COVID-19
ជាតិ
សុខភាព
​ពេទ្យ​ស្ម័គ្រចិត្ត​ចិន​ជាង​១០​នាក់​ទៀត​ពី​ខេត្ត​យូ​ណាន នឹង​មកជួយ​កម្ពុជា​ទប់ទល់​កូ​វីដ​-១៩
03, Apr 2020 , 9:39 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​កាបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​(​សាំ​)  និង​លោក​វ៉ាង វិ​ន​ធាន​(Wang Wenian) ឯ​អគ្គ​រដ្ឋ​ទូ​ចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ទទួល​ជំនួយ​ក្រោម​ក្របខណ្ឌ​អង្គការ​សង្គម​ស៊ីវិល​សម្រាប់​ការពារ​សុខភាព​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​។​
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​កាបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​(​សាំ​) និង​លោក​វ៉ាង វិ​ន​ធាន​(Wang Wenian) ឯ​អគ្គ​រដ្ឋ​ទូ​ចិន​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ទទួល​ជំនួយ​ក្រោម​ក្របខណ្ឌ​អង្គការ​សង្គម​ស៊ីវិល​សម្រាប់​ការពារ​សុខភាព​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​។​
​ភ្នំពេញ​៖   គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន​១៣​នាក់​ទៀត​របស់​ចិន នឹង​មក​កម្ពុជា ដើម្បី​ជួយ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩(COVID-19)​ក្នុង​រយៈពេល​១៥​ថ្ងៃ​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយបាន​បញ្ជាក់ថា​ក្រុមគ្រូពេទ្យ​ស័​គ្ម្រ​ចិត្ត​ទាំងនោះ នឹង​មកដល់​កម្ពុជា​ឆាប់ៗ​(​ខែមេសា ឆ្នាំ​២០២០) ដោយ​ធ្វើដំណើរ​តាម​រថយន្ត​ចេញពី​ខេត្ត​យូ​ណាន ប្រទេស​ចិន ចូល​កម្ពុជា​តាម​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង​។



​បើតាម​លោក ប្រាក់ សុខុន គ្រូពេទ្យ​នោះមក​កម្ពុជា​តាមរយៈ​អង្គការ​សង្គ្រោះ​មេឃ​ពណ៌​ខៀវ​(Blue Sky Rescue Organization)​។ ក្រៅពី​បញ្ជូន​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ដែលមាន​បទពិសោធន៍​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩ អង្គការ​របស់​ចិន​មួយ​នោះ ក៏​ផ្តល់នូវ​បរិក្ខា​ពេទ្យ និង​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែលមាន​តម្លៃ​សរុប​ជាង​១៤​ម៉ឺន​ដុល្លារ ផងដែរ​។ 
 
​ក្នុង​ពិធី​ទទួល​ជំនួយ​របស់​ចិន​ដែលជា​បរិក្ខា​ពេទ្យ​សម្រាប់​ការពារ​ពី​មេរោគ​កូ​វីដ​-១៩ មានតម្លៃ​ជិត​១៦​ម៉ឺន​ដុល្លារ ផ្តល់ជូន​កម្ពុជា​តាមរ​យៈ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣​មីនា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រីការបរទេស​រូបនេះ បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ដែល​បាន​ជួយ​កម្ពុជា ក្នុងការ​ប្រឹងប្រែង​ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​។ 
 
​លោក  កឹម​រ័ត្ន វិ​សិទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល បាន​លើកឡើងថា បរិក្ខា​ពេទ្យ​សម្រាប់​ការពារ​មេរោគ​កូ​វីដ​-១៩ ដែល​ចិន​ផ្តល់​ឲ្យ​កម្ពុជា​នោះ​មាន ម៉ាស់​ពេទ្យ​ចំនួន​១,៥​លាន​សន្លឹក  ម៉ាស់​3D ៥​ម៉ឺន​សន្លឹក​,  អាវ​ពេទ្យ​សម្រាប់​ការពារ​មេរោគ​ជិត​៨​ពាន់​ឈុត និង​ថ្នាំបុរាណ​ចិន​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចំនួន​៨៤០​កញ្ចប់ ដែលមាន​តម្លៃ​សរុប​ចំនួន ១,១៣១,៤០០​យ័ន​(​ប្រមាណ ១៥,៩​ម៉ឺន​ដុល្លារ​)​។​


ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​មេរោគ​កូ​វីដ​-១៩ តម្លៃ​ជិត​១៦​ម៉ឺន​ដុល្លារ​ដែល​ចិន​ផ្តល់​ឲ្យ​កម្ពុជា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​៣​មីនា ឆ្នាំ​២០២០​។ 
 
​លោក​បាន​អះអាងថា សម្ភារ​នៃ​បរិក្ខា​ពេទ្យ​សម្រាប់​ការពារ​មេរោគ​កូ​វីដ​-១៩ នេះ នឹង​ផ្តល់ជូន​បន្តទៅ​បណ្តា​ខេត្ត​ឬ​មូលដ្ឋាន​ណា​ដែល​ខ្វះខាត និង​មាន​ត​ម្រូ​ការចាំបាច់​។  ជាមួយនឹង​គ្នា​នេះ លោក កឹម​រ័ត្ន វិ​សិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) ថា គ្រូពេទ្យ​ស្ម័គ្រ​ចិន​ទាំង​១៣​នាក់​ខាងលើ មក​នឹង​កម្ពុជា​នៅក្នុង​ចន្លោះ​ខែមេសា ឆ្នាំ​២០២០ ដោយ​លោក​បាន​និយាយ​ដូច្នេះ​៖«​យើង​មិនទាន់​ដឹង​ច្បាស់លាស់​ថា គ្រូពេទ្យ​ចិន​ទាំងនោះ​ចាកចេញ​ពី​ប្រទេស​ខ្លួន​មក​កម្ពុជា​នៅ​ថ្ងៃ​ណា​ទេ​! ហើយក៏​មិនទាន់​ដឹងថា​ពួកគាត់​ចូល​មកដល់​កម្ពុជា​ថ្ងៃ​ណា​ដែរ​។ ប៉ុន្តែ យើង​ច្បាស់​ណាស់​ថា​ពេទ្យ​ទាំងនោះ​នឹង​មក​កម្ពុជា​ក្នុង​រយៈពេល​១៥​ថ្ងៃ ហើយ​ពួកគាត់​នឹង​ដល់​កម្ពុជា​ឆាប់ៗ ក្នុង​ខែមេសា នេះ​»​។ 
 
​សូម​រម្លឹកថា កន្លងមក​ចិន​បាន​បញ្ជូន​គ្រូពេទ្យ​១១​នាក់ ដែលមាន​ជំនាញ​និង​បទពិសោធន៍​នឹង​ប្រយុទ្ធ​នឹង​មេរោគ​កូ​វីដ​-១៩ មក​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល និង​ជួយ​ព្យាបាល​អ្នកជំងឺ​ដោយសារ​មេរោគ​នេះ​។ ក្នុងចំណោម​គ្រូពេទ្យ​ទាំង​១១​នាក់​នោះ មាន​៧​នាក់​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៣​មីនា  និង​គ្រូពេទ្យ​ឯកទេស​យោធា​ចិន​៤​នាក់​(​ស្ត្រី​ម្នាក់​) មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៤​មីនា ឆ្នាំ​២០២០​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣​មេសា  កម្ពុជា​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​-១៩ ចំនួន​១១៤​ករណី ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣ ក្នុងនោះ មាន​អ្នកជា​សះស្បើយ​ចំនួន​៣៥​នាក់​៕ 

 

Tag:
 COVID-19
  គ្រូពេទ្យ​ស្ម័គ្រចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com