COVID-19
ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច បង្កើត​ក្រុមការងារ​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ ដើម្បី​ទប់ស្កាត់​ការ​ឡើងថ្លៃ​យ៉ាងគំហុក​
05, Apr 2020 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។ ក្រុមការងារ​ចំពោះ​កិច្ច​នេះ មាន​សមាជិក​ទាំងអស់ ២៦​រូប ដឹកនាំ​ដោយ​លោក ជូ វ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​កំណត់​មុខទំនិញ​យុទ្ធសាស្ត្រ និង​ទប់ស្កាត់​ការ​ឡើងថ្លៃ​យ៉ាងគំហុក​នៃ​ទំនិញ​ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ទាំងនោះ​។​


 
​បើតាម​សេចក្ដីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ៣ មេសា មាន ក្រុមការងារ​នេះ​មាន​ភារកិច្ច​កំណត់​ប្រភេទ​ទំនិញ​យុទ្ធសាស្ត្រ ដែលជា​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ ដូចជា​អង្ករ​,​អំបិល​,​បន្លែ​,​ត្រី​,​សាច់​,​ម៉ាស់​,​អាល់កុល​,​ថ្នាំពេទ្យ និង​ឧបករណ៍​វេជ្ជសាស្ត្រ​។ ក្រុមការងារ​ចំពោះ​កិច្ច​នេះ ក៏​ពិនិត្យ និង​តាមដាន​ស្ថានភាព​តម្រូវការ និង​ការផ្គត់ផ្គង់​ជាក់ស្ដែង រួមទាំង​បរិមាណ​តម្រូវ​ការសរុប​ទំនិញ​យុទ្ធសាស្ត្រ​ប្រចាំថ្ងៃ​ដែរ​។​
 
​សេចក្ដីសម្រេច​ដដែល បញ្ជាក់ទៀតថា ក្រុមការងារ​ចំពោះ​កិច្ច ត្រូវ​ពិនិត្យ និង​តាមដាន​ពី​ស្ថានភាព​នៃ​ការផ្គត់ផ្គង់​ទំនិញ​យុទ្ធសាស្ត្រ នៅលើ​ទីផ្សារ​ទូទាំងប្រទេស និង​តាមដាន​ជាប្រចាំ​អ្នកផ្គត់ផ្គង់​ទំនិញ​យុទ្ធសាស្ត្រ​សក្ដានុពល​សំខាន់ៗ​មួយចំនួន​។ ជាមួយគ្នានេះ ត្រូវ​តាមដាន និង​ធានាថា ការផ្គត់ផ្គង់​ទំនិញ​យុទ្ធសាស្ត្រ​មានដំណើរ​ការល្អ និង​ត្រូវ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ពិសេស​អាល់កុល និង​ម៉ាស់​។​
 
​ដើម្បី​ធានា​នូវ​តម្លៃ​ទំនិញ ក្រុមការងារ​ចំពោះ​កិច្ច ត្រូវ​តាមដាន និង​គ្រប់គ្រង​ថ្លៃទំនិញ​ឲ្យ​ស្ថិតក្នុង​កម្រិត​មួយ​សមរម្យ ដែល​អាច​ទទួលយកបាន ក្នុងទិសដៅ​ទប់ស្កាត់​ការឡើង​ថ្លៃ​គំហុក​។ ក្រុមការងារ​ចំពោះ​កិច្ច​នេះ អាច​ស្នើសុំ​កិច្ចសម្របសម្រួល និង​សហប្រតិបត្តិការ​ពី​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន​។​
 
​សូមបញ្ជាក់ថា ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​ក្នុងអំឡុងពេល​កូ​វីដ​-១៩ ទាំង​២៦​រូបនេះ មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងសុខាភិបាល​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា រួមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួន​៕

Tag:
 COVID-19
  ទំនិញ​
© រក្សាសិទ្ធិដោយ thmeythmey.com