ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សំណង់​ឈើ​ក្នុង​ស្រះ​អង្គរវត្ត ពន្លឺ​ថ្មី​ដល់​បុរាណ​វិទូ​ក្នុង​កិច្ចការ​ស្រាវជ្រាវ
05, Apr 2020 , 8:29 pm        
រូបភាព
​សៀមរាប​៖ អ្នក​បុរាណវិទ្យា​បានបង្ហាញ​ការភ្ញាក់ផ្អើល នៅពេល​ប្រទះឃើញ​សំណង់​ឈើ​មួយ​កប់​ក្នុង​ស្រះ​អង្គរវត្ត​។ ការ​ប្រទះ​នេះ គឺជា​ភស្ដុតាង ឬ​ពន្លឺ​ថ្មី​មួយទៀត សម្រាប់​អ្នក​បុរាណ​វិទូ សម្រាប់​សិក្សា​ស្រាវជ្រាវ​បន្ថែម​ទៅលើ​សំណង់​ប្រាសាទអង្គរវត្ត​។ នេះ​ជា​ភស្ដុតាង​បែប​វិទ្យាសាស្ដ្រ បន្ថែម​លើ​ភស្ដុតាង​ដែលមាន​កន្លងមក​។ អ្នក​បុរាណ​វិទូ នឹង​បន្ត​ពង្រីក​រណ្ដៅ​កំណាយ ដើម្បី​ដឹង​ច្បាស់​ពី​សំណង់​ឈើ​លាយ​ថ្ម​ដែល​គេ​បញ្ចុះ​នៅ​កណ្ដាល​ស្រះ​អង្គរវត្ត​នេះ​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
​ជា​រឿង​ថ្មី ប្លែក ដែល​មិន​ធ្លាប់​ដឹង​កន្លងមក គឺមាន​សំណង់​បញ្ចុះ​កណ្ដាល​ស្រះ​អង្គរវត្ត​។ ទាំង​អ្នក​បុរាណវិទ្យា និង​សាធារណជន បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ទៅនឹង​គំហើញ​ថ្មី​នេះ ដ្បិត​កន្លងមក​មិន​ធ្លាប់មាន​ព័ត៌មាន​ដូចនេះ​ឡើយ​។​
 
​អាថ៌កំបាំង​ជិត​១​ពាន់​ឆ្នាំ​មួយ ត្រូវបាន​ប្រទះឃើញ​ក្នុង​ស្រះ​អង្គរវត្ត ខណៈដែល​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​កំពុង​ធ្វើ​កំណាយ និង​ស្ដារ​ស្រះ​អង្គរ​ឡើងវិញ​។ ការរកឃើញ​នេះ​ជា​ភស្ដុតាង​ថ្មី​បន្ថែម ដែល​អាចឱ្យ​អ្នកស្រាវជ្រាវ​ឃើញ​ពន្លឺ​ថ្មីៗ​បន្ថែមទៀត​លើ​ការសិក្សា​ពី​សំណង់​ប្រាសាទអង្គរវត្ត​។​
 
​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការរកឃើញ​នេះ​ជា​ភស្ដុតាង​បែប​វិទ្យាសាស្ដ្រ ដែល​កន្លងមក​អ្នកស្រាវជ្រាវ​ពឹង​លើ​សិលាចារឹក បដិមា ឬ​ចម្លាក់​លើ​ការស្រាវជ្រាវ​ប្រាសាទអង្គរវត្ត​។ លោក​បន្ថែមថា នេះ​ជា​អាថ៌កំបាំង​ដ៏​ធំ​មួយ ដែលមាន​អាយុ​ជិត​១​ពាន់​ឆ្នាំ ហើយ​អាច​ឱ្យដឹងពី​ដំណើររឿង​នៃ​ការសាងសង់​ស្រះ​អង្គរវត្ត និង​ភស្ដុតាង​បញ្ជាក់ថា ទីតាំង​នេះ​មាន​មនុស្ស​រស់នៅ​មិន​ដាច់​ចាប់ពី​ពេល​កសាង រហូតដល់​សម័យ​បច្ចុប្បន្ន​។​
 
​តាម​ការពិនិត្យ​ជាបឋម​របស់​អ្នកស្រាវជ្រាវ សំណង់​ដែល​ប្រទះឃើញ​គ្រឹះ​ជើង​ក្រោម​មាន​សសរឈើ និង​ជើងតាង​ជា​ថ្ម កប់​ក្នុង​រណ្ដៅ​ដី និង​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ​។ លោក សុខ​រិទ្ធី ពន្យល់ថា​៖« ជា​រចនាសម្ព័ន្ធ​សំណង់​ឈើ​មួយ​ល្អ​ឯក ប្រហែល​១​ពាន់​ឆ្នាំ​នៅតែមាន​សភាព​ដូចដើម មាន​លក្ខណៈ​បច្ចេកទេសផ្នែក​សិល្បៈ ស្ថាបត្យកម្ម​ឈើ បូក​ជាមួយនឹង​ថ្ម ឃើញ​ដេក​នៅ​កណ្ដាល​រណ្ដៅ​កំណាយ ជា​រចនាសម្ព័ន្ធ​មួយ​ដែល​ជាទី​អាថ៌កំបាំង​ដ៏​សំខាន់បំផុត​របស់​អង្គរវត្ត គឺ​នៅ​ចំ​កណ្ដាល​ស្រះ​»​។​


