេះ​គឺ​ការស្នើសុំ​ពី​សំណាក់​អង្គការ WHO, ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ឲ្យ​មានការ​អនុគ្រោះ​បំណុល​ផ្ដល់ជូន​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​។ យ៉ាងណាមិញ ប្រមុខ​អង្គការ​អន្តរជាតិ​រូបនេះ លើកឡើងថា ដំណើរការ​នៃ​ការអនុគ្រោះ​បំណុល ទាមទារ​ពេល​យូរ​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Tedros លើកសរសើរ​ផែនការ​ផ្ដល់​សម្ទុះ​សេដ្ឋកិច្ច​ទំហំ​ទឹកប្រាក់​២២,៦​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​បានប្រកាស បន្ទាប់ពី​សម្រេច​បិទ​ប្រទេស​ទាំងមូល​រយៈពេល​២១​ថ្ងៃ​កាលពី​សប្តាហ៍​មុន​។ គោលដៅ​នៃ​ផែនការ​ជំនួយ​សេដ្ឋកិច្ច​នេះ គឺ​ដើម្បី​ផ្ដល់​ចំណីអាហារ​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​ខ្វះខាត​ចំនួន​៨០០​លាន​នាក់​, ប្រគល់​ប្រាក់​ជំនួយ​ជូន​ដល់​ស្ត្រី​ក្រីក្រ​២០៤​លាន​នាក់ និង​ផ្ដល់​ហ្គាស​សម្រាប់​ចម្អិន​អាហារ​ជូន​ដល់​គ្រួសារ​ឥណ្ឌា​ខ្វះខាត​៨០​លាន​គ្រួសារ​សម្រាប់​រយៈពេល​៣​ខែ​ខាងមុខ​។ 
 
​ទន្ទឹមនឹង​ការគាំទ្រ​លើ​ការ​ដោះ​បន្ទុក​បំណុល​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ លោក​អគ្គនាយក Tedros លើកឡើងថា ក្នុង​រយៈពេល​៥​សប្តាហ៍​ចុងក្រោយ វា​មាន​កំណើន​យ៉ាង​លឿន​រហ័ស​នៃ​ករណី​ឆ្លង COVID-19 ហើយ​តួលេខ​អ្នកស្លាប់​ដោយសារ COVID-19 កើនឡើង​ទ្វេដង​ក្នុងពេល​មួយ​សប្តាហ៍​ចុងក្រោយ​។ ដោយ​ផ្អែកលើ​សម្ទុះ​បច្ចុប្បន្ន លោក​ព្យាករ​ថា​៖«​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ យើង​នឹង​ឈានដល់​១​លាន​ករណី​ដែល​បាន​រកឃើញ និង​ស្លាប់​៥​ម៉ឺន​នាក់​ទូទាំង​ពិភពលោក​»​។ 
 
​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន​តួលេខ COVID-19 ករណី​ឆ្លង​COVID-19​សរុប​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​ជាង​៩៣​ម៉ឺន​នាក់ ខណៈ​អ្នកស្លាប់ មាន​៤៧២៦៤​នាក់ ហើយ​អ្នកជា​សះស្បើយ​មាន ជិត​២០​ម៉ឺន​នាក់ គិត​ត្រឹម​រសៀល​ថ្ងៃទី​២ ខែមេសា ៕ 

Tag:
 WHO
  ប្រទេស​កំពុង​អភិវឌ្ឍ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com