COVID-19
ជាតិ
តើ​កម្មករ​អាច​ទទួល​បាន​ប្រាក់ខែ​៦០​ភាគរយ​ទេ ក្រោយ​ព្យួរការងារ​?
03, Apr 2020 , 5:41 pm        
រូបភាព
កម្មកររោងចក្រ
កម្មកររោងចក្រ
​ភ្នំពេញ​៖ ត្រឹម​ដើមខែ​មេសា​នេះ រោងចក្រ​ដែល​ព្យួរការងារ​មាន​ជាង​៩០​រោងចក្រ ដោយសារ​គ្មាន​ការបញ្ជាទិញ ខណៈ​ជំងឺ​COVID-19 កំពុង​រាតត្បាត​ពិភពលោក​។ ការព្យួរ​ការងារ​នេះ បាន​ប៉ះពាល់​កម្មករ​-​កម្ម​ការ​នី​ប្រមាណ​ជាង​៦,១​ម៉ឺន​នាក់ ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ កម្មករ​ដែល​រង​ផលប៉ះពាល់ ដោយសារ​រោងចក្រ​ព្យួរការងារ នឹង​ទទួលបាន​ប្រាក់ខែ​៦០​ភាគរយ នៃ​ប្រាក់ខែ​គោល​១៩០​ដុល្លារ​?


 
​មុនពេល​រោងចក្រ​នៅ​កម្ពុជា ចាប់ផ្ដើម​ព្យួរការងារ​ជា​បន្តបន្ទាប់ ដោយសារ​ខ្វះ​វត្ថុធាតុដើម និង​គ្មាន​អ្នកបញ្ជា​ទិញ ដោយសារ​ជំងឺ​COVID-19 នោះ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ចេញ​វិធានការ​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​កម្មករ​ជាច្រើន​ចំណុច​រួមមាន ម្ចាស់​ផ្ទះជួល​ត្រូវ​ពន្យា​ពេល​បង់ថ្លៃ​ផ្ទះ ឬ​បញ្ចុះ​ថ្លៃ​ជួល​, ធនាគារ​ត្រូវ​ពន្យា​ពេល​សង ឬ​ចុះ​ថ្លៃបង់​ជាដើម​។ ជាពិសេស​វិធាន​ការផ្ដល់​ប្រាក់ខែ​ដល់ក​ម្មករ​៦០​ភាគរយ នៃ​ប្រាក់ខែ​គោល ដោយ​ភាគី​រោងចក្រ​ត្រូវ​ផ្ដល់​៤០​ភាគរយ ហើយ​រដ្ឋាភិបាល​រួមចំណែក​២០​ភាគរយ ដែល​ស្មើ​ប្រមាណ​ជា​៣៨​ដុល្លារ សម្រាប់​កម្មករ​១​នាក់​។​
 
​តើ​កម្មករ​អាច​ទទួល​បាន​ប្រាក់ខែ​៦០​ភាគរយ​ទេ ក្រោយ​ព្យួរការងារ​? 
 
​ខណៈដែល​តម្រូវ​ការបញ្ជា​ទិញ​ពី​ទីផ្សារ​អឺរ៉ុប និង​អាមេរិក ថមថយ​ខ្លាំង​នោះ ថៅកែ​រោងចក្រ ក៏​ទំនងជា​ពិបាក​ផ្ដល់​ប្រាក់ខែ​៤០​ភាគរយ​ឱ្យ​កម្មករ តាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល​ដែរ​។ លោក អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​បញ្ជាក់ថា កាលពី​ខែកុម្ភៈ​កន្លងមក ថៅកែ​រោងចក្រ​អាច​បើក​ប្រាក់ខែ​៤០​ភាគរយ ឱ្យ​កម្មករ ប៉ុន្តែ​ពេលនេះ ពួកគេ​ពុំមាន​លទ្ធភាព បន្ត​ផ្តល់ប្រាក់​៤០​ភាគរយ​ឱ្យ​កម្មករ​-​កម្មការិនី ទៀតឡើយ​ដោយសារតែ​អ្នកបញ្ជា​ទិញ លុបចោល​កិច្ចសន្យា​ទិញ​-​លក់​សិន ព្រោះតែ​ការ​រាតត្បាត​នៃ​ជំងឺ​COVID-19 ។ លោក អាត ធន់ ដែល​ទើបនឹង​ទទួលបាន​ព័ត៌មាន​នេះ​ពី​ភាគី​រោងចក្រ ស្នើឱ្យ​រដ្ឋាភិបាល និង​និយោជក បន្ត​រក​វិធី​ដោះស្រាយ​ឱ្យ​កម្មករ ដែល​រងគ្រោះ​ដោយសារ​ការព្យួរ​ការងា​រ​នេះ​។​
 
​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ហេង សួរ ស្នើឱ្យ​ភាគី​ខាង​រោង​និយោជក ចរចា​គ្នា​ផ្ទាល់​ជាមួយ​កម្មករ​រោងចក្រ លើ​ការបើកប្រាក់​៤០​ភាគរយ​នេះ ខណៈ​រដ្ឋាភិបាល​ជួយផ្ដល់​២០​ភាគរយ​នៃ​ប្រាក់​គោល​កម្មករ​ហើយ​។​
 
