COVID-19
ជាតិ
សង្គមជាតិ
កន្លែងហាត់ប្រាណនៅទូទាំងប្រទេស ត្រូវបិទបណ្តោះអាសន្ន
03, Apr 2020 , 10:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យបិទអាជីវកម្មក្លិបហាត់ប្រាណនៅទូទាំងប្រទេសជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ទៅ រហូតដល់ស្ថានភាពកូវីដ-១៩ បានធូរស្រាលវិញ។ លោករដ្ឋមន្រ្តី បានជូនដំណឹងនេះ ទៅកាន់គ្រប់អភិបាលរាជធានី-ខេត្ត។



លោករដ្ឋមន្រ្តី បានសរសេរក្នុងសេចក្តីជូនដំណឹងនោះថា៖«ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំបានស្នើឲ្យអាជីវកម្មក្លិបហាត់ប្រាណផ្អាកដំណើរការជាបណ្តោះអាសន្ន  ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ស្ថានភាពកូវីដ-១៩ត្រូវបានបញ្ចប់»។

គិតមកដល់ដើមខែមេសានេះ កម្ពុជាបានបិទសាលារៀនទូទាំងប្រទេស ក្លិបកម្សាន្ត ខារ៉ាអូខេ សារមន្ទីរ រោងកុន កាស៊ីណូ បៀហ្គាឌិន និង រមណីយដ្ឋានវត្តភ្នំ ជាដើម ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សកាន់តែច្រើនឡើង។ សរុបមកដល់ថ្ងៃទី៣ ខែមេសា កម្ពុជាមានអ្នកជំងឺដល់ទៅ១១៤ ក្នុងនោះមានអ្នកជាសះស្បើយចំនួន៣៥នាក់៕

Tag:
 ក្រសួងអប់រំ
 ក្លិបហាត់ប្រាណ
© រក្សាសិទ្ធិដោយ thmeythmey.com