ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
អាជីវកម្ម​ជ្រូក​ខ្វៃ​រដូវ​កាល​ឆេង​ម៉េង​ក៏​ប៉ះពាល់​ដែរ ប៉ុន្តែ​ការ​សែន​ពី​ផ្ទះ​នាំ​ឲ្យ​ឈ្នះ​កូ​វីដ​-១៩
02, Apr 2020 , 5:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដូវ​កាល​សែន​ឆេង​ម៉េង ជា​ពេលដែល​ជ្រូក​ខ្វៃ​ដែលជា​សំណែន​ដ៏​សំខាន់ លក់ដាច់​ខ្លាំង​។ ប៉ុន្តែ​ឆ្នាំនេះ ខុសពី​ឆ្នាំមុន​។ ជ្រូក​ខ្វៃ ដែល​ធ្លា​ប់លក់​សឹង​មិនទាន់ បែរជា​លក់​សឹង​មិន​អស់ ព្រោះ​ពលរដ្ឋ​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិន​ភាគច្រើន មិនបាន​ទៅ​សែន​ផ្នូរ​ដោយផ្ទាល់ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

 
​ជ្រូក​ខ្វៃ ជា​សំណែន​ដ៏​សំខាន់ សម្រាប់​រដូវ​កាល​សែន​ផ្នូរ (​ឆេង​ម៉េង​) របស់​ខ្មែរ​សែស្រឡាយ​ចិន​។ ក៏ប៉ុន្តែ​ឆ្នាំ​២០២០​នេះ ជ្រូក​ខ្វៃ​បែរជា​លក់​មិនសូវ​ដាច់​។ ជំងឺ Covid-19 ជា​មូលហេតុ​ធ​ក្នុង​រឿងនេះ​។ 
 
​លោក ឈុន វិសិដ្ឋ ម្ចាស់​អាជីវកម្ម​ខ្វៃ​ជ្រូក​លក់ នៅ​ខណ្ឌ​ឬ​ស្សី​កែវ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ខ្វៃ​ជ្រូក​របស់លោក​នៅ​រដូវ​សែន​ឆេង​ម៉េង​ឆ្នាំនេះ ថយចុះ​ប្រមាណ​៦០​ភាគរយ​។  លោក ឈុន វិសិដ្ឋ ថា​លោក​ត្រៀម​ខ្វៃ​ជ្រូក​តែ​ប្រមាណ​៣០០​ក្បាល ខណៈ​ឆ្នាំមុន លោក​ខ្វៃ​ជ្រូក ដល់​ទៅ​៧០០​ក្បាល​។ លោក ឈុន វិសិដ្ឋ បញ្ជាក់​ដូច្នេះ​៖«​ឆ្នាំនេះ មាន​អ្នកទិញ​ខ្លះ ក​ម្ម៉​ង់​យើង​ហើយ​គេ​ក៏​លុប​វិញ​ទៅ ដោយសារតែ​គេ​អត់​ហ៊ាន​ចេញទៅ​សែន​នៅ​ខេត្ត ពីព្រោះ​តែ​គេ​ខ្លាច​ជំងឺ​កូ​វីដ​-១៩​ហ្នឹង​»​។ 


ពី​កញ្ញា ស្រីម៉ៅ អាជីវករ​លក់ជ្រូកខ្វៃនៅស្រុកមុខកំពូល ខេត្ត​កណ្តាល
 
​ចំណែក កញ្ញា ស្រី​ម៉ៅ អ្នកលក់​មាន់ ទា ក្រួច និង​ជ្រូក​ខ្វៃ នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ក៏​ពុំ​សូវ​មានការ​ទទួល​ក​ម្ម៉​ង់​ពី​ភ្ញៀវ​ដែរ នៅ​ថ្ងៃ​សែន​ឆេង​ម៉េង​ឆ្នាំនេះ​។ អាជីវករ​រូប ក៏​យល់ថា ការលក់​របស់ខ្លួន​ធ្លាក់ចុះ គឺ​ដោយសារ​ពលរដ្ឋ​ភាគច្រើន មិនបាន​ទៅ​សែន​នៅ​ផ្នូរ​ផ្ទាល់  ដោយ​ខ្លាច​កូ​វីដ​-១៩​ដែរ​។​
 
