ក្រសួង​ណែនាំ​កន្លែង​កាត់សក់ ហាង​ថែរក្សា​សម្ផស្ស ពង្រឹង​ការការពារ COVID-19
COVID-19
ជាតិ
ក្រសួង​ណែនាំ​កន្លែង​កាត់សក់ ហាង​ថែរក្សា​សម្ផស្ស ពង្រឹង​ការការពារ COVID-19
05, Apr 2020 , 3:59 pm        
រូបភាព
​ភ្នំពេញ​៖​ក្រសួងសុខាភិបាល ណែនាំ​ឱ្យ​អ្នក​ទៅ​កន្លែង​សេវ​វា​កម្ម​កាត់សក់ ថែរក្សា​សម្ផស្ស និង​សេវា​ពាក់ព័ន្ធ​ផ្សេងទៀត រួមទាំង​ម្ចាស់​ហាង ពង្រឹង​វិធានការ​ការពារ​COVID-19​។


 
​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល វិធាន​ការដែល​អ្នក​ទៅ​កន្លែង​កាត់សក់ ឬ​ទៅ​កន្លែង​ថែរក្សា​សម្ផស្ស ត្រូវអនុវត្ត​រួមមាន កាត់បន្ថយ​តាម​ដែល​អាច​ធ្វើបាន ការ​ទៅ​ស្វែងរក​សេវា​កាត់សក់ និង​ថែ​សម្ផស្ស​ក្នុងអំឡុង​ពេលនេះ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​COVID-19​។ 
 
​ករណី​ខានមិនបាន ក្រសួង​ណែនាំ​ទាំង​អ្នក​កាត់សក់ និង​ជាងកាត់សក់ ឲ្យ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ រហូតដល់​កាត់សក់​រួច ហើយ​ក្នុងពេល​កាត់សក់ ពេលធ្វើ​សក់ ឬ​កិច្ចការ​ថែ​សម្ផស្ស ត្រូវ​ចៀសវាង​ការនិយាយស្តី​ទល់មុខ​គ្នា​។ បើ​ចៀស​មិនបាន និយាយ​ឲ្យ​បាន​តិច​បំផុត ហើយ​គេច​មុខ​ចេញពី​គ្នា កុំ​ឲ្យ​តទល់​មុខ​គ្នា​ពេក​។ ចំណែកឯ​ការ​កោរ​រោម​មុខ ជើងសក់ ឬ​ចិញ្ចើម ក្រសួង​ណែនាំ​ឲ្យ​បុគ្គល​ម្នាក់ៗ ធ្វើ​ដោយ​ខ្លួនឯង​។​
 
​ក្រសួងសុខាភិបាល បាន​ណែ​នាំទៅ​ជាងកាត់សក់ ឲ្យ​លាងដៃ​ជាមួយ​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ មុន​ចាប់ផ្តើម​កាត់សក់​ជូន​ភ្ញៀវ​។ ចំណែកឯ​សម្ភារ​ដែល​ប្រើប្រាស់ សម្រាប់​កាត់សក់ ឬ​ថែរក្សា​សម្ផស្ស ត្រូវតែ​លាង​សម្អាត​ជាមួយ​សាប៊ូ ឬ​ត្រាំ​ជាមួយ​អាល់កុល យ៉ាងហោចណាស់​១​នាទី បន្ទាប់ពី​កាត់សក់ ឬ​ថែរក្សា​សម្ផស្ស​រួច​ភ្លាម និង​មុនពេល​យក​វា​ទៅប្រើ​ប្រាស់​លើ​បុគ្គល​ម្នាក់ទៀត​។ 
 
​ចំពោះ​កំណាត់ ឬ​កន្សែង​ដែល​ប្រើ​សម្រាប់​គ្រប​មុខ ឬ​ដងខ្លួន ក្រសួង​ហាម​ដាច់ខាត​យកទៅ​ប្រើប្រាស់​លើ​បុគ្គល​ម្នាក់ទៀត តែ​ត្រូវតែ​បោក​សម្អាត​ឲ្យ​ស្អាត និង​ហាលថ្ងៃ​ឲ្យ​ស្ងួត​ល្អ​។ ជាងកាត់សក់ ឬ​អ្នកផ្តល់​សេវា​ថែ​សម្ផស្ស​ត្រូវ​ប្រើ​ស្រោមដៃ​ប្លា​ស្ទិ​ក​។ រីឯ​កៅអី​កាត់សក់ ឬ​កៅអីអង្គុយ ត្រូវដាក់​ឲ្យ​មាន​គម្លាត​ពីគ្នា​លើសពី​១​ម៉ែត្រ​កន្លះ​ឡើង​។  
 
​ក្រោយពី​កាត់សក់​រួច ត្រូវ​មុជទឹក កក់​ស្អាត និង​សម្អាត​ខ្លួនប្រាណ​ភ្លាមៗ មុននឹង​ជួប​ជាមួយ​សមាជិកគ្រួសារ​នៅក្នុង​ផ្ទះ​។ ទាំង​អ្នក​កាត់សក់ និង​ជាងកាត់សក់ ត្រូវ​ចៀសវាង​ការចាប់​ដៃ ឬ​ប៉ះពាល់​គ្នា ក្នុងអំឡុងពេល​កាត់សក់ ឬ​ថែរក្សា​សម្ផស្ស​។ ប្រសិនបើ​អ្នកមាន​បញ្ហា​សុខភាព​មិនត្រូវ​ទៅ​កាត់សក់ ឬ​សេវា​ថែ​សម្ផស្ស ឬ​សេវា​ពាក់ព័ន្ធ​ឡើយ តែ​ត្រូវ​ស្វែងរក​ការពិនិត្យ​ព្យាបាល ដោយ​ហៅ​ទៅ​លេខ​១១៥ ឬ​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​នៅ​ជិត​លោកអ្នក​។ ទាំងនេះ គឺជា​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កន្លែង​កាត់សក់ ឬ​ថែរក្សា​សម្ផស្ស​៕
 

Tag:
 COVID-19
  កាត់សក់​
  ថែរក្សា​សម្ផស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com