COVID-19
ជាតិ
វិធានការ​ការពារ សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ផ្ទុក​មនុស្ស​លើសពី​១០​នាក់
05, Apr 2020 , 5:02 pm        
រូបភាព
​ក្រសួងសុខាភិបាល បាន​ណែនាំ​មួយចំនួន សម្រាប់​អនុវត្ត​លើ​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ផ្ទុក​មនុស្ស​លើសពី​១០​នាក់ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​COVID-19​។ បើតាម​ការណែនាំ ម្ចាស់​រថយន្ត​ត្រូវ​លាង​សម្អាត​រថយន្ត​ឲ្យ​ស្អាត ត្រូវមាន​ទឹក​អាល់កុល​សម្រាប់​អ្នកដំណើរ បើក​បង្អួច​រថយន្ត ជំនួស​ឲ្យ​ការបើក​ម៉ាស៊ីនត្រជាក់​។ ទាំង​អ្នកបើកបរ និង​អ្នកដំណើរ​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​អនាម័យ​ជានិច្ច​។​


 
​ម្ចាស់​រថយន្ត និង​អ្នកធ្វើដំណើរ​តាម​មធ្យោបាយ​រួម​លើសពី​១០​នាក់ ត្រូវ​លើកទឹកចិត្ត​ឱ្យ​ពាក់​ម៉ាស់ ឬ​ក្រមា​ខ្ទប់មាត់ ច្រមុះ ចៀសវាង​ការចម្លង​ជាយថាហេតុ​នៃ​វីរុស​ផ្ដាសាយ​ផ្សេងៗ ពិសេស​COVID-19​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ មេសា​នេះ​។ 
 
​ក្រៅពីនេះ ក្រសួងសុខាភិបាល  បាន​ណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​បើក​បង្អួច ដើម្បី​ឱ្យមាន​ខ្យល់​ចេញ​-​ចូល​ល្អ និង​មិនបាច់​ប្រើ​ម៉ា​ស៊ី​ត្រជាក់​ឡើយ​។ ម្ចាស់​រថយន្ត​ត្រូវ ​សម្អាត​រថយន្ត​ជាប្រចាំ ដោយ​ទឹកសាប៊ូ ឬ​អាល់កុល តាម​ធ្នាក់​កៅអី​។ ជាមួយគ្នានេះ ក៏ត្រូវ​មានទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ដល់​អ្នកធ្វើដំណើរ​មុខ​ពេល​ឡើង​ជិះ​រថយន្ត​ផងដែរ​។ 
 
​ប្រសិនបើ អ្នកបើកបរ​រថយន្ត មាន​រោគសញ្ញា​ផ្ដាសាយ ត្រូវ​ផ្អាក​បើកបរ​ជា​បណ្ដោះអាសន្ន ហើយ​ត្រូវ​ទៅ​ត្រួតពិនិត្យ​សុខភាព​ជាបន្ទាន់​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com