COVID-19
អន្តរជាតិ
COVID-19៖ លោក ត្រាំ សម្រេច​ប្រើ​ច្បាប់​ផលិតកម្ម​ការពារជាតិ ដើម្បី​ជំរុញ​ការផលិត​បរិក្ខារ​ពេទ្យ​
03, Apr 2020 , 2:06 pm        
រូបភាព
បរិក្ខាជំនួយដង្ហើម-AFP
បរិក្ខាជំនួយដង្ហើម-AFP
ដោយ:
លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃទី​២ ខែមេសា បានសម្រេច​ប្រើ​ច្បាប់​ផលិតកម្ម​ការពារជាតិ (Defense Production Act) ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ដែល​ផលិត​បរិក្ខា​ជំនួយ​ដង្ហើម​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 ឲ្យ​ទទួលបាន​ការផ្គត់ផ្គង់​សម្ភារៈ​ផលិត​ចាំបាច់​។ នេះ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters​។ 



​ក្នុង​លិខិត​ដែល​ផ្សព្វផ្សាយ​ដោយ​សេត​វិមាន ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន បង្គាប់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​សេវា​មនុស្ស ប្រើប្រាស់​អំណាច​ដែលមាន​ក្នុង​ការជួយ​សម្របសម្រួល​ការផ្គត់ផ្គង់​សម្ភារ​ផលិត​ទៅកាន់​ក្រុមហ៊ុន​ផលិត​បរិក្ខា​ជំនួយ​ដង្ហើម​ចំនួន ៦ គឺ General Electric, Hill-Rom Holdings Medtronic Resmed Royal Philips និង Vyaire Medical​។

​តាំងតែ​ពី​ដើម​មក សមាជិកសភា​អាមេរិក បានទាមទារ​ឲ្យ​ប្រធានាធិបតី​ត្រាំ ប្រើ​ច្បាប់​នេះ​ដើម្បី បញ្ចប់ ឫ​យ៉ាងហោចណាស់​ជួយ​ក្នុង​បញ្ហា​កង្វះខាត​បរិក្ខា​ជំនួយ​ដង្ហើម ព្រោះ​ជំងឺ COVID-19 ជា​ជំងឺ​ផ្លូវដង្ហើម ដែល​ឆ្លង​យ៉ាង​រហ័ស និង​ទាមទារ​ឲ្យ​មាន​បរិក្ខា​ខាងលើ​បន្ថែមចំនួន​រាប់រយ​ក្នុង​មួយថ្ងៃ​។​ចំណែកឯ មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនាញ​សុខាភិបាល​ប៉ាន់​ស្មានថា សហរដ្ឋអាមេរិក​ត្រូវការ​បរិក្ខា​ជំនួយ​ដង្ហើម​រាប់ម៉ឺន​។

«​ខ្ញុំ​សូម​សម្តែង​នូវ​ការដឹងគុណ ចំពោះ​ផលិតករ​ក្នុងស្រុក​ដែល​ព​ន្លឿ​ន​ការផលិត​ក្នុង​គ្រា​លំបាក​នេះ​»​។ នេះ​ជាការ​លើកឡើង​បស់​លោក​ប្រធានាធិបតី ត្រាំ ដោយ​បន្ថែមទៀតថា បញ្ជា​ថ្ងៃនេះ នឹង​ជួយ​ជីវិត​មនុស្ស ដោយ​លើកចោល​នូវ​ឧបសគ្គ​ទាំងឡាយ​ក្នុង​សង្វាក់​ផលិតកម្ម ដែល​រារាំង​ការផលិត​បរិក្ខា​ជំនួយ​ដង្ហើម​នេះ​ឲ្យ​បាន​ឆាប់​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៨ ខែមីនា សប្តាហ៍​មុន ប្រធានាធិបតី ត្រាំ បាន​ប្រើ​អំណាច​ក្នុង​គ្រោះអាសន្ន បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត General Motors ទៅ​ផលិត​បរិក្ខា​ជំនួយ​ដង្ហើម​វិញ​។​


​យោងតាម​គេហទំព័រ worldometers.info ចំនួន​អ្នក​ឆ្លង​នៅ​សហរដ្ឋ​អាម​រិ​កមាន​២៤៥,០០០​ករណី ស្លាប់​ចំនួន ៦,៧០៥​ករណី និង​ជាសះស្បើយ​ចំនួន ១០,៤០៣​ករណី​។ ខណៈ​កាលពី​ថ្ងៃទី​២ មេសា ចំនួន​អ្នក​ឆ្លង​នៅ​ទូទាំង​ពិភពលោក​កើន​លើស ១​លាន​នាក់​ហើយ នេះ​តាម​តួលេខ​របស់​សាកលវិទ្យាល័យ Johns Hopkins៕






© រក្សាសិទ្ធិដោយ thmeythmey.com