COVID-19
អន្តរជាតិ
WHO ព្រមាន​៖​មនុស្ស​វ័យក្មេង​កាន់តែច្រើន​ត្រូវ​សង្គ្រោះបន្ទាន់ ឬ​ស្លាប់​ដោយសារ COVID-19
04, Apr 2020 , 8:29 pm        
រូបភាព
រូបភាព Yonhap
រូបភាព Yonhap
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចេញមុខ​ព្រមាន​មនុស្ស​វ័យក្មេង ដែល​តែង​យល់ឃើញថា ខ្លួន​មិន​ប្រឈមមុខ​ហានិភ័យ​ខ្ពស់ ពី​ការឆ្លង​ជំងឺ COVID-19 ដូច​មនុស្ស​វ័យ​ចំណាស់​នោះ​។ ដោយ​លើកយក​ករណី​នៅ​ប្រទេស​ដែលមាន​ការឆ្លង​ធ្ងន់ធ្ងរ​នៅ​អាស៊ី និង​អឺរ៉ុប អ្នកជំនាញ​របស់​អង្គការ​នេះ បាន​អះអាងថា មនុស្ស​វ័យក្មេង​កាន់តែច្រើន បាន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ឬក៏​ស្លាប់​ដោយសារ​វីរុស​ប្រភេទ​ថ្មី​នេះ​។

 
​អំឡុង​សន្និសីទ​ស​សារព័ត៌មាន​ពី​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សឺ​ណែវ អ្នកជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​លើកយក​ករណី​ឆ្លង​នៅ​ចិន កូរ៉េខាងត្បូង អ៊ីតាលី និង​ប្រទេស​មួយចំនួន​នៅ​អឺរ៉ុប ដើម្បី​ព្រមាន​ពី​ហានិភ័យ​របស់ COVID-19 លើ​មនុស្ស​វ័យក្មេង ព្រោះ​អ្នកស្លាប់​កាន់តែច្រើន​មាន​វ័យ​ពី​៣០​ឆ្នាំ ទៅ​៥០​ឆ្នាំ​។ ជា​ការគិត​កន្លងទៅ COVID-19 មាន​គ្រោះថ្នាក់​ខ្លាំង សម្រាប់​មនុស្ស​វ័យ​ចំណាស់ ចាប់ពី​៦០​ឆ្នាំ​ឡើង​ប៉ុណ្ណោះ​។​
 
«​យើង​កំពុង​ឃើញ​មនុស្ស​វ័យក្មេង​កាន់តែ​ច្រើនឡើងៗ មាន​ជំងឺ​សាហាវ​នេះ​។​» នេះ​ជាការ​លើកឡើង​របស់​វេជ្ជបណ្ឌិត Maria van Kerkhove អ្នកជំនាញ​ជំងឺឆ្លង​របស់ WHO និង​ជា​ប្រធាន​ក្រុមបច្ចេកទេស ឆ្លើយតប​នឹង COVID-19 ដែល​ផ្សាយ​ដោយសារ​ព័ត៌មាន ABC នៅ​ថ្ងៃទី​៤ ខែមេសា​។ អ្នកជំនាញ​រូបនេះ​បន្តថា អ្នក​ដែលមាន​ឆ្លង​ជំងឺ​នេះ ក៏​ធ្លាក់ខ្លួន​ឈឺ​រហូត​ត្រូវ​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ឯ​អ្នកខ្លះ ត្រូវការ​ព្យាបាល​ចាំបាច់ គឺ​មនុ​ស្សវ័យ​ចំណាស់ និង​មាន​អ្នកមាន​ជំងឺ​ប្រចាំកាយ​។​
 
​ប៉ុន្តែ​អ្វីដែល​វេជ្ជបណ្ឌិត van Kerkhove មើលឃើញ​នោះ គឺ​អ្នកជំងឺ​ជាច្រើន​មាន​វ័យ​៣០​ឆ្នាំ ខ្លះ​៤០​ឆ្នាំ ខ្លះទៀត​៥០​ឆ្នាំ ដែល​ត្រូវ​ព្យាបាល​បន្ទាន់ និង​ស្លាប់​ទៅទៀត​។ អ្នកជំនាញ​ដដែល​បន្ថែមថា ខណៈ​អ្នកជំងឺ​ខ្លះ​មិនមាន​ជំងឺ​ជាប់​ខ្លួន មាន​អ្នកជំងឺ​ខ្លះ​ក៏មាន​បញ្ហា​សុខភាព​ស្រាប់​ផងដែរ​។​
 
​នាយក​ប្រតិបត្តិ WHO លោក Michael Ryan យល់ឃើញថា ដោយសារតែ​ជំងឺ​នេះ មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​លើ​មនុស្ស​វ័យក្មេង ទើប​ពួកគេ​យល់ថា ពួកគេ​អាច​មិនអាច​រង​ផលប៉ះពាល់​បានឡើយ​។ ប៉ុន្តែ​សម្រាប់​លោក Ryan ករណី​ឆ្លង​ជាច្រើន​បង្ហាញ​ពី​គ្រោះថ្នាក់​របស់ COVID-19 លើ​មនុស្ស​វ័យក្មេង ទោះជា​ពួកគេ​មាន​រោគសញ្ញា​ធម្មតា​រហូតមក​ក្ដី​។ 
 
«​អ្វីដែល​យើ​បាន​និយាយ​ម្ដង​ហើយ​ម្ដងទៀត ក្នុង​វេទិកា​នេះ គឺ​ទោះ​នៅ​កូរ៉េខាងត្បូង ដែល​អាច​គ្រប់គ្រង​សា្ថ​ន​ការណ៍​ក្ដី ម្នាក់​ក្នុងចំណោម​អ្នកស្លាប់​៦​នាក់ ជា​មនុស្ស​វ័យ​ក្រោម​៦០​ឆ្នាំ​។ នៅ​អ៊ីតាលី រយៈពេល​៥ ឬ​៦​សប្ដាហ៍​ចុងក្រោយ​នេះ យ៉ាងហោចណាស់​១០ ទៅ​១៥​ភាគរយ​នៃ​អ្នក​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ គឺមាន​អាយុ​ក្រោម​៥០​ឆ្នាំ​។​» លោក Ryan បញ្ជាក់​បែបនេះ​៕

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com