ជាតិ
វិស័យ​កសិកម្ម​ផ្នែក​វារិ​វប្បកម្ម កើនឡើង​ជាង​៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៩
03, Apr 2020 , 9:19 am        
រូបភាព
រូបភាពពីក្រសួងកសិកម្ម
រូបភាពពីក្រសួងកសិកម្ម
​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ឆ្នាំ​២០២០ វិស័យ​កសិកម្ម​ផ្នែក​វារិ​វប្បកម្ម បន្ត​មានការ​កើនឡើង​៣៣​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៩​។​


 
​សេចក្ដីរាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឲ្យ​ដឹងថា វិស័យ​កសិកម្ម​ផ្នែក​វារិ​វប្បកម្ម​ក្នុង​ឆ្នាំ​២០២០​នេះ បានកំណត់​ផែនការ​ចំនួន​៣៦​ម៉ឺន​តោន​លើ​ការចិញ្ចឹម​ត្រី និង​បង្គា តែត្រឹម​រយៈពេល​២​ខែ ទទួលបាន​ជាង​៣,៣​ម៉ឺន​តោន ដែល​ស្មើនឹង​ជាង​៩​ភាគរយ ហើយ​បាន​កើនឡើង​ជាង​៥,៥​ពាន់​តោន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០២០​។​
 
​ចំណែក​ការចិញ្ចឹម​ក្រពើ ក្រសួង​បានកំណត់​ផែនការ​សម្រាប់​ឆ្នាំ​២០២០ ចំនួន​៣០​ម៉ឺន​ក្បាល ហើយ​ក្នុងនោះ​គិត​ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ ការចិញ្ចឹម​ក្រពើ​ទទួល​បាន​ជាង​២៥​ម៉ឺន​ក្បាល ដែល​ស្មើ​ជាង​៨​ភាគរយ ហើយ​បាន​កើនឡើង​ចំនួន​១៥០​ក្បាល បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​។​
 
​មួយវិញទៀត សម្រាប់​ការ​ភ្ញាស់​កូន​ត្រី​ពូជ ផែនការ​ដែល​បានកំណត់​ក្នុង​ឆ្នាំ​២០២០ គឺ​ចំនួន​២៤០​លាន​កូន ហើយ​គិត​ត្រឹម​រយៈពេល​តែ​២​ខែ​ប៉ុណ្ណោះ ចំនួន​ដែល​ទទួលបាន​គឺ ៣៦,៦​លាន​កូន ដែល​ស្មើ​ជាង​១៥​ភាគរយ ដោយបាន​កើនឡើង​ប្រមាណ​៦០​ម៉ឺន​កូន បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕

© រក្សាសិទ្ធិដោយ thmeythmey.com