 
​តាម​ការ​ពិនិត្យមើល​ជាក់ស្ដែង ទីតាំង​ដែល​ប្រទះឃើញ​សំណង់​ឈើ​នោះ​មានការ​រៀបចំ​ស្រទាប់ដី​បាន​យ៉ាង​ត្រឹមត្រូវ មាន​ស្រទាប់ដី​ធម្មតា ខ្សាច់ ហើយ​មាន​ស្រទាប់ដី​ដែល​ទាក់ទង​នឹង​ធញ្ញជាតិ ស្លឹកឈើ​ផ្សេងៗ ដែល​គេ​បញ្ចុះ​ជាមួយ​។ អ្នក​បុរាណវិទ្យា​ក៏​ប្រទះឃើញ​នូវ​សំបក​លៀស គ្រាំ​ដែល​តំណាងឱ្យ​សមុទ្រ ព្រមទាំង​បំណែក​ភាជន៍​ផ្សេងៗ​។​ល​។ តាមរយៈ​ភស្ដុតាង​ទាំងនេះ អាច​ឱ្យគេ​ដឹងថា មនុស្ស​មក​គោរពបូជា​និង​មក​សំពះ​អង្គរវត្ត​មិន​ដាច់​។ នេះ​ជាការ​សន្និដ្ឋាន​របស់លោក អ៊ឹម សុខ​រិទ្ធី​។ លោក​បន្ថែមថា ការស្រាវជ្រាវ​នឹង​បន្ត​ទៅមុខទៀត ដើម្បីឱ្យ​បានដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​សំណង់​នៅ​កណ្ដាល​ស្រះ​អង្គរវត្ត​នេះ​។ «​ការស្រាវជ្រាវ​នឹង​បន្ដ​ទៅមុខទៀត រឿង​សំខាន់​គឺ​បានដឹងថា ប្រពៃណី​នៃ​ការរៀបចំ​ទីឋាន​សំណង់​ទឹក​ផ្សេងៗ វា​តែងតែមាន​ផ្ចិត​របស់​វា តែងមាន​សំណង់​មួយ​នៅ​ចំ​កណ្ដាល ដូច​នៅ​មេបុណ្យ​មាន​អាង​មេបុណ្យ ស្រះស្រង់​មាន គឺជា​ប្រពៃណី​នៃ​ការកសាង ជា​ជំនឿ​ដែល​វា​ពាក់ព័ន្ធ​នឹង​ប្រាសាទ​»​។​
 
​លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ពី​ជំនឿ​នៃ​ការកសាង​ស្រះ​នៅតាម​បណ្ដា​ប្រាសាទ ក៏ដូចជា​នៅ​ស្រះ​អង្គរវត្ត​យ៉ាង​ដូច្នេះ​ថា​៖« ស្រះ​មាន​ប្រយោជន៍​អី​នៅ​អង្គរវត្ត​? ស្រះ​ទី​១​គឺ​សំណង់​ដែល​គេ​ប្រៀប​នឹង​ទន្លេ​គង្គា ឬ​ទន្លេ​យ៉ាម៉ា​ណា ដែល​នៅ​អង្គរ​មាន​២ ស្រះ​ខាងជើង និង​ស្រះ​ខាងត្បូង​។ តាម​ទម្លាប់​នៅ​ឥណ្ឌា​មុន​យើង​ចូល​ប្រាសាទ គឺ​ដើរ​ពី​ឋានមនុស្ស​ទៅ​ឋាន​ព្រះ គឺ​ត្រូវមាន​គ្រឿង​បន្សុទ្ធ​ខ្លួន​ឱ្យ​បរិសុទ្ធ​សិន​មុន​ចូល​ប្រាសាទ ចំពោះ​យើង​អត់​មាន​ឆ្លាក់​ព្រះ​ទេ តែ​យើង​ឆ្លាក់​ស្រះ​មួយ​ទាំងមូល​ដែល​សង់​សងខាង​ផ្លូវ​ចូល តំណាងឱ្យ​ទឹកបរិសុទ្ធ​មាន​ទន្លេ​ទាំង​២​ដើម្បី​បន្សុទ្ធ​ខ្លួន​»​។​
 
​ជាងនេះទៅទៀត អ្វីដែល​ធ្វើឱ្យ​អ្នកស្រាវជ្រាវ​កាន់តែ​មាន​ចម្ងល់​ទៅនឹង​រចនាសម្ព័ន្ធ​ស្រះ នោះ​គឺ​ការរកឃើញ​ព្រះ​កេ​ណេ​ស​នៃ​ព្រហ្មញ្ញសាសនា​មួយអង្គ កប់​នៅ​ចំ​កណ្ដាល​នៃ​ផ្ចិត​ស្រះ​តែម្ដង​។ លោក អ៊ឹម សុខ​រិទ្ធី ប្រាប់ថា នេះ​ជា​រឿង​ដែល​ការសិក្សា​ស្រាវជ្រាវ​នៅ​បន្តធ្វើ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​៕





Tag:
 កំណាយ​ស្រាវជ្រាវ​
  បុរាណ​វិទូ​
  ស្រះ​អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com