Koica ផ្តល់ជំនួយ​១០​លាន​ដុល្លារ គាំទ្រ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​នៅ​កម្ពុជា​
ជាតិ
Koica ផ្តល់ជំនួយ​១០​លាន​ដុល្លារ គាំទ្រ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​នៅ​កម្ពុជា​
05, Apr 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(Koica) បាន​ចុះហត្ថលេខា​លើ​ជំនួយ​ទឹកប្រាក់​ចំនួន ១០​លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​ទៅលើ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន នៅ​កម្ពុជា​។ ទឹកប្រាក់​ជំនួយ​នេះ មាន​រយៈពេល​៥​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤ ដែល​នឹង​ផ្តល់​ប្រយោជន៍​ដល់​សិស្សានុសិស្ស​ប្រមាណ ៦៥,០០​នាក់ និង​កសិករ​ខ្នាតតូច​ប្រមាណ ៧៥០​គ្រួសារ​។

 
​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (Koica) នៅ​ថ្ងៃទី​៣០ ខែមីនា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ជំនួយ​ចំនួន ១០​លាន​ដុល្លារ ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​Koica ថវិកា​ជំនួយ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ទៅលើ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ដោយ​ប្រើប្រាស់​កសិផល​សហគម​ន៍ ដែល​កម្មវិធី​ស្បៀងអាហារ​ពិភពលោក កំពុង​អនុវត្ត​ផ្ទាល់​ជាមួយ​ក្រសួង​អប់រំ​។ ថវិកា​នេះ គឺជា​ជំនួយ​ដំបូងបង្អស់ របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ប្រទេស​កូរ៉េ ដែលមាន​រយៈពេល​៥​ឆ្នាំ ចាប់ផ្តើម​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​Koica បញ្ជាក់​ដូច្នេះ​ថា​៖«​ថវិកា​ជំនួយ​នេះ នឹង​ជួយ​ផ្សារភ្ជាប់​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ទៅនឹង​សុខភាព​អាហារូបត្ថម្ភ និង​ការអភិវឌ្ឍន៍​សហគម​ន៍​ជនបទ ដោយ​ជួយ​ជំរុញ​កំណើន​កសិកម្ម និង​សន្តិសុខ​ស្បៀង តាមរយៈ​ការទិញ និង​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ មក​ចម្អិន​អាហារ​ក្នុង​សាលារៀន​»​។​
 
​គម្រោង​នេះ នឹង​ផ្តល់​ផល​ដល់​សិស្ស​ប្រមាណ ៦៥,០០០​នាក់ ក្នុងនោះ​ពាក់កណ្តាល​ជា​កុមារី ដែល​កំពុង​សិក្សា​នៅ​តំបន់​អសន្តិសុខ​ស្បៀង ដែលមាន​អត្រា​កង្វះ​អាហារូបត្ថម្ភ​ខ្ពស់ និង​សូចនាករ​អប់រំ​ទាប​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល រួម​បន្ត​បញ្ជាក់ថា គម្រោង​នេះ នឹង​ជួយ​បង្កើត​ចំណូល​ដល់​កសិករ​ខ្នាតតូច​ប្រមាណ​៧៥០​គ្រួសារ ដែល​នឹង​ក្លាយជា​អ្នកផ្គត់ផ្គង់​អាហារ​សម្រាប់​គម្រោង​។ ជាមួយគ្នានេះ ទីប្រឹក្សា​ឃុំ​-​សង្កាត់ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន នឹង​ទទួលបាន​ការបណ្តុះបណ្តាល ការលើកកម្ពស់​សមត្ថ​ភាព ទៅលើ​ការគ្រប់គ្រង​គម្រោង​។ 
 
​បើតាម​ប្រកាស​ព័ត៌មាន​ដដែល គម្រោង​នេះ នឹង​ជួយ​គាំទ្រ​ដល់​ដំណើរ​ការផ្ទេរ​ការគ្រប់គ្រង​គម្រោង មក​នៅ​ជា​កម្មសិទ្ធិ​របស់​ក្រសួង​អប់រំ​ឱ្យបាន​នៅ​ឆ្នាំ​២០២៤៕

Tag:
 អប់រំ​
 ​ជំនួយ​
 ​អាហារូបត្ថម្ភ​
© រក្សាសិទ្ធិដោយ thmeythmey.com