COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង COVID-19 តិចជាង​៥០​នាក់​ជា​លើកដំបូង តាំងពី​ចុងខែ​កុម្ភៈ​មក​
06, Apr 2020 , 2:04 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
 កូរ៉េខាងត្បូង នា​ថ្ងៃទី​៦ ខែមេសា បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៤៧​ករណី​បន្ថែមទៀត​។ នេះ ជា​ចំនួន​ឆ្លង​តិច​បំផុត​ចាប់តាំងពី​ចុងខែ​កុម្ភៈ​កន្លងមក ពេលដែល​ករណី​ផ្ទុះ​ចាប់ផ្ដើម​ហក់​ឡើង​ខ្លាំង​។ 



​មួយរយៈ​មុន កូរ៉េខាងត្បូង ត្រូវបាន​គេ​រកឃើញ​ករណី​COVID-19 លើសពី​១០០​ករណី​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​នាំ​ករណី​ទាំងនោះ គឺមាន​ពាក់ព័ន្ធ​នឹង​ព្រះវិហារ​សាសនា​។ បញ្ហា​នេះ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បិទ​សាលារៀន​មួយចំនួន និង​ការប្រមូល​ផ្គុំ​ជាច្រើន​នាក់​។ 
 
​យ៉ាងណាក៏ដោយ មួយរយៈ​ចុងក្រោយ​នេះ ស្ថានការណ៍ COVID-19 ហាក់ដូចជា​ថមថយ​។ នៅ​ថ្ងៃទី​៦ ខែមេសា កូរ៉េ​ខាង​ត្បុ​ង​ប្រកាសថា នៅ​ថ្ងៃទី​៥ ខែមេសា មានការ​ឆ្លង​ត្រឹម​៤៧​ករណី​ប៉ុណ្ណោះ​។ ចំនួន​៤៧​នេះ  គឺជា​តួលេខ​តិច​បំផុត​ចាប់តាំងពី​ចុងខែ​កុម្ភៈ​កន្លងមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​យ៉ាងណាក៏ដោយ លោក​Kim Ganglip អនុរដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង បាន​បញ្ជាក់ថា ការរកឃើញ​អ្នក​ឆ្លង​តិច​បែបនេះ មិនមែន​ដោយសារតែ​តួលេខ​ធ្លាក់ចុះ​ទេ ប៉ុន្តែ​ដោយសារ​ការធ្វើ​តេស្ត​តិចជាង​មុន​។ បើតាម​លោក គីម នា​ថ្ងៃ​ធម្មតា​កូរ៉េខាងត្បូង​ធ្វើតេស្ត​មួយថ្ងៃ មាន​រហូតដល់ ១​ម៉ឺន​ដង​ឯណោះ ខណៈពេល​ចុង​សប្តាហ៍​មាន​ត្រឹមតែ ៦​ពាន់​ដង​តែប៉ុណ្ណោះ​។ ការណ៍​នេះ វា​នៅមាន​ករណី​ផ្សេងទៀត ដែល​មិនទាន់​រកឃើញ​។​
 
​គិត​ត្រឹម​ថ្ងៃទី​៦ ខែមេសា កូរ៉េខាងត្បូង​មាន​ករណី COVID-19 សរុប​ចំនួន​ជាង ១​ម៉ឺន​ករណី អ្នកស្លាប់ ១៨៦​ករណី និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ប្រមាណ ៦​ពាន់​ករណី​។ តំបន់ ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​ក្រុង Daegu និង​ខេត្ត North Gyeongsang ចំណែក​តំបន់​ផ្សេងទៀត គឺមាន​ករណី COVID-19 តិចតួច​តែប៉ុណ្ណោះ​។ 
 
​សូម​បញ្ជក់​ថា តាមរយៈ​វិធាន​ទប់ស្កាត់ COVID-19 កន្លងមក កូរ៉េខាងត្បូង​ត្រូវបាន​គេ​មើលឃើញថា មាន​វិធាន​ល្អ​ជាង​បណ្តា​ប្រទេស​មួយចំនួន​។ សូម្បីតែ​អាមេរិក និង​ប្រទេស​អឺរ៉ុប​មួយចំនួន ក៏​យកតាម​គំរូ​ទប់ស្កាត់​របស់​កូរ៉េខាងត្បូង​ផងដែរ​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com