COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ថៃ ព្រមាន​មន្ទីរពេទ្យ​ឯកជន​មិន​ឲ្យ​គិតថ្លៃ​ព្យាបាល​ជំងឺ COVID-19
06, Apr 2020 , 11:25 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ថៃ បាន​ព្រមាន​មន្ទីរពេទ្យ​ឯកជន​មិន​ឲ្យ​ផ្ងើ​វិក្កយបត្រ​ថ្លៃ​ព្យាបាល COVID-19 ទៅកាន់​អ្នកជំងឺ ឫ​គ្រួសារ​អ្នកជំងឺ​ឡើយ​។ នេះ​ក៏​ព្រោះតែ​ថ្លៃ​ចំណាយ​ទាំងអស់នោះ​នឹងត្រូវ​ទូទាត់​ដោយ​រដ្ឋាភិបាល​។ នេះ​យោងតាម​កាសែត Bangkok Post ។​

 
​សេចក្តី​ព្រមាន​មន្ទីរពេទ្យ​ឯកជន​ពាក់ព័ន្ធ​ការយកថ្លៃ​ព្យាបាល ត្រូវបាន​បង្ហោះ​លើ​ទំព័រ ហេ្វ​ស​ប៊ុ​ក​រដ្ឋាភិបាល​ថៃ បន្ទាប់ពី​មានការ​បណ្តឹង ដែលថា អ្នកជំងឺ​COVID-19 សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ តម្រូវ​ឲ្យ​បង់ថ្លៃ​ព្យាបាល និង​សេវា​។​ដែល​ក្នុង​ករណីខ្លះ​មានតម្លៃ​លើស​១​សែន​បាត​(​ជាង​៣០០០​ដុល្លារ​)​។​
 
​រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​មន្ទីរពេទ្យ​ឯកជន ឲ្យ​រក្សា​កំណត់ត្រា​ថ្លៃ​ព្យាបាល និង​ផ្ងើ​ទៅកាន់​ភ្នាក់ងារ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​។ បទបញ្ជា​ស្តីពី​ការទូទាត់​សង​ចំណាយ​ខាងលើ ដែល​ព្រាង​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល និង​ទទួលបាន​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី នឹងមាន​សុពលភាព​នាពេល​ខ្លី​ខាងមុខ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា តាំងតែ​ពី​ដើមខែ​ធ្នូ​មក នាយកដ្ឋាន​គាំទ្រ​សេវា​សុខាភិបាល ទទូច​ឲ្យ​ថ្លៃ​ព្យាបាល​ជំងឺ COVID-19 ត្រូវ​រ៉ាប់រង​ក្រោម​បេឡា​របប​សន្តិសុខ​សុខាភិបាល​។ ការ​រ៉ាប់រង​ថ្លៃ​ព្យាបាល នឹងត្រូវ​ធ្វើឡើង​ទាំងស្រុង ឫ​មួយផ្នែក​អាស្រ័យ​តាម​ប្រភេទ​របប​បេឡា​ដែល​ទទួល​រ៉ាប់រង​ប្រជាពលរដ្ឋ​។ នៅ​ថៃ បុគ្គលិក​ក្នុង​វិស័យ​ឯកជន​ត្រូវ​រ៉ាប់រង​ដោយ​បេឡា​របប​សន្តិសុខ​សង្គម ចំណែក​មន្ត្រីរាជការ​ត្រូវ​រ៉ាប់រង​ដោយ​របប​សុខមាលភាព និង​ប្រជាពលរដ្ឋ ត្រូវ​រ៉ាប់រង​ដោយ​របប​សកល​ដែលមាន​« បណ្ណ​មាស​»​។ 
 
​ពលរដ្ឋ​ថៃ​ដែលមាន «​បណ្ណ​មាស​» ទទួល​បានការ​ព្យា​ល​បាល​ជំងឺ COVID-19 ដោយ​មិន​គិតថ្លៃ​ចាប់ពី​ថ្ងៃទី​២ ខែមេសា​។ ការិយាល័យ​សន្តិសុខ​សុខាភិបាល​ជាតិ ក៏បាន​ចេញផ្សាយ​ផងដែរ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​បទបញ្ញត្តិ និង​ការទូទាត់​សង ថ្លៃ និង​សេវា​ព្យាបាល​ជំងឺ COVID-19 ដែល​ទទួលបាន​ការអនុញ្ញាត​ដោយ​គណៈ​គ្រូពេទ្យ​។ 
 
​ដោយឡែក អ្នកជំងឺ​ដែល​មិន​សម្រាក​នៅ​មន្ទីរពេទ្យ ការិយាល័យ​សន្តិសុខ​សុខាភិបាល​នឹង​ចេញថ្លៃ​ពិនិត្យ​តេស្ត COVID-19 និង​ឧបករណ៍​ការពារ​ខ្លួន​ដែលមាន​តម្លៃ​សរុប​មិន​លើសពី​៣​ពាន់​បាត (​ជាង ៩០​ដុល្លា​)​។ 
 
​សេចក្តីជូនដំណឹង​ក៏​រួមបញ្ចូល​ថ្លៃ​រ៉ាប់រង​សម្រាប់​អ្នក​សម្រាក​នៅ​មន្ទីរពេទ្យ ដែល​ក្នុងនោះ​ការ​រ៉ាប់រង​ថ្លៃ​ឱសថ​មានតម្លៃ ៧២,០០០​បាត (​ជាង ២,២០០​ដុល្លារ​) និង​ថ្លៃ​ស្នាក់នៅ ដែលមាន​តម្លៃ ២,៥០០​ដុល្លារ​(​ជាង ៧៥​ដុល្លារ​) ក្នុង​មួយ​យប់​។​
 
​ផ្អែក​តាម​សេចក្តីជូនដំណឹង​ខាងលើ បើសិនជា​អ្នកជំងឺ​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ការទូទាត់​សង​ចំណាយ​ព្យាបាល នឹងត្រូវ​ធ្វើ​ស្របតាម​បទ​ប​ញ្ញ​តិ្ត​របស់​ក្រសួងសុខាភិបាល​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៥ ខែមេសា ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 ចំនួន ២,១៦៩​ករណី ស្លាប់​ចំនួន​២៣​ករណី និង​ជាសះស្បើយ​ចំនួន ៦៧៤​ករណី​៕

© រក្សាសិទ្ធិដោយ thmeythmey.com