COVID-19
ជាតិ
ចិន ប្រាប់​កាសែត​បរទេស​ថា ព្រះមហាក្សត្រ​ខ្មែរ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​ធម្មតា មិនមែន​ដោយសារ​COVID-19​ទេ​
02, Apr 2020 , 10:59 pm        
រូបភាព
រូបពីហ្វេសប៊ុក Royal Du Cambodge
រូបពីហ្វេសប៊ុក Royal Du Cambodge
​ភ្នំពេញ​៖ ព្រះ​កុរ​ណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្ដេចម៉ែ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ប្រទេស​ចិន តាម​ការ​ណាត់ជួប​រប​ស់​ពេទ្យ ហើយ​មិនមែន​ដោយសារ​ជំងឺ​COVID-19​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​។​


 
​ឆ្លើយតប​នឹង​សំនួរ​អ្នកកាសែត​បរទេស ជុំវិញ​ព្រះរាជ​វត្តមាន​ព្រះមហាក្សត្រ​ខ្មែរ ដែល​កំពុង​គង់​ព្យាបាល​ព្រះរាជសុខភាព​នៅ​ចិន អ្នកនាំពាក្យ​ក្រសួងការបរទេស អ្នកស្រី Hua Chunying បាន​បញ្ជាក់ថា​៖«​ដូច​អ្នក​ទាំងអស់គ្នា​ដឹង​ហើយ​ថា សែ​រាជវង្សានុវង្ស​កម្ពុជា គឺមាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជា​ប្រពៃណី​ជាមួយ​ចិន​។ ហើយ​ព្រះអង្គ​តែងតែ​យាង​មក​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ចិន​ជា​ទៀងទាត់​។ ហើយ​ខ្ញុំ​មិនបាន​ដឹង​អ្វី​ច្រើន​ទាក់ទង​នឹង​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ និង​ជំងឺ​COVID-19​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ដឹងថា ព្រះអង្គ​យាង​មក​ពិនិត្យ​ព្រះរាជសុខភាព​ជាធម្មតា​ប៉ុណ្ណោះ​»​។​
 
​ព្រះមហាក្សត្រ និង​សម្ដេចម៉ែ បាន​យាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ចិន កាលពី​ថ្ងៃទី​១ មេសា​។ ព្រះរាជដំណើរ​ពិនិត្យ​សុខភាព​នេះ ស្រប​ពេលដែល​កម្ពុជា កំពុង​រៀបចំ​ច្បាប់​ស្តី​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ខណៈដែល​ជំងឺ​COVID-19 រាតត្បាត​នៅ​កម្ពុជា​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ព្រះមហាក្សត្រ និង​សម្ដេចម៉ែ យាង​ទៅពិនិត្យ​ព្រះរាជសុខភាព នៅ​ប្រទេស​ចិន​នោះ មិនមែន​ដោយសារ​គេចវេស​ពី​ការ​ឡាយព្រះហស្ថលេខា​លើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ឡើយ​។​លោក ផៃ ស៊ី​ផាន ក៏​ស្នើ​ពលរដ្ឋ​កុំឱ្យ​ទាញយក​ព្រះមហាក្សត្រ មក​រិះគន់ និង​វាយតម្លៃ​លើ​ព្រះអង្គ ក្នុង​រឿង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ ដែលនាំឱ្យ​មានទោស និង​ខុសច្បាប់ ទាក់ទង​នឹង​ការប្រមាថ​ព្រះរាជ​ជេ​ស្ដារ​ព្រះមហាក្សត្រ​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ពី​ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ប៉ុន្តែ​មិនបាន​ចែង​ពី​ការគ្រប់គ្រង​ស្ថានភាព​ឡើយ ទើប​តម្រូវឱ្យ​រដ្ឋាភិបាល​សម្រេច​បង្កើត​ច្បាប់ ដើម្បី​ងាយស្រួល​គ្រប់គ្រង​។​បើតាម​សម្ដេច ហ៊ុន សែន ការបង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​ឡើង ដើម្បី​ទុកឱ្យ​មាននៅ​ក្នុង​ដៃ​ប៉ុណ្ណោះ ហើយក៏​មិន​ច្បាស់​ថា នឹងត្រូវ​អនុវត្ត​ភ្លាមៗ​ដែរ បើសិនជា​ស្ថានការណ៍​ជំងឺ​COVID-19 នៅក្នុង​ប្រទេស​មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២ មេសា​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 ចំនួន​១១០​នាក់​ហើយ ខណៈ​អ្នកជា​សះស្បើយ​៣៤​នាក់​៕

Tag:
 COVID-19
  ព្រះមហាក្សត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com