COVID-19
ជាតិ
វីដេអូ
COVID-19៖ អាណាព្យាបាល​កាន់តែ​រវល់ ព្រោះ​ត្រូវ​តាមដាន​ការសិក្សា​កូន​តាម​អន​ឡាញ​
03, Apr 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​កូ​វីដ​១៩ បានធ្វើ​ឲ្យ​សាលារៀន​រដ្ឋ និង​ឯកជន​នៅ​កម្ពុជា​បិទទ្វា និង​តម្រូវ​ឲ្យ​សិស្ស​មួយចំនួន រៀន​តាម​អន​ឡាញ​។ ទោះ​បីកូន​មិនអាច​ទៅ​រៀន​នៅ​សាលារៀន​ក្ដី តែ​អ្នកស្រី សុខ​នី នៅតែ​រវល់​ជាមួយ​កូន ក្នុងការ​តាមដាន​ក​សិក្សា​របស់​កូន តាម​អន​ឡាញ​។ អ្នកស្រី ហេង សុខ​នី អាណាព្យាបាល​សិស្ស​ដែល​រៀន​តាម​អន​ឡាញ ប្រាប់​ឲ្យ​ដឹងថា ការរៀន​តាម​អន​ឡាញ​នេះ គឺ​ទាមទារ​ឲ្យ​ឪពុកម្ដាយ​ចូលរួម​យ៉ាងខ្លាំង​។​


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី ហេង សុខ​នី អ្នក​ផលិត​កម្មវិធី​វិទ្យុ FM 102 និង​អាណាព្យាបាល​ដែល​មានកូន​សិក្សា​តាម​អន​ឡាញ​ដូចតទៅ​៖ 

 
 
​ស្ថិតនៅ​បន្ទប់ធ្វើការ​របស់​វិទ្យុ FM 102 អ្នកស្រី ហេង សុខ​នី អ្នក​ផលិត​កម្មវិធី​វិទ្យុ FM 102 បាន​យក​កូន​មក​កន្លែងធ្វើការ ពិសេស​កុមារា​តូច​២​នាក់​នេះ កំពុង​អង្គុយ​រៀន​តាម​អន​ឡាញ​។ ក្នុងពេល​ធ្វើការ អ្នកស្រី សុខ​នី បាន​ឆ្លៀតពេល​រៀបចំ​ឲ្យ​កូន​រៀន​តាម​អន​ឡាញ នៅក្នុង​បន្ទប់ធ្វើការ​ជាមួយ​អ្នកស្រី និង​សហការី​ដទៃទៀត​។ 
 
​មិនមែនជា​ការងាយស្រួល​ឡើយ សម្រាប់​អាណាព្យាបាល​ដែលមាន​កូនតូច​។ អ្នកស្រី សុខ​នី ដែលមាន​កូនប្រុស​២​នាក់ ម្នាក់​អាយុ ៦​ឆ្នាំ និង​ម្នាក់ទៀត អាយុ ៤​ឆ្នាំកន្លះ កូនប្រុស​ទាំង​២​របស់​អ្នកស្រី សុទ្ធតែ​បន្ត​រៀន​តាម​អន​ឡាញ ក្រោយ​សាលារៀន​បិទទ្វា ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ អ្នកស្រី ហេង សុខ​នី រៀបរាប់​ពី​ការរៀន​អន​ឡាញ​របស់​កូន​យ៉ាង​ដូច្នេះ​៖ «​មាន​ផល​លំបាក​គួរសម​ដែរ ពេលដែល​រៀន​តាម​អ៊ីនធឺណិត គឺ​ចាំបាច់​ឲ្យ​មាន Wifi ដើម្បី​ភ្ជាប់​ឲ្យ​កូន​ទាក់ទង​ជាមួយ​គ្រូ​បាន​។ ហើយ​យើង​ត្រូវ​មើល និង​ត្រួតពិនិត្យ ថា​តើ​គ្រូ​ដាក់​កិច្ចការ​អ្វីខ្លះ ឲ្យ​កូន​យើង​ធ្វើ​។ បើ​ធម្មតា កូន​ធ្លា​ប់រៀន​ផ្ទាល់ គ្រូ​ប្រាប់​មក​ស្រាប់ តែ​រៀន​នៅតាម​អន​ឡាញ​នេះ ម្ដាយ​ឪពុក ត្រូវ​ជួយ ព្រោះ​វា​ជា​រឿង​សំខាន់ ទាំង​ការទំនាក់ទំនង ពេលវេលា និង​វិន័យ​»​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៣ មេសា​នេះ កម្ពុជា មាន​អ្នក​ផ្ទុក​កូ​វីដ​១៩ ចំនួន ១១៤​ករណី ក្នុងនោះ មាន​អ្នកជា​សះស្បើយ​ចំនួន ៣៥​នាក់​៕ 

Tag:
 COVID19
  អន​ឡាញ​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com