COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា រកចំណូលបាន​១៦១​លាន​ដុល្លារ ពី​ការលក់​អង្ករ​ទៅ​ក្រៅប្រទេស រយៈពេល​៣​ខែ​
04, Apr 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពី​ខែមករា ដល់ ខែមីនា ឆ្នាំ​២០២០ កម្ពុជា នាំចេញ​អង្ករ​ជាង​២,៣​សែន​តោន ទៅ​ទីផ្សារ​បរទេស ដោយ​ទទួលបាន​ចំណូល​១៦១​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ចេញ​នៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​។


 
​ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​រយៈពេល​៣​ខែ ក្នុង​ឆ្នាំ​២០២០ មានការ​កើនឡើង​៥​ភាគរយ  បើ​ធៀប​នឹង​រយៈពេល​៣​ខែ​ដូចគ្នា​កាល​ឆ្នាំ​២០២០​។ 
 
​ក្នុងចំណោម​អង្ករ​ជាង​២,៣​សែន​តោន ដែល​នាំ​ចេញទៅ​ក្រៅប្រទេស មាន​អង្ករ​ក្រអូប​៧៤​ភាគរយ អង្ក​រស​២៤​ភាគរយ អង្ករ​ចំហុយ​១​ភាគរយ និង អង្ករ​សរីរាង្គ​១​ភាគរយ​។ 
 
​នៅសល់តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ គឺ​ថ្ងៃទី​៣ និង​ថ្ងៃទី​៤ ខែមេសា ដែល​កម្ពុជា អាច​នាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​។ ចាប់ពី​ថ្ងៃទី​៥ ខែមេសា​ទៅ កម្ពុជា ផ្អាក​ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​មួយរយៈ ដោយ​ត្រូវ​រក្សាទុក​ផ្គត់ផ្គង់​ក្នុងស្រុក ខណៈ​កម្ពុជា កំពុង​ជួប​ការលំបាក​ដោយសារ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដូច​បណ្តា​ប្រទេស​ដទៃទៀត​ដែរ​។ 
 
​យ៉ាងណា កម្ពុជា ផ្អាក​តែ​ការនាំចេញ​អង្ក​រស (​អង្ករ​ធម្មតា​) និង ស្រូវ​ប៉ុណ្ណោះ ឯ​អង្ករ​ក្រអូប នៅ​នាំចេញ​ជាធម្មតា​។ 
 
​ប្រមុខ​រដ្ឋាភិបាល ជំរុញ​ឲ្យ​ថៅកែ​រោង​ម៉ា​ស៊ី​កិត​ស្រូវ ឲ្យ​ដើរ​ប្រមូល​ទិញស្រូវ​ពី​កសិករ ហើយ​ទន្ទឹមនឹងនេះ រដ្ឋាភិបាល បាន​ត្រៀម​កញ្ចប់​ថវិកា ដើម្បី​ទុក​ទិញ​អង្ករ​ពី​រោង​ម៉ាស៊ីន​កិត​ស្រូវ​។ ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​មន្ត្រី ពង្រឹង​វិស័យ​កសិកម្ម ដែលជា​ចំណុចខ្លាំង​របស់​កម្ពុជា ដើម្បី​ទប់ទល់​បញ្ហា​សេដ្ឋកិច្ច បណ្តាលមកពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ នា​កាលៈទេសៈ​នេះ​៕ 

Tag:
 COVID-19
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com