COVID-19
អន្តរជាតិ
ជប៉ុន គ្រោងផ្ដល់លុយ២៨០០ដុល្លារឲ្យគ្រួសាររងគ្រោះដោយសារ COVID-19 លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Kyodo)
× នាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ និងបក្សកាន់អំណាចលោក បានយល់ព្រមនៅថ្ងៃទី៣ ខែមេសាថា រដ្ឋាភិបាលនឹងផ្ដល់ជូនប្រាក់ ២៨០០ដុល្លារដល់គ្រួសារជប៉ុនរងគ្រោះដោយសារការបាត់បង់ចំណូលព្រោះជំងឺរាតត្បាតសាកល COVID-19 ។ ប្រធានផ្នែកគោលនយោបាយរបស់បក្សកាន់អំណាច (LDP) លោក Fumio Kishida បានទម្លាយការព្រមព្រៀងគ្នានេះទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបជាមួយលោក អាបេ។
ពលរដ្ឋជប៉ុនប្រមាណ១០លានគ្រួសារ ក្នុងចំណោម៥៨លានគ្រួសារ រំពឹងថា នឹងមានសិទ្ធិសម្រាប់កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភ។ នេះបើតាមប្រភពពីមន្ត្រីជប៉ុនដឹងពីរឿងនេះ ដែលដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Kyodo។ ប្រភពរដ្ឋាភិបាលជប៉ុនដដែលនេះ បន្ថែមថា កម្មវិធីផ្ដល់ប្រាក់២៨០០ដុល្លារដល់ពលរដ្ឋនេះ គឺជាសសរស្ដម្ភចម្បងមួយក្នុង «កញ្ចប់សេដ្ឋកិច្ចអាសន្ន» ដែលរដ្ឋាភិបាលគ្រោងដាក់ចេញនាថ្ងៃដើមសប្តាហ៍ក្រោយ។
ប្រាប់នៅសន្និសីទព័ត៌មានមួយ រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន Yasutoshi Nishimura លើកឡើងថា ការផ្ដល់ជូនសាច់ប្រាក់សុទ្ធនេះ នឹងត្រូវតែសម្រាប់គ្រួសារដែលប្រឈមការលំបាកតែប៉ុណ្ណោះ។ ចំណែកមន្ត្រី, អ្នកនយោបាយ និងប្រធានក្រុមហ៊ុនធំៗ ដែលពុំសូវមានផលប៉ះពាល់ដោយសារការរីករាលដាល COVID-19 នឹងពុំត្រូវរាប់បញ្ចូលក្នុងកម្មវិធីនេះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលជប៉ុន នឹងដាក់ចេញព័ត៌មានលម្អិតជុំវិញកម្មវិធីជំនួយនេះ ដូចជា កម្រិតនៃការបាត់បង់ប្រាក់ចំណូល ដែលនឹងផ្ដល់សិទ្ធិដល់គ្រួសារជប៉ុនមានឈ្មោះក្នុងកម្មវិធីនេះ និងរបៀបដែលពួកគេដាក់ពាក្យសុំជាដើម។
ទាក់ទិនរឿងនេះ លោកនាយករដ្ឋមន្ត្រី អាបេ បានបញ្ជាក់ថា រដ្ឋាភិបាលលោក នឹងប្រគល់ប្រាក់នេះឆាប់ៗតាមដែលអាចធ្វើបាន ហើយពុំមែនតែសម្រាប់គ្រួសារជប៉ុនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលខាតប្រាក់ចំណូលពួកគេផងដែរ។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា កញ្ចប់ថវិកាដោះស្រាយវិបត្តិ COVID-19 នឹងមានទំហំលើស ៥២៥ពាន់លានដុល្លារឯណោះ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ៣ ខែមេសា ប្រទេស ជប៉ុន មានករណីឆ្លងCOVID-19សរុប ២៦១៧ករណី ក្នុងនោះជាសះស្បើយ៤៧២នាក់។ អ្នកស្លាប់ដោយសារជំងឺនេះមានចំនួន៦៣នាក់ ខណៈ៦០ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ នេះបើតាមវេបសាយ worldometers.info ដែលតាមដានតួលេខ COVID-19 នៅទូទាំងពិភពលោក៕
Tag:
ជប៉ុន
ស៊ីនហ្សូ អាបេ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com