COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Maradona ប្រាប់​ឲ្យ​ក្លិប​កាត់​ប្រាក់ខែ អំឡុង​វិបត្តិ COVID-19
03, Apr 2020 , 5:29 pm        
រូបភាព
​វីរបុរស​បាល់ទាត់​អា​ហ្ស​ង់​ទីន​លោក Diego Maradona បានស្នើ​សុំ​កាត់​ប្រាក់​ឈ្នួល​របស់ខ្លួន ដើម្បី​ជួយ​ក្លិប Gimnasia La Plata ក្នុងអំឡុងពេល​មាន​វិបត្តិ​ដោយសារ COVID-19​។ នេះ​បើតាម​ការអះអាង​របស់​ប្រធាន​ក្លិប Gimnasia LP លោក Gabriel Pellegrino​។​


 
​លី​គ​កីឡាបាល់ទាត់​កំពូល​អា​ហ្ស​ង់​ទីន​ត្រូវបាន​ផ្អាក​ដោយ​គ្មាន​កំណត់ បន្ទាប់ពី​ជំងឺ​រាតត្បាត​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) រីក​រាលដាល់​ខ្លាំង​រហូត​បង្ក​ឲ្យ​មានការ​ភ័យក្លាច​ដល់​សុខភាព​កីឡាករ និង​អ្នកពាក់ព័ន្ធ​។ ប៉ុន្តែ​ការផ្អាក​នេះ នឹង​នាំ​ហានិភ័យ​ខ្ពស់​ដល់​សេដ្ឋកិច្ច​របស់​ក្លិប​។​
 
Maradona ដែល​នៅសល់​រយៈពេល​៤​ខែ​ទៀត​ក្នុង​កិច្ចសន្យា​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក​របស់ La Plata បានដាក់​សំណើ​កាត់​ប្រាក់​ឈ្នួល​ខ្លួន​ទៅកាន់​មន្ត្រី​ក្លិប​តាមរយៈ​ក្រុម​អ្នកគ្រប់គ្រង​របស់លោក​នៅ​ថ្ងៃទី​២ ខែមេសា​។​
 
«​តាមរយៈ​ជំនួយការ​របស់គាត់​យើង​បានទទួល​សំណើ​នោះ​ហើយ​។ គាត់ [Maradona] បានសរសេរថា បើ​ចាំបាច់​កាត់បន្ថយ​ប្រាក់ចំណូល​គាត់ គាត់​សុខចិត្ត​ធ្វើ​វា​។ ដោយនិយាយ​ពី​ចំនួន​អ្នក​ដែល​មិនសូវ​ខ្វល់​ពី​លុយ ផ្ទុយទៅវិញ Maradona អាចជួយ Gimnasia LP តាមរយៈ​ស្ថានភាព​ដ៏​លំបាក​នេះ​។ ប្រធាន​ក្លិប Gimnasia LP លោក Pellegrino បាន​ប្រាប់​កាសែត​អា​ហ្ស​ង់​ទីន Cielo Sports បែបនេះ​។​
 
​សំណើ​របស់ Maradona បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មិត្ត​រួម​ជាតិ​របស់លោក គឺ​ខ្សែប្រយុទ្ធ Lionel Messi បាន​បបួល​មិត្ត​រួម​ក្រុម FC Barcelona ទាំងអស់​កាត់បន្ថយ​ប្រាក់​ឈ្នួល​ចំនួន ៧០ ភាគរយ ដើម្បី​ធានា​សម្រាប់​បុគ្គលិក​ក្លិប​ទាំងអស់​ទទួល​ប្រាក់​ឈ្នួល​ពេល​លេញ​អំឡុងពេល​មាន​វិបត្តិ​នេះ​។​
 
​មុន​ការផ្អាក​លី​គ Gimnasia LP ស្ថិតនៅ​លេខ​រៀង​ទី​១៩ ក្នុង​តារាង​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​ក្នុងចំណោម​២៤​ក្រុម ដែលជា​ទីតាំង​ត្រូវ​ប្រជែង​ដើម្បី​គេចផុត​ពី​ការ​កាត់ចោល​នៅ​រដូវ​កាល​ក្រោយ​។ លោក Pellegrino អះអាងថា​មន្ត្រី​ក្លិប​មិនទាន់បាន​ពិភាក្សា​ជាមួយ Maradona វ័យ​៥៩​ឆ្នាំ អំពី​ការបន្ត​កិច្ចសន្យា​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃទី ២២ ខែសីហា ខាងមុខ​នេះឡើយ​។​
 
​រហូតមកទល់​ពេលនេះ​មាន​កីឡាករ​ដែល​ប្រកប​អាជីព​ក្នុង​លី​គ​កំពូលៗ​ដូចជា Atletico Madrid, Bayern Munich, Borussia Dortmund និង Juventus ជាដើម​សុទ្ធតែ​យល់ព្រម​ទូទាត់​ប្រាក់​ឈ្នួល​ជួយ​ក្លិប​របស់​ពួកគេ​រៀងខ្លួន អំឡុងពេល​វិបត្តិ COVID-19 នេះ​៕

Tag:
 Gimnasia La Plata
  Diego Maradona
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com