COVID-19
អន្តរជាតិ
COVID-19៖ ឌូ​ទើ​តេ ព្រមាន​បាញ់សម្លាប់​ជន​ណា​បង្កបញ្ហា​ក្នុង​រឹតត្បិត​ការធ្វើដំណើរ​
03, Apr 2020 , 8:29 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Al Jazeera
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ Al Jazeera
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នា​ថ្ងៃទី​១ ខែមេសា បាន​ព្រមាន​ប្រជាពលរដ្ឋ​ហ្វីលីពីន​ថា កងកម្លាំងប្រដាប់អាវុធ នឹងមាន​សិទ្ធិ​បាញ់សម្លាប់​នរណា ដែល​បង្កបញ្ហា​ក្នុងអំឡុងពេល​រឹតត្បិត​ការធ្វើដំណើរ​នៅលើ​កោះ Luzon ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ហ្វីលីពីន​។ ការព្រមាន​របស់លោក​ប្រធានាធិបតី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ហ្វីលីពីន​ទើបតែ​ចាប់​មនុស្ស​ចំនួន ២១​នាក់​រួច​។ 


 
​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍ នា​យប់​ថ្ងៃទី​១ ខែមេសា លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានបញ្ជាក់​ថា​យ៉ាង​ដូច្នេះ​ថា​៖ «​បទបញ្ជា​របស់ខ្ញុំ គឺ​ឲ្យ​ប៉ូលីស និង​យោធា​... ប្រសិនបើ​មាន​បញ្ហា ឬ​ស្ថានភាព​តានតឹង​ណាមួយ​បង្កដោយ​ប្រជាពលរដ្ឋ ហើយ​ជីវិត​អ្នក (​ប៉ូលីស និង​យោធា​) ស្ថិត​លើ​ខ្សែបន្ទាត់​គ្រោះថ្នាក់ អ្នកមាន​សិទ្ធិ​បាញ់​ពួកគេ​សម្លាប់​»​។ 
 
​ការព្រមាន​បែបនេះ​ធ្វើឡើង ក្នុង​កាលៈទេសៈ​ហ្វីលីពីន​កំពុង​បិទ​កោះ Luzon ដើម្បី​ទប់ស្កាត់ COVID-19 នៅក្នុង​ប្រទេស​។ កោះ Luzon​នេះ គឺជា​កោះធំ​មួយ​របស់​ហ្វីលីពីន ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ហ្វីលីពីន ហើយ​ត្រូវបាន​បិទ​តាំងពី​ថ្ងៃទី​១៧ ខែមីនា​មក​ម្លេះ ពោលគឺ​បិទ​ក្រោយ​ទីក្រុង​ម៉ានីល​រយៈពេល​ពីរ​ថ្ងៃ​។ 
 
​ទន្ទឹមគ្នានេះ លោក​ប្រធានាធិបតី​ហ្វីលីពីន​បាន​បន្តទៀតថា ការព្រមាន​នេះ គឺ​សម្រាប់​ពលរដ្ឋ​ហ្វីលីពីន​ទាំងអស់ ដែល​មិន​គោរព​បទបញ្ជា​របស់រ​ដ្ឋា​ភិ​បាល ក្នុង​ការបិទ​ប្រទេស​។ បើតាម​លោក ឌូ​ទើ​តេ ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​គោរព​តាម​ការអនុវត្ត​របស់​រដ្ឋាភិបាល ក្នុងពេល​អាសន្ន​បែបនេះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​នៃ COVID-19 ។ 
 
«​កុំ​បង្កបញ្ហា​ដល់​រដ្ឋាភិបាល​។ កុំ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​។ អ្នក​(​ប្រជាជន​) នឹង​ចាញ់​»​។ លោក​ប្រធានាធិបតី​បាន​និយាយ​បែបនេះ ដោយនិយាយ​លាយ​រវាង​ភាសា​អង់គ្លេស និង​ហ្វីលីពីន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Al Jazeera​។ 
 
​ការព្រមាន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ហ្វីលីពីន បាន​ចាប់ខ្លួន​បាតុករ​ចំនួន ២១​នាក់ ដែល​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់ជំនួយ​ជា​អាហារ​ដល់​ពួកគេ​។ ប៉ុន្តែ​អាជ្ញាធរ​បាន​អះអាង ការធ្វើ​បាតុកម្ម​នា​ក្រុង Qeuzon នេះ គឹ​ខុសច្បាប់ ខណៈពេល​បាតុករ​អះអាងថា ខ្លួន​មិនបាន​ទទួល​ជំនួយ​ស្បៀង និង​ជំនួយ​ផ្សេងៗ ជាច្រើន​ថ្ងៃ​មក ពោលគឺ​ចាប់តាំងពី​ថ្ងៃទី​១៧ ខែមីនា ។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពីនេះ ហ្វីលីពីន​មាន​ករណី COVID-19 សរុប​ចំនួន ២៣១១​ករណី អ្នកស្លាប់​ចំនួន ៩៦​ករណី និង​ជាសះស្បើយ ៥០​ករណី​៕

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com