COVID-19
កីឡាជាតិ
ជាតិ
យុវជន​ថ្នាល​ចំបាប់ យក​វាលស្រែ​ធ្វើជា​កន្លែង​ហ្វឹកហាត់ ដើម្បី​បញ្ចៀស​ការឆ្លង​កូ​វីដ​-១៩
05, Apr 2020 , 2:29 pm        
រូបភាព
សកម្មភាពហ្វឹកហ្វាត់របស់ក្រុមកីឡាករជម្រសើជាតិថ្នាលកីឡាចំបាប់នៅវាលស្រែមួយកន្លែងក្នុងឃុំវិហារសួគ៌ខេត្តកណ្តាល
សកម្មភាពហ្វឹកហ្វាត់របស់ក្រុមកីឡាករជម្រសើជាតិថ្នាលកីឡាចំបាប់នៅវាលស្រែមួយកន្លែងក្នុងឃុំវិហារសួគ៌ខេត្តកណ្តាល
ដោយ:
​ក្រោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់ របស់​ក្រុម​ជម្រើសជាតិ​ថ្នាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​កូ​វីដ​-១៩ សហព័ន្ធ​ខ្លះ បានដាក់​កម្មវិធី​ឲ្យ​កីឡាករ​ហ្វឹកហាត់​តាម​ផ្ទះ ឯ​ខ្លះទៀត​បន្ត​ហ្វឹកហាត់​ជា​ក្រុម​តូចៗ នៅ​កន្លែង​មាន​សុវត្ថិភាព​។ ជាក់ស្តែង ក្រុម​កីឡាករ​យុវជន​ថ្នាល​ចំបាប់ បានជ្រើសរើស​យក​វាល​ស្រែ ធ្វើជា​កន្លែង​ហ្វឹកហាត់​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ ។ 

 
​វាលលំហ ឬ​វាលស្រែ ជា​កន្លែង​ដ៏​ស័ក្តិសម សម្រាប់​កីឡាករ​ក្នុងការ​ហ្វឹកហាត់​ពង្រឹង​កម្លាំងកាយ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(​កូ​វីដ​-១៩)​។ មិន​ត្រឹម​តែមាន​ខ្យល់អាកាស​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ តែ​វា​អាចជួយ​រក្សា​គម្លាត​រប​ស់​កីឡាករ ក្នុងការ​បញ្ចៀស​ហានិភ័យ​ពាក់ព័ន្ធ​ការឆ្លង​កូ​វីដ​-១៩​ទៀតផង​។ 
 
​ជាក់ស្តែង​ក្រុមយុវជន​ជម្រើសជាតិ​ថ្នាល​កីឡា​ចំបាប់ បាន​ផ្លាស់ប្តូរ​ទីតាំង​ហ្វឹកហាត់ ពី​ក្នុង​សាល​ទៅ​ហ្វឹកហាត់​តាម​វាលស្រែ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​កូ​វីដ​-១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឌន សៅ គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​ថ្នាល​ចំបាប់ ដែល​បាន​បន្ថែមថា ការធ្វើ​ដូច្នេះ​ដោយសារ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា មិន​ចង់​ឲ្យ​កីឡាករ​នៅ​កៀក​គ្នា​ពេក ដែល​ប្រភព​នៃ​ការឆ្លង​កូ​វីដ​-១៩​។  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា លោក ឌន សៅ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​មាន​សាល​ហ្វឹកហាត់​ដែរ ក្នុង​វិទ្យាល័យ​វិហារ​សួគ៌ ប៉ុន្តែ​យើង​មិន​ចង់​ឲ្យ​ពួកគាត់​បែកញើស​ប្រឡូកប្រឡាក់​ជាមួយគ្នា ព្រោះ​ខ្លាច​មាន​បញ្ហា​កើតឡើង​។ មួយវិញទៀត យើង​មិន​ចង់​ឲ្យ​ពួកគាត់​នៅ​កៀក​គ្នា​ពេក ទោះបី​យើង​បាន​លាងដៃ​ជាមួយ​អាល់កុល តែ​យើង​នៅតែ​មិន​ទុកចិត្ត​»​។​


