ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ADB បានព្យាករថាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នឹងធា្លក់នៅត្រឹម២,៣ភាគរយ ដោយសារតែវិបត្តិកូវីដ-១៩(COVID-19) ក្នុងនិងក្រៅប្រទេស។ នេះបើតាម របាយការណ៍សេដ្ឋកិច្ចពិសេសរបស់ADB ដែលចេញផ្សាយនៅថ្ងៃទី៣មេសា ។
លោកស្រី Sunniya Durrani-Jamal នាយិកា ADBប្រចាំកម្ពុជា និយាយថា ក្នុងឆ្នាំ២០២០ វិស័យធំៗដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបានធា្លក់ចុះ ស្ទើគ្រប់វិស័យដោយសារតែវិបត្តិសកលលោកនៃមេរោគកូវីដ-១៩។ ក្នុងនោះផ្នែកសេវាកម្មរបស់កម្ពុជានឹងធ្លាក់ចុះប្រមាណ១,៧ភាគរយ ដោយសារឱនភាពវិស័យទេសចរ និងការថមថយ នៃកំណើនអចលនទ្រព្យ។ រីឯកំណើនវិស័យឧស្សាហកម្ម នឹងចុះដល់ ៦,៥ភាគរយ ដោយសារកម្រិតទាប នៃផលិតកម្ម សម្លៀកបំពាក់ សម្រាប់ការនាំចេញ ក៏ដូចជាវិស័យសំណង់ដែលបន្ថយល្បឿន។
ការធ្លាក់នៃកំណើនតាមវិស័យនីមួយៗនេះ នឹងនាំឲ្យកម្ពុជាដែលជាប្រទេសមានសន្ទុះសេដ្ឋកិច្ចខ្លាំងក្នុងពីរទសវត្សរ៍(២០ឆ្នាំ)ចុងក្រោយនេះ មានកំណើនសេដ្ឋកិច្ចជាតិនៅត្រឹម ២,៣ភាគរយ សម្រាប់ឆ្នាំ២០២០។ នេះជាការលើកឡើងរបស់អ្នកស្រី Durrani-Jamal ដោយបាននិយាយដូច្នេះ៖« រាជរដ្ឋាភិបាល គួរផ្តោតជាសំខាន់លើការទប់ស្កាត់ជំងឺកូវីដ-១៩។ បើមិនដូច្នេះទេ ការងើបឡើងវិញនៃវិស័យទេសចរណ៍និងសេវាកម្ម នឹងមានការលំបាក»។
លោកស្រីនាយិកាADBរូបនេះ បានបន្តថា រាជរដ្ឋាភិបាល អាចប្រើថវិកាកញ្ចប់របស់ADB ដែលមានទំហំទឹកប្រាក់សរុប៦,៥ពាន់លានដុល្លា សម្រាប់ឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដែលបានប្រកាស កាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០។ អ្នកស្រីបានបញ្ជាក់ថា៖«ថវិកានេះ ADB បម្រុងសម្រាប់ តម្រូវការបន្ទាន់នៃប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិក ដើម្បីដោះស្រាយផ្នែកសេដ្ឋកិច្ច និងកិច្ចគាំពារសង្គម»។
ប៉ុន្តែការព្យាករនៃការធា្លក់កំណើនសេដ្ឋកិច្ចកម្ពុជារបស់ADB គឺខុសពីការមើលឃើញ របស់លោក គី សេរីវឌ្ឍន៍អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា ដោយលោកបានព្យាករថា កម្ពុជាអាចមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៣ភាគរយ ក្នុងឆ្នាំ២០២០នេះ។
លោកបានបន្តថា ដោយសារតែវិបត្តិកូវីដ-១៩ បានធ្វើឲ្យកម្ពុជា បាត់បង់សកម្មភាពសេដ្ឋកិច្ចជាង៦០ភាគរយនៅក្នុងត្រីមាសទីមួយ ហើយនឹងបន្តបន្លាយដល់ត្រីមាសទីពីរ នៃឆ្នាំ២០២០។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ បន្តប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) កាលពីថ្ងៃទី១មេសា ឆ្នាំ២០២០ ថាភាពអូសបន្លាយនៃឥទ្ធិពលមេរោគកូវីដ-១៩ ដល់ត្រីមាសទីពីរឬបន្តលើសពីនេះ នឹងធ្វើឲ្យកម្ពុជា ធ្លាក់កំណើនសេដ្ឋកិច្ចពី៧ភាគរយ(ឆ្នាំ២០១៩) មកនៅត្រឹមជាង៣ភាគរយ។
លោកបាននិយាយដូច្នេះ៖«ដោយសារតែវិបត្តិមេរោគកូវីដ-១៩ កម្ពុជាអាចមានកំណើនសេដ្ឋកិច្ចនៅត្រឹម៣,៤ភាគរយ ក្នុងឆ្នាំ២០២០»។
យ៉ាងណាមិញតាមការព្យាករនិងរំពឹងទុករបស់ADB សេដ្ឋកិច្ចកម្ពុជានឹងហត់ឡើងវិញដល់កម្រិត៥,៧ភាគរយក្នុងឆ្នាំ២០២១ ប្រសិនបើ ការរាតត្បាតនៃជំងឺកូវីដ-១៩ត្រូវបញ្ចប់ ហើយ សកម្មភាពសេដ្ឋកិច្ច នឹងវិលមករកភាពប្រក្រតីវិញ តាមរយៈការចាក់វិធានការនានាជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា។ លោកស្រី Durrani-Jamal ក៏បានរម្លឹកផងដែរថា កន្លងកម្ពុជាក្រៅពីមានវិធានការត្រឹមត្រូវដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដោយជំងឺកូវីដ-១៩ ដូចជាការគាំទ្របៀវត្សដល់កម្មករកាត់ដេរ ការសម្រាលពន្ធ និងបំណុលដល់អាជីវកម្មនានា រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំថវិកាបម្រុង សម្រាប់អន្តរាគមន៍ចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិមេរោគកូវីដ-១៩នេះ ទៅលើសេដ្ឋកិច្ចជាតិ។ ជាពិសេសទៅលើប្រជាពលរដ្ឋដែលងាយ រងគ្រោះ។
ក្នុងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសកម្ពុជា ឆ្នាំ២០១៩-២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងផ្តល់ថវិកាចំនួន ១,៤៥ពាន់លានដុល្លារ ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌ ជីវភាពរស់នៅ ក្នុងតំបន់ទីក្រុង និងតំបន់ជនបទ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កកើតឡើងវិញ និង ការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ គំនិតផ្តួចផ្តើមទាំងនេះ មានគោលបំណងកែលម្អលទ្ធភាពទទួល បានសេវាកម្ម និង គុណភាពសេវាកម្មសម្រាប់ពលរដ្ឋកម្ពុជា ព្រមទាំងបរិយាកាសធុរកិច្ចផងដែរ៕