COVID-19
ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច បាន​បង្កើត​ក្រុមការងារ​ចំនួន​៤ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ប្រយុទ្ធ​ទល់នឹង​COVID-19
05, Apr 2020 , 11:19 pm        
រូបភាព
រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
រូបភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ នៅ​ថ្ងៃទី​៣ មេសា បាន​បង្កើត​ក្រុមការងារ​ចំនួន​៤ មាន​តួនាទី​ដោយឡែក​ពីគ្នា ប៉ុន្តែ​មាន​គោលដៅ​រួម គឺ​ជួយ​ប្រជាពលរដ្ឋ​ប្រយុទ្ធ​តទល់​នឹង​ជំងឺ​កូ​វីដ​-១៩​។ ក្រុមការងារ​ទាំង​៤ រួមមាន ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និង​ជំនួយ​សង្គម និង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច សិក្សា រៀបចំ ដាក់ចេញ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ​។​

 
​ក្រុមការងារ​ចំនួន​៤ ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច​បង្កើតឡើង ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ ដ្បិត​មាន​តួនាទី​ដោយឡែក​ពីគ្នា ប៉ុន្តែ​ក្រុមការងារ​ទាំង​៤​នេះ មាន​គោលដៅ​រួម គឺ​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​លំបាក​នេះ​។ ក្រុមការងារ​ទាំង​៤ រួមមាន ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និង​ជំនួយ​សង្គម និង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច សិក្សា រៀបចំ ដាក់ចេញ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ​។​
 
​បើតាម​ក្រសួង​សេដ្ឋកិច្ច ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ  រួមមាន អង្ករ បន្លែ ត្រី សាច់ ដែលជា​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​។ ក្រុមការងារ​នេះ ក៏មាន​តួនាទី​តាមដាន និង​គ្រប់គ្រង​បរិមាណ​ផ្គត់​ផ្គត់ និង​តម្រូវការ​នៃ​ទំនិញ​យុទ្ធសាស្ត្រ​ផងដែរ ជាពិសេស ទប់ស្កាត់​កុំ​ឲ្យ​ទំនិញ​យុទ្ធសាស្ត្រ​ឡើងថ្លៃ​យ៉ាងគំហុក​។​
 
​ចំណែក​ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម មាន​មុខនាទី​ផ្តោតលើ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ ក្រុម​ជន​ងាយ​រងគ្រោះ និង​ក្រុម​ជន​ដែល​ត្រូវការ​ការ​គាំពារ​ជា​ចាំបាច់ នៅក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​រីឯ​ក្រុមការងារ​រៀបចំ​គោលនយោបាយ​ថវិកា និង​ហិរញ្ញប្បទាន និង​ជំនួយ​សង្គម មាន​តួនាទី​សិក្សា និង​កំណត់​ទំហំ​តម្រូវការ​ថវិកា​ជាក់ស្ដែង ស្របតាម​ការចាំបាច់ ដោយ​ឈរលើ​គោលការណ៍​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩, រក្សា​លំនឹង​ជីវភាព​ពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត ក៏ដូចជា​ស្រោចស្រង់ និង​រក្សា​លំនឹង​អាជីវកម្ម និង​ធុរកិច្ច​។ ក្រុមការងារ​នេះ ក៏ត្រូវ​បន្ត​ពិនិត្យ និង​ផ្តល់​អនុ​សាស្ត្រ​ពាក់​ព័​ន្ថ​នឹង​ការធ្វើ​វិចារណ​កម្ម​ចំណាយ​ថវិកា និង​ការធ្វើ​វិភាជន៍​ថវិកា​ឡើងវិញ ដើម្បី​បំពេញតម្រូវការ​ថវិកា​សម្រាប់​ការប្រយុទ្ធ​នឹង​កូ​វីដ​-១៩​ផង និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​ផង​។ បន្ថែម​ពីនេះ ក្រុមការងារ​ក៏ត្រូវ​បន្ត​ការកៀងគរ​ធនធាន​ហិរញ្ញប្បទាន​ពី​ក្រៅប្រទេស ក្រោមរូបភាព​មូលនិធិ​ទ្រទ្រង់ ក៏ដូចជា​ជំនួយ​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​។ ជាមួយគ្នានេះ​ការសិក្សា រៀបចំ និង​ពិនិត្យ​លទ្ធភាព​ខ្ចី​ឥណទាន​ពី​ធនាគារពាណិជ្ជ និង​ធនាគារជាតិ ក៏ដូចជា​កៀងគរ​ហិរញ្ញប្បទាន​ពី​វិស័យ​ឯកជន​តាមរយៈ​ការបោះ​ផ្សាយ​សញ្ញា​បណ្ណ​រដ្ឋ ក៏​ជាការ​ទទួលខុសត្រូវ ទទួលខុសត្រូវ​របស់​រ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​នេះដែរ​។ 
 
​ដោយឡែក​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ចំពោះ​កិច្ច សិក្សា​រៀបចំ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង និង​ដោះស្រាយ​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួន ក្នុង​ក្របខណ្ឌ​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​វិញ មាន​ភារកិច្ច​វាយតម្លៃ​ពី​សភាពការណ៍​នៃ​វិស័យសេដ្ឋកិច្ច និង​កសិកម្ម​។ ក្រុមការងារ​ក៏មាន​តួនាទី រៀបចំ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​(EBA)​លើ​ទំនិញ​មួយចំនួន​ផងដែរ​។  ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​សហប្រធាន​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​នេះ ត្រូវ​ជំរុញ​ការអនុវត្ត ត្រួ​ពិនិត្យ និង​តាមដាន​ការអនុវត្ត​វិធានការ​ឆ្លើយតប​នឹង​វិបត្តិ ក៏ដូចជា​ពិនិត្យ រៀបចំ និង​តាម​ការអនុវត្ត​វិធានការ​ម៉ាក្រូ​ប្រុងប្រយ័ត្ន ដើម្បី​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។ 
 
​បើតាម​សេចក្ដីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច សមាសភាព​ទាំងអស់​មកពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួងសុខាភិបាល​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួងពាណិជ្ជកម្ម​, ក្រសួងផែនការ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ធនាគារជាតិ​នៃ​កម្ពុជា​, ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​៕

© រក្សាសិទ្ធិដោយ thmeythmey.com