សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ជំរុញឲ្យអ្នកបញ្ជាទិញ គោរពតាមលក្ខខណ្ឌនៃកិច្ចសន្យាទិញ ហើយបំពេញកាតព្វកិច្ចខ្លួន ដោយទទួលយកការដឹកទំនិញ និងទូទាត់ប្រាក់សម្រាប់ទំនិញកម្ពុជា ដែលបានផលិតរួចហើយ និងទំនិញ ដែលកំពុងផលិត។
តាមរយៈលិខិតចំហ ជូនចំពោះគ្រប់អ្នកបញ្ជាទិញ ដែលធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ សមាគមរោងចក្រ អះអាងថា ការបន្តទិញនេះ គឺធ្វើឲ្យកម្ពុជា អាចបន្តផ្តល់ការងារដល់កម្មករ-កម្មការិនី៧៥ម៉ឺននាក់ និងមានលទ្ធភាព បើកប្រាក់ឈ្នួលជូនកម្មករ-កម្មរិនី និងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។
សមាគមរោងចក្រ ទទូចដូច្នេះថា៖«សូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ មេត្តារក្សាការទទួលខុសត្រូវ ចំពោះអ្នកផ្គត់ផ្គង់និងកម្មករ ដែលបម្រើការងារក្នុងវិស័យរបស់យើង។ តាមរយៈការរួមគ្នា ប្រាកដណាស់ យើង អាចពុះពារឈ្នះជំងឺឆ្លងរាលដាលជាសាកលនេះ ហើយអាចការពារជីវិតរបស់កម្មករយើង និងគ្រួសាររបស់ពួកគេ ហើយធានាដល់ការរស់រាននៃអាជីវកម្មរបស់យើង»។
សមាគមរោងចក្រ បន្តថា៖«ការរាលដាលជាសាកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យមានចលាចលដល់ជីវិតរស់នៅនិងអាជីវកម្មរបស់យើងទាំងអស់គ្នា។...សូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ ដែលទិញពីកម្ពុជា មេត្តាធ្វើការងារជាមួយយើងទាំអស់គ្នា ដើម្បីអាចដោះស្រាយបញ្ហាលំបាកទាំងនេះបាន»។
សមាគមរោងចក្រ បន្ថែមថា ភាគីទាំងអស់នៅក្នុងចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់សាកល កំពុងរងបន្ទុកដ៏ធ្ងន់ធ្ងរ ដែលបង្កឡើយដោយជំងឺកូវីដ-១៩ តែទោះយ៉ាងណា រោងចក្រផលិត កំពុងប្រតិបត្តិការលើប្រាក់ចំណូលតិចតួច ហើយមានសមត្ថភាពតិចតួចណាស់ ក្នុងការរែកបន្ទុកបែបនេះ បើធៀបនឹងអតិថិជន ដែលជាអ្នកបញ្ជាទិញ។
សមាគមរោងចក្រ សង្កត់ធ្ងន់ថា៖«បន្ទុកផ្ទាល់ ដែលប្រឈមមុខដោយកម្មកររបស់យើង ដែលនៅតែត្រូវការទទួលទានអាហារនិងដោះស្រាយតម្រូវការគ្រួសារ គឺជាបន្ទុកដ៏ក្រៃលែង»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ថា មកដល់ពេលនេះ កម្ពុជាមានរោងចក្រ៩១ហើយ ដែលបានព្យួរការងារ ហើយកម្មករ-កម្មការិនីប្រមាណ៦១៥០០នាក់ ដែលរងការប៉ះពាល់។ លោក អះអាងថា មូលហេតុ ដែលនាំឲ្យរោងចក្រទាំងនោះ ព្យួរការងារ គឺដោយសារតម្រូវការ នៅទីផ្សារនាំចេញ ត្រូវបានកាត់បន្ថយ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី៣១ ខែមីនាថា រោងចក្រភាគច្រើននៅកម្ពុជា ត្រូវបានលុបចោលនិងផ្អាកការផ្គត់ផ្គង់ ដោយសារអ្នកបញ្ជាទិញនៅអឺរ៉ុប អាមេរិក និង កាណាដា ផ្អាកការការទិញ ហើយការផ្អាកការទិញនេះ គឺដោយសារតែពួកគេ កំពុងជួបការលំបាកនឹងការរាលដាលជំងឺកូវីដ-១៩៕