COVID-19
អន្តរជាតិ
COVID-19៖ សិង្ហបុរី ប្រកាសបិទកន្លែងធ្វើការមិនចាំបាច់ និងសាលារៀន នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងសារទៅកាន់ប្រជាជន។
× នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី៣ ខែមេសា បានប្រកាសវិធានការថ្មី និងតឹងរ៉ឹងថែមទៀតដើម្បីទប់ស្កាត់ការរាលដាលជំងឺ COVID-19 ក្នុងប្រទេស។ ចាប់ពីសប្ដាហ៍ក្រោយទៅ កន្លែងធ្វើការមិនចាំបាច់ ត្រូវបិទទ្វារទាំងអស់ ហើយសាលារៀនក៏បិទទ្វារដូចគ្នាដែរដោយសិស្សគ្រប់កម្រិតត្រូវរៀនតាមផ្ទះរៀងៗខ្លួន។ វិធានការគម្លាតសង្គម នឹងត្រូវអនុវត្តដដែល សំដៅកាត់បន្ថយការឆ្លងក្នុងស្រុកដែលកើនឡើងយ៉ាងឆាប់រហ័សនៅសិង្ហបុរី។
គិតត្រឹមថ្ងៃទី៣ ខែមេសា ករណីឆ្លង COVID-19 នៅសិង្ហបុរី កើនលើសមួយពាន់នាក់ ដោយក្នុងនោះ ករណីឆ្លងក្នុងស្រុក និងការឆ្លងដែលមិនមានប្រភពច្បាស់លាស់ បានកើនឡើងយ៉ាងរហ័សនៅប៉ុន្មានថ្ងៃមកនេះ។ ដើម្បីទប់ស្កាត់ការរាលដាល និងជាវិធានការមុនរឿងមិនល្អកើតឡើងថែមទៀត រដ្ឋាភិបាលសិង្ហបុរី បានដាក់ចេញចំណាត់ការបន្ថែមទៀត ដោយមិនរង់ចាំដល់ករណីឆ្លងឡើងកាន់តែខ្លាំងនៅសប្ដាហ៍ខាងមុខឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់ប្រជាជន នាយករដ្ឋមន្ត្រី លី សៀនឡុង ប្រកាសបិទកន្លែងធ្វើការដែលមិនចាំបាច់ទាំងអស់នៅទូទាំងប្រទេស លើកលែងអាជីវកម្មចាំបាច់ និងក្រុមហ៊ុនសំខាន់ក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះ ដោយអនុវត្តពីថ្ងៃទី៧ ខែមេសាទៅ។ អាជីវកម្មដែលអាចដំណើរការបានមាន សេវាកម្មចំណីអាហារ ទីផ្សារនានា គ្លីនិក មន្ទីរពេទ្យ សេវាដឹកជញ្ជូន និងសេវាកម្មធនាគារសំខាន់ៗ។
«យើងមិនអាចបង្អាក់វិស័យសេដ្ឋកិច្ចដែលជាចំណុចយុទ្ធសាស្ត្រ ឬជាផ្នែកមួយនៃចង្វាក់ផលិតកម្មពិភពលោកបានឡើយ។» នេះជាការបញ្ជាក់របស់់លោក លី ពាក់ព័ន្ធការអនុញ្ញាតឲ្យការិយាល័យធ្វើការខ្លះបន្តការងាររបស់ខ្លួននោះ។ លោកបន្តថា អ្នកធ្វើការក្នុងផ្នែកទាំងនេះ អាចបន្តទៅធ្វើការ ដោយបន្តអនុវត្តតាមវិធានគម្លាតសង្គម ហើយការិយាល័យភាគច្រើន ត្រូវតែបិទ ប៉ុន្តែអ្នកដែលអាចធ្វើការពីផ្ទះបាន គួរតែធ្វើបែបនោះ។
ទោះជាយ៉ាងណា លោក លី ទទួលស្គាល់ដែរថា ក៏មានអ្នកដែលមិនអាចធ្វើតាមបម្រាមថ្មីនេះដែររាប់ទាំងកម្មករបរទេសដែលធ្វើការនៅតាមការដ្ឋានអាគារ ឬកប៉ាល់ជាដើម។ ដោយសារភាគច្រើននៃកម្មករទាំងនេះ ស្នាក់នៅអាគាររួមគ្នា នាយករដ្ឋមន្ត្រីសិង្ហបុរីអះអាងថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហានេះ។
ជាមួយគ្នានោះ សិង្ហបុរី នឹងអនុវត្តការសិក្សាតាមផ្ទះពីថ្ងៃទី៨ ខែមេសា។ លោក លី និយាយបែបនេះក្នុងសេចក្ដីថ្លែងការណ៍ដដែល។ សិស្សនៅគ្រប់គម្រិតទាំងអស់ ត្រូវរៀនពីផ្ទះរបស់ពួកគេ។ សាលាមត្តេយ្យ និងថ្នាក់ថែទាំងកុមារ ត្រូវបិទដូចគ្នា ប៉ុន្តែអាចផ្ដល់សេវាកម្មខ្លះសម្រាប់ឪពុកម្ដាយដែលមិនអាចមើលថែកូនៗរបស់ពួកគេ។
ក្នុងវិធានការថ្មីនេះ លោក លី ពន្យល់ទៀត រដ្ឋាភិបាល នឹងរឹតបន្តឹងការដើរហើរ និងការជួបជុំរបស់ប្រជាជន។ ត្រង់នេះ លោកលើកឡើងថា ប្រជាជនគួរតែនៅផ្ទះឲ្យបានគ្រប់ពេលដែលអាចធ្វើបាន ចៀសវាងជួបអ្នកផ្សេងក្រៅពីសមាជិកគ្រួសារ ហើយអាចជួបជុំក្នុងបរិវេណផ្ទះរៀងៗខ្លួន។ ការចេញក្រៅផ្ទះ គួរធ្វើឡើងក្នុងគោលដៅចាំបាច់ដូចជាការទៅធ្វើការ ឬទិញសម្ភារនិងអាហារ ឬហាត់ប្រាណបានហើយ៕
Tag:
សិង្ហបុរី
COVID-19
លី សៀនឡុង
© រក្សាសិទ្ធិដោយ thmeythmey.com