COVID-19
ជាតិ
តើ​សហគ្រាស​កែច្នៃ​កសិផល ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ​ដើម្បី​បាន​កម្ចី​ពី​រដ្ឋាភិបាល​?
04, Apr 2020 , 1:19 pm        
រូបភាព
សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ក្នុងខេត្តកំពង់ធំ។
សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ក្នុងខេត្តកំពង់ធំ។
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ទម្លាក់​កញ្ចប់​ថវិកា​ពិ​សេស​៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​បង្វិលទុន និង​វិនិយោគ របស់​សហគ្រាស​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ក្នុងស្ថានភាព​ដែល​កម្ពុជា​កំពុង​ជួប​បញ្ហា​ការដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​ជំងឺ​COVID-19​។ កញ្ចប់​ថវិកា​៥០​លាន​ដុល្លារ​នោះ ត្រូវបាន​រដ្ឋាភិបាល​ផ្តល់ជូន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​។ ដើម្បី​ទទួលបាន​កម្ចី​ថវិកា​នេះ តើ​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម ត្រូវមាន​លក្ខខណ្ឌ​អ្វីខ្លះ​?

 
​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែល​កែច្នៃ​ផលិតផល​កសិកម្ម​គ្រប់​ប្រភេទ អាចមាន​លទ្ធភាព​ខ្ចី​ថវិការដ្ឋ ក្នុង​កញ្ចប់​ខាងលើ​បាន​លុះត្រាតែ​សហគ្រាស​ទាំងនោះ មាន​ដំណើរការ​ស្រាប់ ហើយ​កម្ចី​នេះ អាច​ពង្រីក​សកម្មភាព​ការងារ​បន្ថែម យ៉ាងតិច​៥​កន្លែង​ឡើងទៅ​។ នេះ​ជាការ​លើកឡើង​របស់ លោក កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ដោយបាន​បញ្ជាក់ថា សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម​នីមួយៗ អាច​បាន​លទ្ធភាព​ខ្ចី​ថវិកា​រដ្ឋាភិបាល បាន​ត្រឹម​៣០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​បង្វិលទុន និង​ពង្រីក​ការវិនិយោគ​។  
 
​លោក កៅ ថាច បាន​រៀបរាប់​ក្នុង​សន្និសីទកាសែត ស្តីពី​កម្មវិធី​អនុវត្ត​ហិរញ្ញប្បទាន​៥០​លាន​ដុល្លារ របស់​រដ្ឋាភិបាល កាលពី​ថ្ងៃទី​១៦​មីនា ឆ្នាំ​២០២០​ថា កញ្ចប់​ថវិកា​នេះ គឺជា​ការជួយ​របស់រ​ដ្ឋា​ភិ​បាល ក្នុង​ជំហាន​ទីមួយ ដល់​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ជាង​ទីផ្សារ​២ ទៅ​៣​ភាគរយ ក្នុង​មួយឆ្នាំ​។ 


លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ
 
​សម្រាប់​កញ្ចប់​ថវិកា​នេះ មាន​អត្រា​ការប្រាក់ និង​រយៈពេល​កំណត់​ផ្សេងគ្នា ទៅតាម​ប្រភេទ​កម្ចី​របស់​សហគ្រាស​នីមួយៗ​។ សហគ្រាស​ដែល​ខ្ចី​ថវិកា​សម្រាប់​បង្វិលទុន មាន​អត្រា​ការប្រាក់​៦​ភាគរយ​ក្នុង​មួយឆ្នាំ ដែល​អាចមាន​លទ្ធភាព​ខ្ចី មិន​លើសពី​២​ឆ្នាំ​។  រីឯ​ការ​កម្ចី​សម្រាប់​ទុនវិនិយោគ របស់​សហគ្រាស​កែច្នៃ​ផលិតផល​កសិកម្ម មាន​មិន​លើសពី​៥​ឆ្នាំ ក្នុង​អត្រា​ការប្រាក់​៦,៥​ភាគរយ​ក្នុង​មួយឆ្នាំ​។ នេះ​បើតាម​លោក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​។  លោក​កៅ ថាច បន្ថែមថា​៖«​ការ​មក​ខ្ចី​ថវិកា​នេះ យើង​នៅតែ​ទទួលយក​វត្ថុ​បញ្ចាំ​នានា​។ ប៉ុន្តែ​យើង​វាយតម្លៃ​រហូតដល់​៨០​ភាគរយ នៃ​តម្លៃ​វត្ថុ​បញ្ចាំ​នោះ​»​។ វត្ថុ​បំណុល​សម្រាប់​ដាក់បញ្ចាំ​នោះ ក្រៅពី​ប្រភេទ​អចលនវត្ថុ ធនាគារ​អភិវឌ្ឍន៍ជនបទ ក៏​ទទួល​វត្ថុ​បញ្ចាំ​ផ្សេងៗ​ដូចជា​រោងចក្រ ម៉ាស៊ីន និង​សម្ភារ​នានា​។ 
 
