COVID-19
ជាតិ
COVID-19៖ ទារកបារាំង​៤ខែ​សះស្បើយ និង​ឆ្លង៤ករណីទៀត មាន​បារាំង៣នាក់ និងម៉ាឡេស៊ីម្នាក់
03, Apr 2020 , 9:08 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​សុខាភិបាល នា​ថ្ងៃនេះ​ បាន​ប្រកាសពី​ករណី​សះស្បើយពី COVID-19 ​១ករណី​ដែលជាទារកបារាំងអាយុ​៤ខែ និង​ករណីឆ្លង៤ទៀត មាន​បារាំង​៣នាក់ និងម៉ាឡេស៊ី១នាក់។ មកដល់ពេលនេះ អ្នក​សះស្បើយ​សរុប​ឡើង​ដល់​៣៥​នាក់ និង​អ្នក​ជំងឺ​ឡើង​ដល់​១១៤នាក់។



ករណីសះស្បើយ គឺជាទារក​បារាំងអាយុ​៤ខែ​ ដែល​ត្រូវបានព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារជាតិ ហើយ​ជាកូន​ប្រុស​របស់បុរសបារាំង ដែលទើប​សះស្បើយ​ផងដែរ។ បច្ចុប្បន្ន នៅ​តែម្តាយទារក​ប៉ុណ្ណោះ ដែលនៅ​លទ្ធផល​វិជ្ជមាន។ គាត់បាន​ឆ្លងដោយសារតែសម្រេច​ចិត្ត​នៅមើល​ថែរក្សា​កូន​របស់ខ្លួន។

រីឯក​រណី​៤​ថ្មី​នោះ គឺ​មាន​បុរស​​បារាំងអាយុ​៦៧ឆ្នាំ និង​ស្ត្រី​បារាំងអាយុ៦៧​ឆ្នាំ ដែលជាអ្នកទេសចរបារាំង ក្នុង​ចំណោម​៣០នាក់ ដែល​ភាគច្រើនមាន​ COVID-19។ ពួកគាត់​ត្រូវបាន​ដាក់​ឲ្យនៅព្យាបាល​នៅ សណ្ឋាគារមួយ​ក្នុងខេត្តព្រះសីហនុ។ ដោយឡែក​ស្ត្រី​បារាំង​៥៩​ឆ្នាំ ស្ថិតក្នុងចំណោម​ក្រុមទេសចរ៤នាក់ ផ្សេងពី​ក្រុមខាង​លើ ហើយសម្រាកព្យាបាលនៅសណ្ឋាគារក្នុងខេត្តព្រះសីហនុ​ផងដែរ។

ករណីទី៤នោះ គឺបុរសម៉ាឡេស៊ីអាយុ​៤០​ឆ្នាំ ដែលជាអ្នក​ដំណើរ​ស្នាក់នៅ​បណ្តោះអាសន្ន​នៅឃុំពាមជីកង ស្រុកកងមាស ខេត្ត​កំពង់ចាម។ បុរសនោះស្ថិតក្នុងចំណោម​ក្រុម​ដែល​មក​ធ្វើ​ការ​ងារ​សាសនា​៨នាក់ ដោយ​៧នាក់​ឡើងមុន ក៏មាន​វិជ្ជមាន​ COVID-19 រួចទៅហើយ។

គិត​ត្រឹម​ថ្ងៃ​ទី៣ ខែ​មេសា នេះ កម្ពុជាមាន​អ្នកជំងឺ COVID-19 ឡើង​ដល់​១១៤ករណី ក្នុងនោះ​៣៥នាក់ ដែលស្មើនឹង​៣០,៧ភាគរយ បានសះស្បើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com