សកម្មភាពហ្វឹកហ្វាត់របស់ក្រុមកីឡាករជម្រសើជាតិថ្នាលកីឡាចំបាប់នៅវាលស្រែមួយកន្លែងក្នុងឃុំវិហារសួគ៌ខេត្តកណ្តាល
 
​គ្រូ​ជំនួយ​រូបនេះ បាន​បន្ថែមទៀតថា ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​ថ្នាល​ចំបាប់ មិន​ផ្តោត​ខ្លាំង​លើ​ការពង្រឹង​បច្ចេកទេស​នោះទេ ពោលគឺ​ផ្តោត​តែ​លើ​ការពង្រឹង​កម្លាំងកាយ​តែប៉ុណ្ណោះ​។ សម្រាប់​លោក ឌន សៅ ការហ្វឹកហាត់​បែបនេះ វា​អាច​ជះ​ឥ​ទិ្ធ​ពល​មិនល្អ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បច្ចេកទេស និង​ការពង្រឹង​សមត្ថភាព​កីឡាករ​។​
 
​តែ​យ៉ាងណា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០១៣​រូបនេះ អះអាងថា សហព័ន្ធ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ឡើយ ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា ក៏ដូចជា​ពិភពលោក កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​។ លោក​បានបង្ហាញ​ក្តីកង្វល់​យ៉ាង​ដូច្នេះ​ថា​៖«​វា​ប៉ះពាល់ បើ​និយាយ​រឿង​ប៉ះពាល់​បច្ចេកទេស គឺ​ប៉ះពាល់​ធ្ងន់​មែនទែន​។ ប៉ុន្តែ​យើង​ធ្វើ​ម៉េច បើ​កាលៈទេសៈ​តម្រូវ អ៊ីចឹង​មានតែ​ឲ្យ​ពួកគាត់ ហាត់​រក្សា​កម្លាំងកាយ ធ្វើ​ម៉េច​កុំ​ឲ្យ​តែ​ធ្លាក់​កម្លាំងកាយ​»​។​
 
​បើតាម​លោក ឌន សៅ ក្រុម​ជម្រើសជាតិ​ថ្នាល​កីឡា​ចំបាប់​មាន​១៥​រូប ហើយ​ការហ្វឹកហាត់​បែងចែក​ជា​ពីរ​ក្រុម ដោយ​ក្រុម​១​មាន​គ្នា​១១​នាក់ ហាត់​នៅ​វិហារ​សួគ៌​ខេត្តកណ្តាល និង​មួយក្រុម​ទៀត មាន​គ្នា​៤​នាក់ ហាត់​នៅ​ខេត្តកំពង់ឆ្នាំង​។ សម្រាប់​ការហ្វឹកហាត់​នេះដែរ មួយ​សប្តាហ៍​ហាត់​៦​ថ្ងៃ ដោយ​មួយថ្ងៃ​ហាត់​៣​ម៉ោង​។ 
 
​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​ផ្អាក​ការប្រមូលផ្តុំ ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ​ថ្នាល ជា​បណ្តោះអាសន្ន ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។ ក្រសួង នឹង​ប្រកាស​ពី​ការប្រមូលផ្តុំ​ឡើងវិញ ក្រោយ​ស្ថានភាព​នៃ​ការរីក​រាលដាល​មាន​ភាព​ធូរស្រាល​ឡើងវិញ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣ មេសា ឆ្នាំ​២០២០ កម្ពុជា មាន​អ្នក​ផ្ទុកមេរោគ​កូ​វីដ​-១៩ ចំនួន​១១៤​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៥​នាក់​៕ 

Tag:
 ចំបាប់​
  ឌន សៅ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com