COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Club Brugge ក្លាយជា​ជើងឯក​លី​គ​បែលហ្ស៊ិក ខណៈ​ប្រកួត​នៅសល់​ត្រូវ​ឆាចោល​
03, Apr 2020 , 8:19 pm        
រូបភាព
Club Brugge ត្រូវបាន​ប្រកាស​ឲ្យ​ក្លាយជា​ជើងឯក​លី​គ​កីឡាបាល់ទាត់​កំពូល​បែលហ្ស៊ិក (BFDA) រដូវ​កាល​នេះ ការប្រកួត​ដែល​នៅ​សេសសល់ ត្រូវ​លុបចោល​ដោយសារ​វិបត្តិ​ជំងឺ​រាតត្បាត COVID-19 ក្តី​។ ដោយឡែក ក្រុម​បាត​តារាង​ត្រូវ​កាត់ចោល​ដូច​ធម្មតា​។​



​ឆ្លងកាត់​ការប្រកួត​២៩​លើក Club Brugge ឈរ​នៅ​កំពូល​តារាង​មាន​៧០​ពិន្ទុ ដោយ​នាំមុខគេ​រហូតដល់​១៥​ពិន្ទុ ខណៈ​នៅសល់​មួយ​ប្រកួត​ទៀត​នៅ​ត្រូវ​បញ្ចប់ ហើយ​ចូល​វគ្គ Play-off ក្នុងចំណោម​ក្រុម​ពី​លេខ​១​ដល់​លេខ​៦​។​
 
​លី​គ BFDA ដែលមាន​១៦​ក្រុម តម្រូវ​ឲ្យ​មានការ​ប្រកួត​គ្នា​ចំនួន​៣០​ប្រកួត​ក្នុង​មួយ​រដូវ​កាល ហើយ​ក្រុម​ដែល​បញ្ចប់​នៅ​លេខ​រៀង​ទៅ​១ ដល់​៦​ក្នុង​តារាង នឹងត្រូវ​លេង​វគ្គ​ជម្រុះ​បន្ត​ដើម្បី​ដណ្តើមយក​ជើងឯក​។​
 
​ដោយសារ​ការរីក​រាល​ដាល​ខ្លាំង​ឡើង​នៃ COVID-19 នៅ​ទូទាំង​ពិភពលោក បែលហ្ស៊ិក​បានប្រកាស​ឲ្យ​លី​គ​គ្រប់​កម្រិត​ពន្យារពេល​ប​ណ្តោះ​អាសន្ន​។ ប៉ុន្តែ ដោយ​ឥទ្ធិពល​ជំងឺឆ្លង​សកល​នេះ​កាន់តែ​ខ្លាំងក្លា​ទៅៗ​ទើប​លី​គស​ម្រេច​ឲ្យ​លុបចោល​ការប្រកួត​ដែល​នៅ​សេះសល់​ទាំងស្រុង​តែម្តង ហើយ​ប្រគល់​ពាន​រដូវ​កាល​នេះ​ទៅ Club Brugge ដែលជា​ក្រុម​កំពូល​តារាង​។​
 
​ការសម្រេចចិត្ត​ខាងលើ ធ្វើឡើង​តាមរយៈ​ក្រុមប្រឹក្សាភិបាល Pro League ដែល​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ក្លិប​ចំនួន ២៤ (​លី​គ​កំពូល​១៦​ក្រុម និង​លី​គ​ទី​២​ចំនួន​៨​ក្រុម​) ក៏បាន​ឲ្យ​ក្រុម​ដែល​នៅ​បាត​តារាង​នៃ​លី​ក​ទីមួយ​ត្រូវ​កាត់ចោល​ដូច​ធម្មតា ហើយ​ក្រុម​លេខ​មួយ​នៅ​លី​គ​ទី​២​ត្រូវ​ឡើងទៅ​លេង​នៅ​លី​គ​លំដាប់​កំពូល​នៅ​រដូវ​កាល​ក្រោយ​៕

Tag:
 COVID-19
  Club Brugge
© រក្សាសិទ្ធិដោយ thmeythmey.com