COVID-19
ជាតិ
សេដ្ឋកិច្ច
លោក លី សុផល ប្រែ​ទីធ្លា​មុខផ្ទះ​ជា​សួន​បន្លែ​ចម្រុះ ដែល​ជួយ​លំអ​ផ្ទះ​ថែមទៀត​
05, Apr 2020 , 3:14 pm        
រូបភាព
​ដោយ​៖ ស៊ែម ម៉ូ​នី​តា​
 
​ភ្នំពេញ​៖ លោក លី សុផល ជា​ពលរដ្ឋ​ម្នា​ក់នៅ​បណ្តោយ​លូ​បឹងត្របែក​។ ជា​អាជីវ​ករលក់​តុទូ​ផង លោក​បាន​កែប្រែ​ទីធ្លា​មុខផ្ទះ​របស់ខ្លួន ទៅជា​សួន​បន្លែ​ចម្រុះ ដើម្បី​ទុក​បរិភោគ​។  ទោះ​នៅមុខ​ផ្ទះ​របស់លោក​គ្មាន​ដី​សម្រាប់​ដាំ​ក៏ដោយ លោក​បាន​យក​ឡាំង​ស្នោរ និង​សំបក​កំប៉ុង​ផ្សេងៗ​មក​ដាក់​ដី​ដើម្បី​អាច​ដាំ​បន្លែ​ទាំងនោះ​។  បន្លែ​ដែល​លោក​លី សុផល បាន​ដាំ​មានដូចជា​សណ្ដែកកួរ ជី​នាងវង ស្ពៃ​ខ្មៅ ស្ពៃក្រញាញ់ សាឡា​ត់ ជី ស្លឹកគ្រៃ ក្រសាំងទាប ម្ទេស និង​បន្លែ​ផ្សេងៗ​ទៀត​។ បើតាម លោក សុផល ការដាំ​បន្លែ វា​មិន​ពិបាក​ពេក​នោះទេ ទាំង​ការថែទាំ និង​ដាក់​ជី​។​

 
​លោក សុផល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បាន​ដាំ​ដុះ​បន្លែបង្ការ​នៅមុខ​ផ្ទះ ជាង​២​ឆ្នាំ​មកហើយ ព្រោះ​លោក​មើលឃើញថា នៅលើ​ទីផ្សារ​មាន​បន្លែ​គីមី​ច្រើន ដែល​ប៉ះពាល់​ដល់​សុភាព​។ ដូច្នេះហើយ​ទើប​លោក ដាំ​បន្លែ​ច្រើន​មុខ គ្រាន់​បរិភោគ​ក្នុង​គ្រួសារ និង​ស្អាត​មុខផ្ទះ​ទៀតផង​។ «​បន្លែ​ទាំងនេះ វា​មិន​គ្រប់មុខ​ក៏ពិតមែន តែ​វា​ជួយ​មួយចំណែក​ធំ​ដែរ​ដល់​យើង ដោយ​មិនចាំបាច់​ទៅ​ទិញ​នៅ​ផ្សារ​។ បន្លែ​ខ្លះ​ច្រើន ដល់​ចែក​ដល់​បងប្អូន​អ្នកជិះ​ខាង​ខ្លះទៅ​»​។ នេះ​ជាការ​ពន្យល់​របស់ លោក លី សុផល​។​
 
​បច្ចុប្បន្ន គេ​សង្កេតឃើញថា មាន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​កាន់តែច្រើន បាន​ចំណាយ​ពេលវេលា​ដាំ​បន្លែបង្ការ សម្រាប់​បរិភោគ​ខ្លួនឯង​។ ការណ៍​នេះ ធ្វើ​ឲ្យ​លោក សុផល ដែលជា​ដាំ​បន្លែ​នៅផ្ទះ​មួយរូប​ដែរ សប្បាយចិត្ត ហើយ​លោក​ក៏​ស្នើ​ទៅ​ពលរដ្ឋ​ដទៃទៀត ចាប់ផ្តើម​ដាំ​បន្លែ​នៅតាម​ផ្ទះ​ឲ្យ​បាន​កាន់តែច្រើន​ផងដែរ​។ លោក សុផល ស្នើ​ដូច្នេះ​ថា​៖«​យើង​គួរតែ​កែច្នៃ​ការដាំ​បន្លែ​នៅតាម​ផ្ទះ​ឱ្យបាន​ច្រើន បើ​ទោះ​បន្លែ​មាន​ពាសពេញ​ផ្សារ​វា​ថោក​ក៏ដោយ ឬក៏​ថា​យើង មាន​ជីវភាព​ប្រសើរ​យ៉ាងណាក៏ដោយ សូម​គិតដល់​សុខភាព ជា​ចម្បង​»​។​
 
​និន្នាការ​នេះ ក៏​ស្រប​ពេលដែល កម្ពុជា​កំពុង​ប្រឈម នឹង​ជំងឺ​កូ​វីដ​-១៩  ហើយ​រដ្ឋាភិបាល​ក៏បាន​លើកទឹកចិត្ត​បន្ថែមទៀត ឱ្យ​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​នៅ​រាជធានី​ភ្នំពេញ កែច្នៃ​ការដាំ​បន្លែ​តាម​ផ្ទះ ដើម្បី​កាត់បន្ថយ​ការចំណាយ ក៏ដូចជា​ចូលរួម​បង្កើន​ស្បៀងអាហារ​ប្រចាំថ្ងៃ​៕













Tag:
 បន្លែ​
 ​លី សុផល​
 Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com