COVID-19
អន្តរជាតិ
ការឆ្លង COVID-19 សរុប កើន​លើស​១​លាន​ករណី​នៅ​ជុំវិញ​ពិភពលោក
03, Apr 2020 , 9:08 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​គិត​ត្រឹម​ថ្ងៃទី​២ ខែមេសា ករណី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​កើនឡើង​រហូតដល់​ជាង ១​លាន​ករណី​នៅ​ទូទាំង​ពិភពលោក​។ ប្រទេស ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ គឺ​អាមេរិក និង​បណ្តា​ប្រទេស​អឺរ៉ុប​មួយចំនួន ខណៈ​ចិន​ហាក់​ធូរស្បើយ​បាន​បន្តិច​។


 
​បើតាម​វេ​ប​សាយ Worldometer ករណី COVID-19 សរុប​នៅ​ជុំវិញ​ពិភពលោក បាន​កើន​ដល់ ១០១៤៤៩៩​ករណី​។ ក្នុង​អត្រា​ដ៏​ច្រើន​បែបនេះ អ្នក​ស្លាប់មាន ៥៣១៥៩​ករណី និង​អ្នក​សះស្បើយ​២១២០១៨​ករណី​។ ប្រទេស​ដែលមាន​អ្នក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ច្រើនជាងគេ គឺ​អាមេរិក ដែលមាន​ករណី​សរុប​រហូតដល់​ជាង ២៤​ម៉ឺន​ករណី និង​អ្នកស្លាប់​ជាង ៦​ពាន់​ករណី​។ គ្រាន់តែ​ថ្ងៃទី​២ ខែមេសា អាមេរិក​រកឃើញ​អ្នក​ឆ្លង​រហូតដល់​ជិត ៣​ម៉ឺន​ករណី និង​អ្នកស្លាប់​ជិត ១​ពាន់​ករណី​ឯណោះ​។ 
 
​ចំណែក​អ៊ីតាលី និង​អេ​ស្ប៉ា​ញ​ឈរ​នៅ​លំដាប់​បន្ទាប់ ដែលមាន​តួលេខ​COVID-19 សរុប​ជាង​១០​ម៉ឺន​ករណី និង​មាន​អ្នកស្លាប់​ជាង ១​ម៉ឺន​ដូចគ្នា​។ ឈរ​នៅ​លំដាប់​ទី​៤ អាល្លឺម៉ង់ ក៏​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ COVID-19 ដែរ ដោយមាន​ករណី COVID-19 សរុប​រហូតដល់ ៨៤០០០​ករណី និង​អ្នកស្លាប់​ជាង ១​ពាន់​ករណី​។ សម្រាប់​បារាំង​វិញ​អ្នក​ឆ្លង​មាន​ជិត ៦​ម៉ឺន​ករណី​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ស្លាប់មាន​ច្រើន​ករណី​រហូតដល់​ជាង ៥​ពាន់​នាក់​។​
 
​ដោយឡែក​នៅ​ប្រទេស​ចិន​វិញ ហាក់ដូចជា​ធូរស្បើយ​បន្តិច​ព្រោះ​មាន​ករណី​សរុប ជាង​៨​ម៉ឺន​ករណី​ពិតមែន ប៉ុន្តែ​អ្នកស្លាប់​មានតែ​ជាង ៣​ពាន់​ករណី​ប៉ុណ្ណោះ អ្នកជា​សះស្បើយ​វិញ​មាន​រហូតដល់ ៧៦០០០​ករណី​។ 
 
​សូមបញ្ជាក់ថា បើតាម​របាយការណ៍រ​បស់​អង្គការ​សុខភាព​ពិភពលោក (WHO) COVID-19 បាន​រីក​សាយភាយ​ទៅ​ប្រទេស និង​ដែនដី​ចំនួន ២០៥ គិត​មក​ត្រឹម​ថ្ងៃទី​២ ខែមេសា​នេះ​៕  

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com