​បើតាម ស្រី​ម៉ៅ ឆ្នាំនេះ​នាង​ទទួលបាន​កា​រក​ម្ម៉​ង់​តែ​ប្រមាណ​១០០​ក្បាល​ប៉ុណ្ណោះ ថយចុះ​ខ្លាំង បើ​ប្រៀបធៀប​ឆ្នាំមុន ដែលមាន​គេ​ក​ម្ម៉​ង់​ដល់​ទៅជិត​៤០០​ក្បាល​ឯណោះ​។ ដ្បិត​ការលក់ដូរ​របស់ខ្លួន​ថយចុះ ប៉ុន្តែ​អាជីវក​រូបនេះ​មិន​ពិបាក​ចិត្តខ្លាំង​ឡើយ ព្រោះ​ស្រី​ម៉ៅ​យល់ថា ពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ពី​ការការពារ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ កញ្ញា ស្រី​ម៉ៅ​រៀបរាប់​ដូច្នេះ​៖ «​ខ្ញុំ​លក់​ត្រឹមតែ​បរិមាណ​ដែល​យើង​អាចធ្វើ​បាន យើង​ធ្វើ​តែ​ទៅតាម​កា​រក​ម្ម៉​ង់​។ យើង​មិនមែន​ចេះតែធ្វើ​លក់​រាប់ពាន់​ក្បាល​ទេ ហើយ​យើង​ក៏​អត់​សល់ និង​ខាត​ដែរ​។ សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​ស្ថានភាព​បែប​ហ្នឹង យើង​មិនមាន​ថា​អត់​យល់​ទេ ហើយ​មិនមែន​ថា​យើង​មិន​សប្បាយចិត្ត​ដែរ បើ​ពិភពលោក​កំពុងតែ​ជួប​រឿង​អ៊ីចឹង​ដូចគ្នា​»​។​


រូបភាពពី​កញ្ញា ស្រីម៉ៅ អាជីវករ​លក់ជ្រូកខ្វៃនៅស្រុកមុខកំពូល ខេត្ត​កណ្តាល
 
អត្ថបទទាក់ទង
 
​ក្រៅពី​ជំងឺ​កូ​វីដ​-១៩ ស្រី​ម៉ៅ ដែល​ប្រកប​របរ​លក់​ជ្រូក​ខ្វៃ​ប្រមាណ​១០​ឆ្នាំ​មកហើយ​នោះ ឲ្យ​ដឹងថា ជ្រូក​ឆ្នាំនេះ ក៏​ថ្លៃ​ជាង​ឆ្នាំមុន​ដែរ​។ ឆ្នាំមុន​មាន​ជ្រូក​ខ្វៃ​លក់​តម្លៃ​៦០​ម៉ឺន​រៀល តែ​ឆ្នាំនេះ ខ្ទង់​៨០​ម៉ឺន​រៀល ទើប​លក់បាន​។ 
 
​ចំពោះ​តម្លៃ​ជ្រូក​ខ្វែ​ឡើងថ្លៃ​នេះ ត្រូវបាន​លោក ឈុន វិសិដ្ឋ ពន្យល់ថា​ដោយសារ​ឥទ្ធិពល​នៃ​ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ក្នុង​ឆ្នាំ​២០១៩ នៅ​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ជ្រូក​វៀតណាម​មិនអាច​ចេះតែ​នាំ​ចូលមក​ស្រុក​ខ្មែរ​។ «​ការ​នាំចូល​ជ្រូក​ពី​វៀតណាម​បាន​បិទ ហ្នឹង​ក៏​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជ្រូក​ខ្មែរ មានតម្លៃ​ថ្លៃ​។ ជ្រូក​ក្នុងស្រុក ក៏​មិនសូវ​សម្បូរ ហើយក៏​ឡើងថ្លៃ​ទៅទៀត និង​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​រាតត្បាត​ផងដែរ​នោះ ដែល​ធ្វើ​ឲ្យ​លោក​ក៏​ដំឡើងថ្លៃ​ទៅតាម​ហ្នឹង​ដែរ​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ឈុន វិសិដ្ឋ​៕
 


ទិដ្ឋភាពការ​សែន​ឆេងម៉េង


Tag:
 សែន​ឆេង​ម៉េង​
 ​ជ្រូក​ខ្វៃ​
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com