គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសជាង៩,១សែននាក់ បានចូលមកកម្ពុជា ហើយទន្ទឹមនេះ មានភ្ញៀវទេសចរបរទេសជាង៩,៤សែននាក់ បានចាកចេញពីកម្ពុជា។ នេះបើតាមលោក កែវ វណ្ណថន អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
លោក កែវ វណ្ណថន អះអាងថា បច្ចុប្បន្ន ភ្ញៀវទេសចរបរទេស ដែលកំពុងបន្តស្នាក់នៅកម្ពុជា មានជាង៣,៨ម៉ឺននាក់។ យ៉ាងណា លោក ពុំបានផ្តល់ព័ត៌មានលម្អិតឡើយថា ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង៣,៨ម៉ឺននាក់នោះ ជនជាតិណា ដែលមានចំនួនច្រើនជាងគេ ដោយលោកគ្រាន់តែបញ្ជាក់ថា មានគ្រប់សញ្ជាតិ។
នៅកម្ពុជា វិស័យទេសចណ៍ និង វិស័យកាត់ដេរ កំពុងជួបវិបត្តិធ្ងន់ធ្ងរជាងគេ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ-១៩។ ជាក់ស្តែង រោងច្រកនៅកម្ពុជា មានដល់ទៅជាង៩០ហើយ ដែលព្យួរការងារ ដោយក្នុងនោះ មានកម្មករ-កម្មការិនីជាង៦,១ម៉ឺននាក់ ដែលរងផលប៉ះពាល់។ រីឯ អង្គរវត្ត ដែលធ្លាប់តែមានភ្ញៀវទេសចរស្អេកស្កះ ក៏ប្រែជាស្ងាត់ជ្រងំ។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ក្រសួងការបរទេស បានចេញសេចក្តីសម្រេចមួយ ដោយអនុញ្ញាត ឲ្យគ្រប់ភ្ញៀវទេសចរបរទេស អាចបន្តស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយរួចផុតការផាកពិន័យ ទោះជាទិដ្ឋាការរបស់ពួកគេ ផុតសុពលភាពក៏ដោយ។ ការសម្រេចបែបនេះ គឺដោយសារតែកម្ពុជា យល់ថា ក្នុងចំណោមពួកគេ មានអ្នកខ្លះ មិនទាន់អាចវិលត្រឡប់ទៅប្រទេសកំណើតវិញ ព្រោះគ្មានជើងហោះហើរ។
ជាមួយគ្នានេះ កម្ពុជា បានរឹតបន្តឹងការផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរបរទេស ចូលមកកម្ពុជា ក្នុងគោលបំណងទប់ស្កាត់ការរាលជំងឺកូវីដ-១៩។ ជនបរទេសណា ដែលចង់មកកម្ពុជា ត្រូវមានលិខិតបញ្ជាក់សុខភាពជាមុនសិន ថា គ្មានជំងឺកូវីដ-១៩ និងត្រូវមានប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងឯកសារធានារ៉ាប់រងសុខភាព។ ហើយពេលមកដល់កម្ពុជា គ្រប់ជនបរទេស ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ក្នុងរយៈពេលណាមួយ តាមការកំណត់របស់ក្រសួងសុខាភិបាល។
លើសពីនេះ កម្ពុជា សម្រេចបិទទាំងផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាសជាមួយវៀតណាម និង បិទផ្លូវគោកជាមួយថៃ ដោយមិនអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរទៅមកឡើយ។ តែប្រទសទាំង៣ នៅតែបន្តដឹកជញ្ជូនទំនិញទៅមកជាមួយគ្នាជាធម្មតា។
រវាងកម្ពុជានិងវៀតណាម ហាក់មិនឮព័ត៌មានថា នៅមានប្រជាជន បន្តធ្វើដំណើរទៅមកនោះទេ ក្រោយប្រទេសទាំង២ សម្រេចបិទគ្រប់ច្រកចេញចូល។ តែចំពោះកម្ពុជានិងថៃ នៅមានខ្លះៗ។
លោក កែវ វណ្ណថន មានប្រសាសន៍ថា ចំពោះអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដែលបញ្ជូនទៅព្យាបាលនៅថៃ ភាគីកម្ពុជា ត្រូវចរចាជាមួយភាគីថៃ ដើម្បីសុំការអនុញ្ញាតឲ្យអ្នកជំងឺ ចូលទៅ។ ម្យ៉ាងទៀត ពលករខ្មែរខ្លះ ដែលមិនទាន់បានមកកម្ពុជាវិញ ខណៈព្រំដែន ត្រូវបានបិទទៅហើយនោះ ក៏ភាគកម្ពុជា សុំចរចាជាមួយភាគីថៃដែរ ដើម្បីឲ្យពួកគេ បានចេញពីថៃ ចូលមកកម្ពុជា។ យ៉ាងណា លោក លើកឡើងថា ចំនួនពលករខ្មែរទាំងនោះ មានតិចតួចប៉ុណ្ណោះ។
មុនកម្ពុជានិងថៃ បិទព្រំដែន ពលករខ្មែរជាង៥ម៉ឺននាក់ បានចេញពីថៃ ចូលមកកម្ពុជា។ រដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកខ្លាំង ក្នុងការតាមដានមើលពលករខ្មែរទាំងនោះ ពិសេសផ្តោតលើសុខភាពរបស់ពួកគេ។ រដ្ឋាភិបាល អំពាវនាវ ឲ្យអ្នកដែលមកពីថៃ រស់នៅដាច់ដោយឡែកពីគ្រួសាររយៈពេល១៤ថ្ងៃសិន ដើម្បីទប់ស្កាប់ការឆ្លងជំងឺកូវីដ-១៩ ទៅសមាជិកគ្រួសារ ក្នុងករណីរូបគេ មានជំងឺនេះ៕