COVID-19
ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ផ្អាក​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​ឆ្នាំ​២០២០
04, Apr 2020 , 9:59 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា រូបភាពពីក្រសួងអប់រំ​
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន និងកីឡា រូបភាពពីក្រសួងអប់រំ​
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ បានប្រកាស​ផ្អាក​ការប្រឡង​ជ្រើសរើស​ពូកែ​ទូទាំងប្រទេស ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២០​មេសា ឆ្នាំ​២០២០​នេះ នៅ​វិទ្យាល័យ​នេ​ត​យ៉ង់ ខេត្តបាត់ដំបង ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ នេះ​បើតាម​លិខិត​របស់​ក្រសួង​អប់រំ ដែល​ជម្រាប​ទៅ​ប្រធាន​មន្ទីរអប់រំ​ទូទាំងប្រទេស​នៅ​ថ្ងៃទី​២ មេសា​នេះ​។

 
​នេះ​មិនមែន​កម្មវិធី​ទី​១ ដែល​ត្រូវបាន​ផ្អាក​នោះទេ កន្លងមក​ក្រសួង​បាន​ផ្អាក​កម្មវិធី​មួយចំនួន​ដែល​នាំ​ឲ្យ​មានការ​ជួបជុំគ្នា មានដូចជា​ពន្យារពេល​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ផ្អាក​នីតិវិធី​ក្នុងការ​រៀបចំ​ប្រកាស​ទទួលស្គាល់ និង​ការបង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត គ្រប់​ប្រភេទ ដែល​បានដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ ទៅ​ច្រកចេញចូល​តែមួយ​។ 
 
​ក្រសួង​អប់រំ បានប្រកាស​បិទ​សាលា​រដ្ឋ និង​ឯកជន​ទូទាំង​រាជធានី​ខេត្ត តាំងតែ​ពីថ្ងៃ​ទី​១៦ ខែមីនា​មក និង​បាន​បង្កើត​កម្មវិធី​មួយចំនួន​ដូចជា E-Learning School, E-School Cambodia, BEEP និង Wiki TV ដើម្បី​ឲ្យ​សិស្សានុសិស្ស​សិក្សា​ដោយ​ខ្លួនឯង​នៅផ្ទះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​២ មេសា កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ សរុប​១១០​ករណី ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៤​ករណី​៕

Tag:
 ក្រសួង​អប់រំ​
 ​សិស្ស​ពូកែ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com