COVID-19
អន្តរជាតិ
អូស្ត្រាលី បដិសេធ​នាវា​ទេសចរណ៍​ជាច្រើន​គ្រឿង​ចូល​ចត​កំពង់ផែ​របស់ខ្លួន​
03, Apr 2020 , 10:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អូស្ត្រាលី នា​ថ្ងៃទី​៣ ខែមេសា នៅតែ​បន្ត​បដិសេធ​មិន​ឲ្យ​នាវា​ទេសចរណ៍​ជាច្រើន​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​របស់ខ្លួន​។ ការបដិសេធ​នេះ ធ្វើឡើង​ដើម្បី​ការពារ​ការរីក​សាយ​ភាព​នៃ​អ្នក​ផ្ទុក​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ពី​នាវា​ចូលទៅក្នុង​ប្រទេស​។ ការណ៍​នេះ  ត្រូវបាន​គេ​មើលឃើញថា គឺជា​ទង្វើ​អសីលធម៌ និង​មិន​គោរព​ច្បាប់​អន្តរជាតិ​។


 
​ចាប់តាំងពី​ផ្ទុះ COVID-19 មក នាវា​ទេសចរណ៍​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​ជឿថា បាន​ចូល​មកដល់​ដែនទឹក​អូស្ត្រាលី ក្នុងនោះ​មាន​បុគ្គលិក​នាវា​រហូតដល់​ទៅ​ប្រមាណ ១៥០០០​នាក់ ហើយ​នាវា​ខ្លះទៀត ត្រូវគេ​គិតថា មាន​ផ្ទុក​អ្នកជំងឺ COVID-19​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ស្នងការ​កងកម្លាំង​ព្រំដែន​អូស្ត្រាលី លោក Michael Outram បាន​ប្រាប់​ព័ត៌មាន​ក្នុងស្រុក​យ៉ាង​ដូច្នេះ​ថា​៖ « យើង​ធ្លាប់​ជូនដំណឹង​ដល់​នាវា​ទេសចរណ៍​ទាំងអស់​រួចហើយ​ថា ឲ្យ​ចាក់​ចេញពី​ដែនទឹក​អូស្ត្រាលី​។ ប្រសិនជា​ដល់ពេល នាវា​ទេសចរណ៍​ទាំងនោះ នឹង​ត្រលប់​ទៅ​ប្រទេស​ចុះបញ្ជី​វិញ​»​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នាវា​ទេសចរណ៍​ទាំងនោះ ភាគច្រើន គឺជា​នាវា​ទេសចរណ៍ ដែល​ចុះបញ្ជី​នៅ​ប្រទេស​ប៉ា​ណា​ម៉ា បា​ហា​ម៉ា និង​លី​បេ​រី​យ៉ា ដែល​ត្រូវបាន​គេ​ជឿថា​បានធ្វើ​តេស្ត​រក COVID-19 លើ​អ្នកដំណើរ​មិនបាន​គ្រប់គ្រាន់ ឬ​អាចមាន​អ្នក​ផ្ទុក COVID-19 ជាច្រើន​នាក់ នៅក្នុង​នាវា​ទាំងនោះ​។ ដោយសារតែ​បារម្ភ​ថា​អាចមាន​អ្នកដំណើរ​ផ្ទុក​COVID-19 បែបនេះ ប្រទេស​មួយចំនួន​រួមទាំង​អូស្ត្រាលី​ផង បាន​បដិសេធ​មិន​ទទួល​នាវា​ទេសចរណ៍​ជា​បន្តបន្ទាប់​។ ការណ៍​នេះ បាន​បង្ក​ឲ្យ​នាវា​ជាច្រើន​គ្រឿង​គ្មាន​កន្លែង​ចូល​ចត​។ 
 
​បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ អូស្ត្រាលី​មិន​ប្រថុយ​ជាមួយ​បញ្ហា​នេះ​ទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ផ្ទុក COVID-19 នៅ​អូស្ត្រាលី​កាន់តែ​កាន់​ឡើង ខណៈ​អ្នកជំងឺ​នៅក្នុង​ប្រទេស​កំពុងតែ​ច្រើន​ស្រាប់ ពោលគឺ​រហូតដល់​ជាង ៥​ពាន់​ករណី​។ នាពេល​កន្លងទៅ អូស្ត្រាលី​បានអនុញ្ញាត​ឲ្យ​អ្នកដំណើរ នៃ​នាវា​ទេសចរណ៍ Ruby Princess ចុះ​ចេញពី​នាវា​ចូល​អូស្ត្រាលី​ម្តង​ហើយ​។ ក្នុងចំណោម ២៧០០​នាក់ អ្នកដំណើរ​នាវា​ច្រើនជាង ៣០០​នាក់​មាន​ផ្ទុក COVID-19​។ បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​។ 
 
​តាម​ការពន្យល់​របស់​សាស្ត្រាចារ្យ​ច្បាប់​នៃ​សកល​វិទ្យាល័យ New South Wales អូស្ត្រាលី​អាចធ្វើ​ខុស​នឹង​អនុសញ្ញា​អន្តរជាតិ ប៉ុន្តែ​រដ្ឋ​មួយ​នេះ ក៏​អាច​ដោះសារ​បានដែរ​។ បើតាម​លោកស្រី Natalie Klein អូស្ត្រាលី មិន​គោរព​តាម​អនុសញ្ញា​ការងារ​លើ​ដែនសមុទ្រ (Maritime Labour Convention) ព្រោះ​មិន​ទទួល​ព្យាបាល​កង​នាវិក​របស់​នាវា​។ យ៉ាងណាក៏ដោយ អូស្ត្រាលី ក៏បាន​បដិសេធ​នាវា​ទាំងនោះ​បានដែរ ដោយសារ COVID-19 ជា​ជំងឺឆ្លង​សកល និង​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​៕

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com