ហេតុអ្វី​បានជា​រុក្ខជាតិ​ភាគច្រើន មាន​ពណ៌​បៃតង​?
អន្តរជាតិ
ហេតុអ្វី​បានជា​រុក្ខជាតិ​ភាគច្រើន មាន​ពណ៌​បៃតង​?
04, Apr 2020 , 8:59 am        
រូបភាព
​វា​ជា​រឿង​ធម្មជាតិ​មួយ ដែល​រុក្ខជាតិ​ភាគច្រើន មាន​ពណ៌​បៃតង​។ តាំងពី​កូន​រុក្ខជាតិ​តូចៗ ដែល​មនុស្ស​យកមក​ធ្វើជា​អាហារ រហូត​ទៅដល់​ព្រៃ​ប្រឹក្សា​ធំៗ ពណ៌​បៃតង​ភាគច្រើន គឺ​តំណាង​ឲ្យ​រុក្ខជាតិ និង​ភាព​រស់រានមានជីវិត​។ តើ​មូល​ហេតុអ្វី បានជា​រុក្ខជាតិ​ភាគច្រើន មាន​ពណ៌​បៃតង​? ហេតុអ្វី​បានជា​ពេលខ្លះ ស្លឹកឈើ​ផ្លាស់ប្តូរ​ពណ៌​?

 
​រុក្ខជាតិ​ជា​ភាវៈរស់ មិន​ខុសគ្នា​ពី​សត្វមានជីវិត​ដទៃ​នោះទេ​។ រុក្ខជាតិ ទាមទារ​ការផលិត​ថាមពល ដើម្បី​ការរស់នៅ​។ ដើម្បី​ផលិត​ថាមពល​ទាំងនេះ​ឡើង រុក្ខជាតិ​ផ្ទុក​នូវ​សារ​ធាតុគីមី​ម្យ៉ាង​ហៅថា «​ក្លរ៉ូភីល​» ឬ Chlorophyll ជា​ភាសា​អង់គ្លេស​។ ក្លរ៉ូភីល ជា​អ្នក​ប​ម្លែ​ង​ថាមពល ទៅ​ឲ្យ​រុក្ខជាតិ ដោយ​ការប្រើប្រាស់​ពន្លឺព្រះអាទិត្យ ក្រោម​លំនាំ​«​រស្មី​សំយោគ​» ឬ Photosynthesis ។ ក្លរ៉ូភីល​នេះហើយ ដែលជា​សារធាតុ​ធ្វើ​ឲ្យ​រុក្ខជាតិ មាន​ពណ៌​បៃតង មកកាន់​ចក្ខុវិញ្ញាណ​របស់​មនុស្ស​។ ក្លរ៉ូភីល ស្រូបយក​រលក​ពន្លឺ​ពណ៌​ខៀវ និង​ក្រហម នៅក្នុង​តារាង​អេ​ឡិច​ត្រូ​ម៉ាញេ​ទិច និង​ផ្លាត​រលក​ពន្លឺ​ពណ៌​បៃតង ចេញ​ក្រៅ​វិញ​។ ហេតុ​ដូចនេះហើយ ទើប​មនុស្ស​មើល​រុក្ខជាតិ​ថា​មាន​ពណ៌​បៃតង​។ 
 
​ស្លឹក​រុក្ខជាតិ​ប្តូរ​ពណ៌ ដោយសារតែ​ហេតុផល​មួយចំនួន ដូចជា រដូវ​ធម្មជាតិ និង​សុខភាព​នៃ​រុក្ខជាតិ​នោះ​ផ្ទាល់​។ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ត្រជាក់ សារធាតុ​ក្លរ៉ូភីល ត្រូវបាន​បំបែក និង​អនុញ្ញាត​ឲ្យ​សារធាតុ​ផ្សេងៗ នៅក្នុង​ស្លឹក​រុក្ខជាតិ ផ្លាត​ពណ៌​រាង​ត្នោត​ចេញមកក្រៅ​វិញ​។ នៅពេលដែល​រុក្ខជាតិ​ទទួល​ពន្លឺ​តិច ឬ​ច្រើនពេក ពណ៌​បៃតង នៃ​រុក្ខជាតិ ក៏​អាច​ហើរ ឬ​ក្លាយទៅជា​ពណ៌​ត្នោត​ដែរ​។ ករណី​មួយទៀត នៅពេលដែល​រុក្ខជាតិ​មិនបាន​ទទួល​បរិមាណ ឬ​ជីវជាតិ​ក្នុង​ដី​គ្រប់គ្រាន់ នោះ​ស្លឹក​រុក្ខជាតិ ក៏​អាច​ប្រែ​ពណ៌​ផងដែរ​។ 
 
​ស្លឹក​រុក្ខជាតិ​ខ្លះ ដែល​មិនមាន​ពណ៌​បៃតង មិនមែន​មានន័យថា ពួកគេ​មិន​ផ្ទុក​សារធាតុ​ក្លរ៉ូភីល​នោះទេ​។ ពេលខ្លះ សារ​ធាតុគីមី​មួយចំនួន អាច​គ្របដណ្តប់​លើ​ស្រទាប់ របស់​សារធាតុ​ក្លរ៉ូភីល ដែល​ធ្វើ​ឲ្យ​រុក្ខជាតិ​នោះ មាន​ពណ៌​ខុសពី​បៃតង​។ ទោះបីជា​យ៉ាងនេះ​ក្តី រុក្ខជាតិ​ទាំងនោះ ក៏​នៅតែ​ប្រើប្រាស់​សារធាតុ​ក្លរ៉ូភីល ក្នុង​ការផលិត​ថាមពល​ដដែល​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com