COVID-19
អន្តរជាតិ
COVID-19៖ អង់គ្លេសដែលមានអ្នកឆ្លងជិតបួនម៉ឺននាក់ មានអ្នកស្លាប់ច្រើនជាងចិន
× ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅចក្រភពអង់គ្លេស បានឡើងលើសចិនហើយ បន្ទាប់ពីមានអ្នកស្លាប់ប្រចាំថ្ងៃខ្ទង់ពាន់នាក់រួចមក។ គិតត្រឹមថ្ងៃទី៣ ខែមេសា អង់គ្លេសមានអ្នកស្លាប់ចំនួន៣៦០៥នាក់ ខណៈចិនមានអ្នកស្លាប់ចំនួន៣៣២៦នាក់ ប៉ុន្តែករណីឆ្លងនៅអង់គ្លេស មានជិតពាក់កណ្ដាលនៃការឆ្លងនៅចិនប៉ុណ្ណោះ។ ក្រៅពីអង់គ្លេស ប្រទេសតំបន់អឺរ៉ុបខ្លះទៀតដូចជាអ៊ីតាលី បារាំង និងអេស្ប៉ាញនៅតែបានកត់ត្រាអ្នកស្លាប់ច្រើនទៀត។
ចំនួនករណីឆ្លងសរុបរបស់ចក្រភពអង់គ្លេសមាន៣៨១៦៨នាក់ គិតត្រឹមថ្ងៃទី៣ ខែមេសា ស្របពេលនេះនៅចិនវិញមានករណីឆ្លងទាំងអស់៨១៦៣៩នាក់។ ទោះមានអ្នកឆ្លងច្រើន និងជាប្រភពផ្ទុះ COVID-19 មុនគេក្ដី ចិនមានអ្នកស្លាប់តែ៣៣២៦នាក់ប៉ុណ្ណោះ ឯចក្រភពអង់គ្លេសមានដល់ទៅ៣០៦៥នាក់ គិតត្រឹមថ្ងៃដដែល។
នៅអង់គ្លេស អ្នកឆ្លងមិនមែនមានត្រឹមពលរដ្ឋធម្មតាឡើយ នាយករដ្ឋមន្ត្រី បូរីស ចនសុន រជ្ជទាយាទព្រះអង្គម្ចាស់ឆាល និងរដ្ឋមន្ត្រីសុខាភិបាលផងនោះ សុទ្ធតែធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុសប្រភេទថ្មីនេះ។ ដោយឡែកចំនួនអ្នកសះស្បើយវិញ បើតាមវេបសាយ Worldometer ដែលកត់ត្រាទិន្នន័យ COVID-19 នៅទូទាំងពិភពលោក អង់គ្លេសមានករណីសះស្បើយទាំងអស់ចំនួន១៣៥នាក់។
នៅតំបន់អឺរ៉ុបដូចគ្នា អ៊ីតាលី បារាំង និងអេស្ប៉ាញដែលសុទ្ធតែមានករណីស្លាប់ច្រើនជាងចិននោះ ក៏ស្ថានការណ៍នៅតែយ៉ាប់យ៉ឺនដដែល។ អ៊ីតាលី មានករណីឆ្លងសរុបចំនួនជិត១២ម៉ឺននាក់ និងស្លាប់ជិត១ម៉ឺន៥ពាន់នាក់។ បារាំងវិញ មានការឆ្លងទូទាំងប្រទេសចំនួនជាង៦៤៣០០នាក់ ហើយស្លាប់ចំនួន៦៥០៧នាក់។ អេស្ប៉ាញ ក៏មិនខុសពីអ៊ីតាលីប៉ុន្មានដែរ ដោយមានករណីឆ្លងសរុបមានជិត១២ម៉ឺននាក់ និងស្លាប់ជាង១១១០០នាក់។
អាល្លឺម៉ង់ឯណោះ មានអ្នក COVID-19 ចំនួនជាង៩១០០០នាក់ និងស្លាប់១២៧៥នាក់។ ប្រទេសអឺរ៉ុបខ្លះទៀតមានស្វ៊ីស បែលហ្ស៊ិក ហូឡង់ និងអូទ្រីស សុទ្ធតែមានករណីឆ្លងខ្ទង់ម៉ឺននាក់ដូចគ្នា៕
Tag:
អង់គ្លេស
ចិន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com