COVID-19
អន្តរជាតិ
ធនាគារពិភពលោក ឲ្យ​កម្ពុជា​២០​លាន​ដុល្លារ​ក្នុង​គម្រោង​ពង្រឹងសមត្ថភាព​ប្រឆាំង COVID-19
03, Apr 2020 , 11:59 am        
រូបភាព
ប្រធានធនាគារពិភពលោក David Malpass (AFP)
ប្រធានធនាគារពិភពលោក David Malpass (AFP)
ដោយ:
​ធន​គារ​ពិភពលោក (WB) នៅ​ថ្ងៃទី​២ ខែមេសា បាន​បញ្ជាក់ថា ខ្លួន​បានអនុម័ត​មូលនិធិ​សម្រាប់​គ្រាអាសន្ន​ទំហំ​ទឹកប្រាក់ ១,៩​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រតិបត្តិ​ការឆ្លើយតប​ជំងឺ​រាតត្បាត​សាកល COVID-19 ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន​២៥​។ ក្នុងចំណោម​ប្រទេស​ទាំងនោះ ប្រទេស កម្ពុជា នឹង​ទទួលបាន​ឥណទាន​២០​លាន​ដុល្លារ​សម្រាប់​គម្រោង​ឆ្លើយតប​គ្រាអាសន្ន COVID-19 ​។

 
​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​២ ខែមេសា អ្នកស្រី Inguna Dobraja អ្នកចាត់ការ​របស់​ធ​នាគារ​ប្រចាំ​កម្ពុជា អះអាងថា ការផ្តល់​ហិរញ្ញវត្ថុ​នេះ នឹង​ជួយ​កម្ពុជា​ទប់ទល់​គ្រាអាសន្ន​សុខភាព​សាកល​
​ដោយ​ការបង្កើត​ទីតាំង​ព្យាបាល COVID-19 និង​ស្តុក​ទុក​បរិក្ខារ​ពេទ្យ​ចាំបាច់​បំផុត​, កាត់បន្ថយ​ការរីក​រាលដាល​ការឆ្លង​, ពង្រឹងសមត្ថភាព​ឆ្លើយតប​ជំងឺ​រាតត្បាត​សាកល​នេះ ព្រមទាំង​បង្រួញ​ពេលវេលា​ស្រោចស្រង់​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​។ 
 
​អ្នកស្រី Dobraja សង្កត់ធ្ងន់ថា លុយ​២០​លាន​ដុល្លារ នឹង​ជួយ​សាងសង់​មជ្ឈមណ្ឌល​ព្យាបាល​, ទីតាំង​ដាក់​នៅ​ដោយឡែក និង​បន្ទប់​ពិសោធ​ក្នុង​មន្ទីរពេទ្យ​ឬ​បង្អែក​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​ទាំង​២៥ ព្រមទាំង​បំពាក់​បរិក្ខារ​ពេទ្យ និង​ឧបករណ៍​ធ្វើតេស្ត​ចាំបាច់​សម្រាប់​ពួកគេ​ផងដែរ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយ ប្រធាន​ធនាគារពិភពលោក David Malpass គូសបញ្ជាក់ថា ស្ថាប័ន​លោក បានដាក់​ចេញ​សកម្មភាព​យ៉ាង​ប្រញាប់​ដើម្បី​ពង្រឹងសមត្ថភាព​ឆ្លើយតប​នឹង COVID-19 របស់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ និង​បង្រួញ​ពេល​ស្រោចស្រង់​សេដ្ឋកិច្ច​និង​សង្គម​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​បណ្ដា​ប្រទេស​ក្រីក្រ​និង​ងាយ​រងគ្រោះ​បំផុត ទំនងជា​នឹងរង​ផលប៉ះពាល់​ខ្លាំង​បំផុត​»​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Malpass លើកឡើងថា លោក​មាន​ទំនុកចិត្ត​ថា ធនាគារពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អាច​ជំរុញ​ឲ្យ​ម្ចាស់បំណុល​អនុញ្ញាត​ឲ្យ​បណ្ដា​ប្រទេស​ក្រីក្រ​ផ្អាក​ការបង់ថ្លៃ​សេវា​បំណុល​សម្រាប់​រយៈ​១៤​ខែ ដែល​ចាប់ផ្ដើម​នា​ដើមខែ ឧសភា ខាងមុខ​។ ត្រង់នេះ លោក​អះអាងថា លោក​ជឿជាក់ថា បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ២០ (G20) ស្ទើរ​ទាំងអស់ នឹង​គាំទ្រ​កម្មវិធី​អនុគ្រោះ​បំណុល​បែបនេះ​។ 
 
​ឥណ្ឌា ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​លំដាប់ថ្នាក់​ទី​៣​ក្នុង​តំបន់​អាស៊ី នឹង​ទទួលបាន​ចំណែក​ច្រើនជាងគេ​ពី​មូលនិធិ​សម្រាប់​គ្រាអាសន្ន COVID-19 នេះ​។ ធនាគារពិភពលោក បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ ដោយ​បន្ថែមថា លុយ​១​ពាន់​លាន​ដុល្លារ នឹង​ផ្ដល់​ទៅកាន់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​គោលដៅ​គាំទ្រ​ក្នុង​ប្រតិបត្តិការ​ទប់ទល់ COVID-19 ដូចជា ចំណាយ​លើ​បរិក្ខារ​ពេទ្យ និង​បង្កើត​កន្លែង​សម្រាក​ព្យាបាល​សម្រាប់​អ្នកជំងឺ​ជាដើម​។ 
 
​មូលនិធិ​ដែល​អនុម័ត​នេះ ក៏បាន​រាប់បញ្ចូល លុយ​២០០​លាន​ដុល្លារ​សម្រាប់​ប្រទេស​ប៉ា​គី​ស្ថាន​, ១២៩​លាន​ដុល្លារ​សម្រាប់​ស្រីលង្ការ​, ១០០​លាន​ដុល្លារ​សម្រាប់​អា​ហ្វា​ហ្គា​នី​ស្ថាន និង​៨២,៦​លាន​ដុល្លារ​សម្រាប់​អេ​ត្យូ​ពី​។ នេះ​បើតាម​ការបញ្ជាក់​របស់​ធនាគារពិភពលោក ដោយ​បន្ថែមទៀតថា អា​ហ្ស​ង់​ទីន​, កម្ពុជា​, សាធារណរដ្ឋ​ប្រជា​⁠​ធិបតេយ្យ​កុង​ហ្គោ​, ហៃ​ទី , កេ​ន​យ៉ា និង​យេ​ម៉ែន ក្នុងចំណោម​ប្រទេស​ដទៃទៀត នឹង​ទទួល​បរិមាណ​តិចតួច​ជាង​។ 
 
​បន្ថែម​ពីនេះ ធនាគារពិភពលោក បញ្ជាក់ទៀតថា ខ្លួន​ត្រៀមលក្ខណៈ​ចំណាយ​រហូតដល់ ១៦០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ១៥​ខែ ក្នុង​គោលដៅ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សាកល COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ​។ ធនាគារពិភពលោក ក៏​ប្រកាស​ឆ្លើយតប​នឹង​ការបង្អាក់​សង្វាក់​ផលិតកម្ម​សាកល ដោយ​ការជួយជ្រោមជ្រែង​ដល់​បណ្ដា​ប្រទេស​ដែល​ត្រូវការ​បន្ទាន់​នូវ​សម្ភារ​ពេទ្យ​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន និង​កន្លែង​ផ្សេងទៀត​៕

Tag:
 ធនាគារពិភពលោក​
  COVID-19
  ប្រទេស​ក្រីក្រ​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com