COVID-19
ជាតិ
COVID-19៖ រដ្ឋមន្ត្រី​កសិកម្ម ចេញ​វិធានការ​ឲ្យ​មន្ត្រី​ខ្លួន ជំរុញ​ការងារ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ​
04, Apr 2020 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​៣ មេសា បានចេញ​សេចក្ដីណែនាំ ស្ដីពី​វិធាន​ការជំរុញ​ការងារ​បង្កបង្កើនផល​កសិកម្ម​នៅក្នុង​រដូវវស្សា​ឆ្នាំ​២០២០​។ តាម​សេចក្ដីណែនាំ​ខាងលើ លោក វេ​ង សាខុន ប្រាប់​ដល់​មន្ត្រី​កសិកម្ម ត្រូវ​ជំរុញ​ការ​បង្កបង្កើនផល និង​ចិញ្ចឹមសត្វ សម្រាប់​ផ្គត់ផ្គង់​សេចក្ដីត្រូវការ​នៅក្នុង​ប្រទេស​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​បរិបទ​កូ​វីដ​-១៩​។


 
​ស្ថានភាព​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​នៅ​ទូទាំង​សកលលោក និង​ក្នុង​តំបន់​មួយចំនួន​នៅ​កម្ពុជា ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ និង​សុវត្ថិភាព​ស្បៀងអាហារ​របស់​ប្រជាពលរដ្ឋ​។ ដើម្បី​ត្រៀម​ស្បៀង​បម្រុង​ទុក​សម្រាប់​តម្រូវការ​នៅក្នុង​ស្រុក​ឲ្យ​បាន​គ្រប់គ្រាន់ ដោយ​ធានា​សន្តិសុខ​ស្បៀង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដល់​មន្ត្រី​របស់ខ្លួន​។ 
 
​បើតាម​សេចក្ដីណែនាំ​ខាងលើ អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​ជំរុញ​ការអភិវឌ្ឍ​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម ដោយ​លើកកម្ពស់​ផលិតភាព គុណភាព និង​សុវត្ថិភាព​។ បន្ថែម​លើ​នេះ ត្រូវ​ពង្រឹង​វិធានការ​ការពារ​ដំណាំ និង​ភូតគាម​អនាម័យ និង​ត្រូវ​ត្រៀម​បម្រុង​គ្រាប់ពូជ​ដំណាំ ក្រោម​ក្របខណ្ឌ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​សម្រាប់​ចែកជូន​កសិករ​។ 
 
​សេចក្ដីណែនាំ​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន បន្តថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ជំរុញ​ការចិញ្ចឹម​សត្វ ធានា​ការផ្គត់ផ្គង់​សាច់ និង​ផលិតផល​សត្វ មានគុណ​ភាព អនាម័យ និង​សុវត្ថិភាព​។ លើសពីនេះ ត្រូវ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​បង្កើន​ទុនវិនិយោគ​បន្ថែមទៀត និង​ត្រូវ​ជំរុញ​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ បង្កើន​ទុន​សម្រាប់​ការទិញ​វត្ថុធាតុដើម​ក្នុងស្រុក​។ ជាមួយគ្នានេះ ត្រូវ​ជំរុញ​សមាគម​ចិញ្ចឹមសត្វ ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ជំនាញ​ទទួលបន្ទុក​ផលិតកម្ម និង​បសុព្យាបាល​។​
 
​ដោយឡែក​ផ្នែក​រដ្ឋបាល​ជលផល​វិញ ត្រូវ​ជំរុញ​ការអភិវឌ្ឍ​វា​រី​ប្ប​កម្ម​គ្រប់​រូបភាព​ដល់​កសិករ និង​អ្នកវិនិយោគ ដើម្បី​ធានា​ការផ្គត់ផ្គង់​ត្រី ដោយ​កាត់បន្ថយ​ការនាំ​ចូល​។ រដ្ឋមន្ត្រី​កសិកម្ម បន្តថា ត្រូវ​បង្កើន​ការផលិត​កូន​ត្រី​ពូជ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​ផ្ដល់​ការគាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​ដល់​សហគមន៍​នេសាទ​។​
 
​រីឯ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត​វិញ ត្រូវ​ណែនាំ​ដល់​កសិករ និង​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ត្រៀមលក្ខណៈ​បង្កបង្កើនផល​ក្នុង​រដូវវស្សា​ខាងមុខ​។ មន្ទីរ​កសិកម្ម ត្រូវ​សម្របសម្រួល​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​អាជ្ញាធរ​មូលដ្ឋាន ពិនិត្យ​និង​កំណត់​តំបន់​មាន​ប្រភពទឹក​។ ទន្ទឹមនឹងនេះ ត្រូវ​ធ្វើជា​អន្តរការី​ដ៌​សកម្ម និង​មាន​ប្រសិទ្ធភាព​រវាង​អ្នក​ផលិត និង​អ្នកប្រមូល​ទិញ​។​
 
​សេចក្ដីណែនាំ​ដដែល បន្តថា អង្គភាព​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​កសិកម្ម និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង ត្រូវ​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​ដែល​បានអនុម័ត​រួច ដើម្បី​បង្កើន​ផលិតកម្ម​ស្បៀងអាហារ សម្រាប់​ផ្គត់ផ្គង់​សេចក្ដីត្រូវការ​ក្នុងប្រទេស​ឲ្យ​បាន​គ្រប់គ្រាន់​ក្នុង​បរិបទ​កូ​វីដ​-១៩ និង​ត្រូវ​រាយការណ៍​ជា​ទៀងទាត់​មក​ក្រសួង​នូវ​លទ្ធផល​ដែល​សម្រេចបាន​៕ 

Tag:
 កសិកម្ម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com