ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
រដ្ឋ​ប្រកាស​លើកលែង​ពន្ធ​អចលនទ្រព្យ​៤​ឆ្នាំ ក្នុង​សង្កាត់​ចំនួន​៤ នៅ​ក្រុង​តាខ្មៅ​
04, Apr 2020 , 2:40 pm        
រូបភាព
​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​លើកលែង​ពន្ធ​អចលនទ្រព្យ រយៈពេល​៤​ឆ្នាំ ចំពោះ​អចលនទ្រព្យ​ដែល​ស្ថិតនៅ​សង្កាត់​ស្វាយ​រលំ កោះអន្លង់ចិន សិត្បូ និង​សង្កាត់​រកា​ខ្ពស់ ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ពីមុន​សង្កាត់​ទាំង​៤ ស្ថិតនៅ​ស្រុក​ស្អាង និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ថ្ងៃទី​២ មេសា​។

 
​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច លោក មាស សុខ​សេន​សាន បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការលើកលែង​ពន្ធ​អ​ល​ចនទ្រ​ព្យ​នៅ​សង្កាត់​ទាំង​៤​នេះ គឺ​ដោយសារ​សង្កាត់​ទាំង​៤ ទើប​កាត់​ចូល​ក្រុង​តាខ្មៅ​។ លោក សុខ​សេន​សាន ថ្លែងថា​៖«​ចាប់ពី​ឆ្នាំនេះ ដល់​ឆ្នាំ​២០២៣ គឺមាន​ការលើកលែង​ពន្ធ​។ ការលើកលែង​នេះ ដោយ​កាលពីមុន ស្ថិតនៅ​ក្នុងស្រុក​ម្ចាស់​អចលនទ្រព្យ មិន​តម្រូវឱ្យមាន​ការបង់ពន្ធ ហើយ​ពេល​កាត់​ចូល​ក្រុង​តាខ្មៅ តម្រូវ​មានការ​បង់ពន្ធ​។ ដូច្នេះ វា​អាច​នឹងធ្វើ​ឱ្យមាន​ការលំបាក​ដល់​ពលរដ្ឋ ដែល​បង់ពន្ធ​ជា​លើកដំបូង ក្នុង​សង្កាត់​ទាំង​៤​នេះ ទើប​ក្រសួង​លើកលែង​ពន្ធ រហូតដល់​ឆ្នាំ​២០២៣»​។ 
 
​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ម្ចាស់​អចលនទ្រព្យ​ដែល​ស្ថិតនៅក្នុង​សង្កាត់​ទាំង​៤ មាន​កាតព្វកិច្ច​ចុះបញ្ជី​អចលនទ្រព្យ នៅ​សាខា​ពន្ធដារ​ខេត្តកណ្ដាល ឬ​នៅ​នាយកដ្ឋាន​ពន្ធ​លើ​អចលនទ្រព្យ និង​អចលនទ្រព្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ប៉ុន្តែ​ការចុះបញ្ជី​អចលនទ្រព្យ​នេះ ពុំ​មិន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​លើ​អចលនទ្រព្យ រហូតដល់​ឆ្នាំ​២០២៣​។ 
 
​បើសិន​ម្ចាស់​អចលនទ្រព្យ​ទាំង​៤​សង្កាត់​នេះ បាន​បង់ពន្ធ​រួច ប្រាក់​នោះ​នឹងត្រូវ​ធ្វើជា​ឥណទាន​យោង សម្រាប់​យកទៅ​កាត់កង​ពន្ធ​អចលនទ្រព្យ នៅ​ឆ្នាំ​ជាប់ពន្ធ​បន្តបន្ទាប់​។ ប៉ុន្តែ​ម្ចាស់​អចលនទ្រព្យ ត្រូវ​ស្នើសុំ​ឥណទាន​ពន្ធ​លើ​អចលនទ្រព្យ​ដែល​បង់​រួច នៅ​សាខា​ពន្ធដារ​ខេត្តកណ្ដាល ឬ​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ សម្រាប់​យកទៅ​កាត់កង​ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​ជាប់ពន្ធ​បន្តបន្ទាប់​៕ 

Tag:
 ពន្ធ​
 ​អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com