​នៅពេល​សារព័ត៌មាន​ថ្មីៗ សួរថា បើ​ចរចា​ហើយ តែ​ខាង​និយោជក​នៅតែ​អះអាង​គ្មាន​លទ្ធភាព​ផ្ដល់ឱ្យ​កម្មករ​៤០​ភាគរយ​នោះ តើ​ខាង​ក្រសួង​នឹងមាន​វិធី​ដោះស្រាយ​យ៉ាងណា ដើម្បី​ជួយ​កម្មករ​? លោក ហេង សួរ មិនបាន​ឆ្លើយ​ឱ្យចំ​សំនួរ​ឡើយ​។ តាមរយៈ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ បាន​ត្រឹម​បញ្ជាក់ថា​៖«​រដ្ឋាភិបាល​ជួយ ៣៨​ដុល្លារ​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​រដ្ឋ​អន្តរាគមន៍​ផ្តល់ សាច់ប្រាក់​ដល់ក​ម្មករ​ក្នុងអំឡុងពេល​ព្យួរ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ឡើយ នៅ​ថ្ងៃទី​៣ មេសា​នេះ ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​បញ្ហាលំបាក​របស់​ថៅកែ​រោងចក្រ ដែល​ត្រូវ​ផ្ដល់​ប្រាក់ខែ​៤០​ភាគរយ​ឱ្យ​កម្មករ​នេះ​។​
 
​តែ​យ៉ាងណា​អគ្គលេខាធិការរង នៃ​សមាគម​និយោជក រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) លោក កាំ​ង ម៉ូ​នី​កា ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​៣១ មីនា​ថា ខាង​GMAC និង​រដ្ឋាភិបាល​កំពុង​ពិភាក្សាគ្នា​លើ​ករណីនេះ​។ លោក កាំ​ង ម៉ូ​នី​កា ក៏​មិនទាន់​ដឹង​ច្បាស់​ថា កម្មករ​នឹង​ទទួលបាន​ប្រាក់ខែ​៦០​ភាគរយ​នោះទេ​។​
 
​បើ​ភាគី​រោងចក្រ​មិន​បើក​ប្រាក់ខែ​៤០​ភាគរយ​ឱ្យ​កម្មករ​នោះទេ ខាង​សហជីព​នឹង​បន្ត​ការតវ៉ា​ទាមទារ ដើម្បី​ជួយ​សម្រួល​ទុក្ខលំបាក​កម្មករ​ដែល​អ​ត់​ការងារ​ធ្វើ ព្រោះ​រោងចក្រ​ព្យួរការងារ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាត់ ធន ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​បន្ថែមថា ថវិកា​២០​ភាគរយ​របស់​រដ្ឋាភិបាល ក៏​មិនទាន់​ឃើញ​ដល់ដៃ​កម្មករ​ដែរ​។​
 
​ទាក់ទង​ថវិកា​២០​ភាគរយ​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កំពុង​ដំណើការ​និង​រក​វិធី​ដោះស្រាយ​ជូន​កម្មករ​ហើយ ។ ក្រសួង​ក៏ត្រូវ​ការសហការ​ពី​កម្មករ​ផ្ទាល់​ផងដែរ​។ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ករណីនេះ ក្រសួង​កំពុង​ព្យាយាម​ទាក់ទង​ជាមួយ​កម្មករ​។ ជាក់ស្ដែង ប្រសិនបើ​កម្មករ​ទៅផ្ទះ ត្រូវធ្វើ​យ៉ាង​អាចទាក់ទង​កម្មករ​ឱ្យ​ត្រលប់​មកវិញ​បាន ខិតខំ​ប្រមូល​ទូរ​សព្ទ​ដើម្បី​ផ្ទេរ​លុយ ឬ​ទាក់ទង​ព័ត៌មាន​មួយចំនួន​ពី​កម្មករ​ផងដែរ​»​។​
 
​កាលពី​ថ្ងៃទី​២ មេសា សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ទិញ ហើយ​បំពេញ​កាតព្វកិច្ច​ខ្លួន ដោយ​ទទួលយក​ការដឹក​ទំនិញ និង​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​កម្ពុជា ដែល​បាន​ផលិត​រួចហើយ និង​ទំនិញ​ដែល​កំពុង​ផលិត​។ តាមរយៈ​លិខិត​ចំហ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា អះអាងថា ការបន្ត​ទិញ​នេះ គឺ​ធ្វើ​ឲ្យ​កម្ពុជា​អាច​បន្ត​ផ្តល់​ការងារ​ដល់ក​ម្មករ​-​កម្មការិនី​៧៥​ម៉ឺន​នាក់ និង​មានលទ្ធភាព បើកប្រាក់​ឈ្នួល​ជូន​កម្មករ​-​កម្ម​រិ​នី និង​ធានា​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​។ គិត​ត្រឹម​ថ្ងៃទី​២ មេសា នៅ​កម្ពុជា មាន​រោងចក្រ​៩១​ហើយ ដែល​បាន​ព្យួរការងារ ហើយ​កម្មករ​-​កម្មការិនី​ដល់​ទៅ​ប្រមាណ​៦១៥០០​នាក់ ដែល​រង​ការប៉ះពាល់​៕
 
អត្ថបទទាក់ទង
 
 

Tag:
 ព្យួរការងារ​
  រោងចក្រ​
  កម្មករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com