COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA៖ បាល់ទាត់​នឹង​ខុស​ពីមុន​ទាំងស្រុង ក្រោយ​វិបត្តិ COVID-19
03, Apr 2020 , 2:37 pm        
រូបភាព
​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) នៅ​ថ្ងៃទី​២ ខែមេសា លើកឡើងថា កីឡាបាល់ទាត់​នឹងមាន​ភាពខុសប្លែក​ទាំង​ស្រុង​នៅពេល​ត្រឡប់​ចូល​ការប្រកួត​វិញ បន្ទាប់ពី​ជំងឺឆ្លង COVID-19 រលត់​ពី​ផែនដី​ទៅ​។​


 
«​បាល់ទាត់​នឹង​ត្រឡប់មកវិញ ហើយ​នៅពេលនោះ​យើង​នឹង​អបអរសាទរ​ដែល​យើង​បាន​ចេញពី​សុបិន​អាក្រក់​ជាមួយគ្នា​។ មាន​មេរៀន​មួយ​ដែល​អ្នក និង​ខ្ញុំ​ត្រូវតែ​យល់ បាល់ទាត់​ដែល​កើត​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​ជំងឺ​ដ៏​កាច​សាហាវ នឹងមាន​ភាពខុសគ្នា​ទាំងស្រុង ... រាប់បញ្ចូល​ទាំង​សង្គម និង​ការគាំទ្រ​កាន់តែច្រើន ហើយ​ប្រទេស​នីមួយៗ​ជុំវិញ​ពិភពលោក​នឹង​ភ្ជាប់​ទំនាក់ទំនង​គ្នា​កាន់តែ​ល្អ ឯ​ភាព ក្រអឺតក្រទម​កាន់តែ​តិច​ទៅ ខណៈ​ភាព​រាក់ទាក់​កាន់តែ​កើន​ឡើយ​»​។ លោក Infantino ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​អ៊ីតាលី ANSA នៅក្នុង​បទ​សម្ភាស​មួយ​។​
 
​ប្រធាន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក​រូបនេះ​បន្ថែមថា អ្វី​គ្រប់យ៉ាង​នឹង​កាន់តែ​ល្អប្រសើរ មនុស្ស​កាន់តែ​មានការ​យល់ដឹង និង​យកចិត្តទុកដាក់​កាន់តែខ្លាំង​ចំពោះ​គុណ​តម្លៃពិត​។​
 
​កាលពី​សប្តាហ៍​មុន​លោក Infantino ក៏​ធ្លាប់បាន​ប្រាប់​កាសែត Gazzetta dello Sport ផងដែរ​ថា នេះ​ជា​ពេលវេលា​ដ៏​ល្អ​ក្នុងការ​បោះជំហាន​ទៅមុខ និង​កែទម្រង់​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​ប្រសើរឡើង ជាពិសេស​បញ្ហា​ធនធាន​ហិរញ្ញវត្ថុ​ដែល​ត្រូវបាន​ក្លិប​ធំៗ​មួយចំនួន​ប្រមូល​ទៅ​។​
 
​បុរស​សញ្ជាតិ​ស្វ៊ី​ស វ័យ​៥០​ឆ្នាំ​រូបនេះ បានស្នើ​ឲ្យ​មានការ​ប្រកួត​តិច​ប៉ុន្តែ​នឹងធ្វើ​ឲ្យ​ទាក់ទាញ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​មុន​។ ចំនួន​កីឡាករ​ក្នុង​ក្រុម​អាច​នឹង​តិចជាង​មុន ប៉ុន្តែ​មាន​តុល្យភាព​។ ការប្រកួត​និង​ចំនួន​កីឡាករ​កាន់តែ​តិច ប៉ុន្តែ​នឹងមាន​ការប្រកួតប្រជែង​កាន់តែខ្លាំង ដើម្បី​ការពារ​សុខភាព​របស់​កីឡាករ​។​
 
​សូមបញ្ជាក់ថា មកទល់ពេលនេះ​ព្រឹត្តិការណ៍​កីឡា​ស្ទើ​ទាំងអស់​ជុំវិញ​ពិភពលោក រួមទាំង​កីឡាបាល់ទាត់​ផង​ត្រូវបាន​ផ្អាក និង​ពន្យារ​ការប្រកួត ដោយសារ​ការរីក​រាល​ដាល​ខ្លាំង​ឡើងៗ​នៃ​ជំងឺ COVID-19៕

Tag:
 COVID-19
  FIFA
  Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com