​ប៉ុន្តែ​លោក កៅ ថាច បាន​បញ្ជាក់ថា ស​គ្រាស​កែច្នៃ​ផលិតផល​កសិកម្ម​ណាមួយ មុននឹង​ទទួលបាន​កម្ចី​ពី​រដ្ឋាភិបាល​នេះ គឺ​ត្រូវតែ​ទទួល​ការបណ្តុះបណ្តាល​បន្ថែម ពី​ក្រុមការងារ​របស់​ធនាគា​រ​អភិវឌ្ឍន៍ជនបទ​ផ្ទាល់ តាមរយៈ​ការសហការ​ភាពជា​ដៃគូ ជាមួយ​សហគម​នានា​ក្នុងស្រុក ដូចជា​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា ជាដើម​។ 
 
​ការបណ្តុះបណ្តាល​បន្ថែម​ទៀត​នោះ គឺមាន​ទាំង​បច្ចេកទេស​កែច្នៃ ការរៀបចំ​ផែនការអាជីវកម្ម និង​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​... ដើម្បី​បង្កើន​សមត្ថភាព ក្នុងការ​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​។ នេះ​ជាការ​លើកឡើង​របស់លោក កៅ ថាច ដោយបាន​បញ្ជាក់​ដូច្នេះ​៖«​ទន្ទឹមនឹង​ការទទួលបាន​ប្រាក់​ក្នុង​អត្រា​ការ​ទាប​នេះ SME ទាំងអស់នោះ ត្រូវតែ​ទទួល​ការបណ្តុះបណ្តាល​បន្ថែម ទើប​ទទួលបាន​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ ក្នុង​វិស័យ​កសិកម្ម​នេះ​តែម្តង​»​។ 
 
​លោក​បាន​បន្ថែមថា ក្រៅពី​SME ដែល​ធ្វើការ​លើ​ផលិតផល​កសិកម្ម កសិករ​នានា​ដែល​ខ្វះ​ទុន​ក្នុង​ដំណើរការ​លើ​វិស័យ​កសិកម្ម​របស់ខ្លួន ក៏​អាច​ទទួលបាន​កម្ចី​ក្នុង​កញ្ចប់​របស់​រដ្ឋាភិបាល​នេះ​បានដែរ​។ 
 
​ថវិកា​៥០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ទម្លាក់​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម គឺ​ដើម្បី​ដោះស្រាយ​ការរកស៊ី​របស់​ពួកគេ ដែល​រង​ផលប៉ះពាល់​ពី​មេរោគ​កូ​វីដ​-១៩ និង​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅក្នុង​វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​។ ជាពិសេស​ពង្រឹង​ចង្វាក់​ផលិតកម្ម ក្នុងការ​ប្រកួតប្រជែង​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ស្តីពី​វិធានការ​គ្រប់គ្រង​ផលប៉ះពាល់ ពី​បញ្ហា​កូ​វីដ​-១៩ និង EBA កាលពី​ចុងខែ​កុម្ភៈ​កន្លងមក​៕

Tag:
 សហគ្រាស​
  កម្ចី​រដ្ឋាភិបាល​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com