COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​គ្រី​ឃី​ត​ឥណ្ឌា រង​ការរិះគន់​ព្រោះ​គាំទ្រ​មូលនិធិ​ប្រឆាំង COVID-19 នៅ​ប៉ា​គី​ស្ថាន​
02, Apr 2020 , 6:29 pm        
រូបភាព
​កំពូល​កីឡាករ​គ្រី​ឃី​ត (Cricket) ឥណ្ឌា​ពីររូប Yuvraj Singh និង Harbhajan Singh បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ចំពោះ​ការប្រមូល​មូលនិធិ​របស់​អតីត​ប្រធាន​ក្រុម​គ្រី​ឃី​ត​ប៉ា​គី​ស្ថាន Shahid Afridi ដើម្បី​យកទៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ COVID-19​។ ការគាំទ្រ​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​មួម៉ៅ​យ៉ាងខ្លាំង ដ្បិត​ប៉ា​គី​ស្ថាន​ជា​ប្រទេស​សត្រូវ​របស់​ពួកគេ​។​


 
​តាម​អ្វីដែល​យើង​ធ្លាប់​ដឹង ប្រទេស​ទាំងពីរ​គឺជា​សត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា​ជា​យូរ​មកហើយ​។ ហើយ​ការផ្លាស់ប្តូរ​ឥរិយាបទ​របស់​កីឡាករ​ឥណ្ឌា​ទាំងពីរ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ប្រជាជន​ឥណ្ឌា​ផ្សេងទៀត​។​
 
​ការអំពាវនាវ​របស់ Afridi សម្រាប់​ការបរិច្ចាគ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រង​ផលប៉ះពាល់​ដោយ COVID-19 និង​សម្លាប់​មនុស្ស​ជាច្រើន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន បានទទួល​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​កីឡាករ​គ្រី​ឃី​ត​ល្បី​ដទៃទៀត​។​
 
​កីឡាករ Harbhajan របស់​ឥណ្ឌា បាន​ជំរុញ​ឲ្យ​ប្រជាជន​ចូលរួម​តាមរយៈ​សារ​ជា​វីដេអូ​របស់ខ្លួន ដោយ​អំពាវនាវ​ដល់​អ្នកលេង​គ្រី​ឃី​ត​ផ្សេងទៀត​នៃ​ប្រទេស​ទាំងពីរ (​ឥណ្ឌា​-​ប៉ា​គី​ស្ថាន​) បរិច្ចាគ និង​ចែកចាយ​សារ​នេះ​ឲ្យ​បាន​ច្រើន​។​
 
​ដោយឡែក​លោក Yuvraj អតីត​កី​ឡ​ការ​គ្រី​ឃី​ត​ឥណ្ឌា វ័យ​៣៨​ឆ្នាំ បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ដើម្បី​អំពាវនាវ​រក​ថវិកា​ជួយ​ដល់​ការប្រឆាំង COVID-19 នៅ​ទឹកដី​ប៉ា​គី​ស្ថាន​។ «​នេះ​ជា​ពេលវេលា​សាកល្បង​មួយ វា​ដល់​ពេលដែល​ត្រូវ​មើលថែ​គ្នា​ទៅវិញទៅមក​ហើយ​»​។ នេះ​ជា​សំណេរ​របស់ Yuvraj លើ​បណ្តាញ​សង្គម​របស់ខ្លួន​។​
 

 
​ស្របពេល Afridi កំពូល​កីឡាករ​គ្រី​ឃី​ត​ប៉ា​គី​ស្ថាន ថ្លែងអំណរគុណ​ដល់​កីឡាករ​ឥណ្ឌា​ទាំងពីរ មាន​អ្នក​ប្រើ​បណ្តាញ​សង្គម Twitter របស់​ឥណ្ឌា​ជាច្រើន​ប្រតិកម្ម​ដោយ​កំហឹង​ចំពោះ​ការគាំទ្រ​កីឡាករ​ជាស​ត្រូវ និង​ជា​អ្នក​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការដោះស្រាយ​របស់​ឥណ្ឌា​ចំពោះ​ជម្លោះ​នៅ​កា​ស្មៀ​រ​។​
 
​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​មិនបាន​ប្រកួត​គ្នា​ក្នុង​ពាន​កីឡា​គ្រី​ឃី​តតាំង​ពី​ឆ្នាំ ២០១២-២០១៣ ដោយ​សារភាព​តានតឹង​នៅលើ​តំបន់​កា​ស្មៀ​រ ដែលជា​បញ្ហា​ចម្បង​នៃ​សង្គ្រាម​ពីរ​រវាង​ប្រទេសជិតខាង​ទាំងពីរ​ចាប់ពី​ឆ្នាំ ១៩៤៧ មក​។​
 
​ប៉ា​គី​ស្ថាន មាន​ចំនួន​អ្នក​ឆ្លង COVID-19 ជាង​២​ពាន់​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃទី​២ ខែមេសា​នេះ ហើយ​អ្នកស្លាប់​ជិត​៣០​នាក់​។ ដោយឡែក​ឥណ្ឌា មាន​អ្នកស្លាប់​រហូតដល់​ជិត​៦០​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ជិត​២​ពាន់​ករណី​៕

Tag:
 Cricket
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com