COVID-19
ជាតិ
បាត់ចំណូលព្រោះCOVID-19 អ្នកស៊ីក្លូ ផ្ញើក្តីសង្ឃឹមលើសប្បុរសជន អ្នកធាក់ស៊ីក្លូ
× ភ្នំពេញ៖ ចាប់ពីមានការរីករាលដាលCOVID-19 អ្នកធាក់ស៊ីក្លូ រកចំណូលបានកាន់តែតិច រហូតដល់ការរឹតបន្តឹងបិទទិដ្ឋាការជនបរទេសទៀត គឺធ្វើឱ្យពួកគាត់អស់ចំណូលតែម្ដង។ ទោះបីអំឡុងពេលនេះ អ្នកធ្លាក់ស៊ីក្លូមិនមានភ្ញៀវដឹកក៏ដោយ ប៉ុន្តែក្រុមអ្នកធាក់ស៊ីក្លូទទួលបានសប្បុរជនជួយជាហូរហែ ទាំងអាហារ ថវិកា និងម៉ាស់ អាល់កុល សម្រាប់ការពារការរីករាលដាល COVID-19។
លោក ប៉ា អៀង ប្រកបអាជីពធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៩០មក។ អង្គុយក្រោមម្លប់ដើមអំពិលបារាំងម្តុំវត្តកោះ លោក អៀង អះអាងថា ទើបតែពេលរាលដាលជំងឺCOVID-19នេះទេ ដែលធ្វើក្រុមអ្នកធាក់ស៊ីក្លូរបស់លោក គ្មានអ្នកជិះសោះ។ គ្មានផ្ទះសម្បែង បុរសវ័យ៦៤ឆ្នាំរូបនេះ ត្រូវសម្រាកនៅលើស៊ីក្លូរបស់ និងយកចិញ្ចើមផ្លូវជាទីស្នាក់។
លោក អៀង ឲ្យដឹងទៀតថា លោក មិនបានផ្ញើថវិកា ទៅឱគ្រួសារដែលរស់នៅខេត្តព្រៃវែងទេ កាលពីខែមីនាកន្លងទៅ។ ទោះនៅភ្នំពេញ គ្មានចំណូល ប៉ុន្តែអ្នកធាក់ស៊ីក្លូរូបនេះ ថាលោកមិនត្រឡប់ទៅស្រុកវិញឡើយ ព្រោះទៅក៏គ្មានរបរអ្វីធ្វើដែរ។ ផ្ទុយទៅវិញបើលោកនៅភ្នំពេញ លោកនឹងបានទទួលទានពីសប្បុរសជននានា។ «នៅទីនេះមានសប្បុរសជនជួយ តិចក្ដីច្រើនក្ដីតាមគេផ្ដល់ឱ្យ។ ខ្ញុំជឿថាមិនដាច់ពោះស្លាប់ឡើយ។ រាល់ថ្ងៃមានអ្នកខ្លះជិះឡាន ឬម៉ូតូមកឱ្យបាយប្រអប់ អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រីជាដើម»។ នេះជាការរៀបរាប់របស់ លោក ប៉ា អៀង ប្រាប់សារព័ត៌មានថ្មីៗ។
ក្រៅពីទានរបស់សប្បុរសជន អ្នកធាក់ស៊ីក្លូដូចជារូបលោក ក៏ទទួលបានប្រាក់៧ពាន់រៀលក្នុងមួយថ្ងៃ ពីមូលនិធិទ្រទ្រង់អ្នកធាក់ស៊ីក្លូ របស់សម្ដេច ហ៊ុន សែនផងដែរ។
អ្នកធាក់ស៊ីក្លូម្នាក់ទៀតនៅម្តុំវត្តកោះដែរ គឺលោក ឈឿម សាវឿន ក៏បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗដែរថា លោករំពឹងតែអំណោយពីសប្បុរសជនប៉ុណ្ណោះសព្វថ្ងៃនេះ ព្រោះស៊ីក្លូរបស់លោក គ្មានអ្នកជិញទាល់តែសោះ។ លោក សាវឿនដែលមានស្រុកកំណើតនៅខេត្តកណ្តាលរៀបរាប់ដូច្នេះ៖«រាល់ថ្ងៃរស់ដោយសារសប្បុរសជនផ្ដល់ឱ្យមាន មី ត្រីខ លុយបន្តិចបន្តួច រួមទាំងម៉ាស់ អាល់កុល ឱ្យការពារទៀតផង»។
បាត់ចំណូលប្រចាំថ្ងៃ ធ្វើឲ្យបុរសវ័យ៥៨ឆ្នាំរូបនេះ ប្រឈមនឹងកង្វះប្រាក់បង់ថ្លៃផ្ទះជួលមួយខែ៧០ដុល្លារថែមទៀត ខណៈដែលភរិយារបស់ខ្លួនដែលធ្វើការនៅភោជនីយដ្ឋាន ក៏ត្រូវគេផ្អាកការងារមួយរយៈទៅហើយនោះ។ ដូច្នេះហើយ បើមានភ្ញៀវជិះលោកក៏ដឹក ដើម្បីបានចំណូលខ្លះ បើទោះជាលោកបារម្ភខ្លាចឆ្លងជំងឺCOVID-19ក៏ដោយ។ ទន្ទឹមនឹងនោះ លោក សាវឿន ក៏មានម៉ាស់ ទឹកអាល់កុល សម្រាប់ការពារដែរ។
ចំណែកលោក ឡេង សុផាត ដែលជាអ្នកធាក់ស៊ីក្លូម្នាក់ទៀត ក៏ជួបបញ្ហាដូចគ្នាដែរ។ លោកថា បើ COVID-19 នៅតែបន្តទៅមុខទៀតច្បាស់ណាស់ថា លោកនឹងជួបការលំបាកអត់ឃ្លាន។ ប៉ុន្តែបុរសវ័យ៦២ឆ្នាំរូបនេះ នៅមានសង្ឃឹមលើសប្បុរសជនថា នឹងមិនទុកឱ្យក្រុមអ្នកធាក់ស៊ីក្លូដូចលោក អត់ឃ្លានស្លាប់ឡើយ។ «មានមួយចំនួនសប្បុរសជនដែលធ្លាប់ និងមិនធ្លាប់ជួយ សង្ឃឹមថាពួកនៅតែជួយដល់ពួកខ្ញុំបន្តទៀត នៅអំឡុងពេលនេះ។ ខ្ញុំសប្បាយចិត្ត ពេលមានយុវជននិងបងប្អូន ដែលបានបារម្ភពីសុខទុក្ខក្រុមអ្នកធាក់ស៊ីក្លូ និងអ្នកគ្មានផ្ទះនៅតាមចញ្ចើមផ្លូវដូចពួកខ្ញុំ»។ នេះជាការរៀបរាប់របស់លោក ឡេង សុផាត៕
© រក្សាសិទ្ធិដោយ thmeythmey.com