នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនជាច្រើនបានបន្ធូរបន្ថយលក្ខខណ្ឌកម្ចីរបស់ខ្លួន ជាពិសេសកម្ចីទិញរថយន្ត ខណៈមនុស្សជាច្រើនបាត់បង់ការងារ និងថយប្រាក់ចំណូលដោយសារតែ COVID-19។ Business Insider បានលើកឡើងពីក្រុមហ៊ុន/ស្ថាប័នចំនួន២២ ដែលជួលសម្រួល និងយោគយល់ចំពោះអ្នកខ្ចីទិញរថយន្ត ដូចជាពន្យាពេលទូទាត់ ការបន្ថយការប្រាក់ ការផ្លាស់ប្តូរលក្ខខណ្ឌកម្ចី ក៏ដូចជាការព្យួរការកាន់កាប់រថយន្តជាដើម។
ម្ចាស់កម្ចីទាំងនោះមានដូចជា ធនាគារ Ally Bank ដែលពន្យាការបង់កម្ចីរហូតដល់ទៅ១២០ថ្ងៃ រីឯ Bank of America បើកទូលាយដល់អតិថិជនរៀបរាប់ពីករណីខ្លួន ហើយធនាគារនឹងសិក្សាពីលក្ខខណ្ឌទាំងនោះ ដើម្បីឈានដល់ទៅការអនុគ្រោះក្រោមលក្ខខណ្ឌកំណត់ណាមួយ។
សេវាហិរញ្ញវត្ថុ BMW មិនបានផ្តល់ព័ត៌មានលម្អិតឡើយ ប៉ុន្តែក្រុមហ៊ុនស្នើឲ្យបុគ្គលពាក់ព័ន្ធទាក់ទងទៅសេវាអតិថិជនដើម្បីរៀបរាប់ពីបញ្ហាបង់ប្រាក់របស់ពួកគេ។ Capital One, Car Max, Chase, Chrysler Capital, Ford Motor Credit, Kia Motor Finance, Nissan Motor Acceptance, Old Point National Bank, USAA Bank និង Lexus Financial Services, Mercedes-Benz Financial Services ជាដើម សុទ្ធតែដាក់លេខទូរសព្ទ ដោយលើកទឹកចិត្តដល់អតិថិជនសាកសួរព័ត៌មាន និងរៀបរាប់ពីការប្រឈមរបស់ខ្លួន។
ធនាគារ Fifth Third Bank, GM Financial, Honda Financial Services, Hyundai Motor Finance, Lightstream of Truist Bank, Santander Bank, Toyota Financial Services, Wells Fargo បានសម្រេចពន្យាទៅតាមលក្ខខណ្ឌរៀងៗខ្លួន ដោយមិនមានការដាក់ពិន័យចំពោះអ្នកបង់យឺតយ៉ាវ ដោយសារតែវិបត្តិហិរញ្ញវត្ថុ។
ក្រោមពីក្រុមហ៊ុន/ស្ថាប័ន ទាំង២២ សារព័ត៌មាន Business Insider ក៏បានគូសបញ្ជាក់ឃើញថា បណ្តាក្រុមហ៊ុនជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក បន្តប្រកាសពីលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចី ដោយយោគយល់ពីស្ថានភាពដ៏លំបាករបស់ពួកគេ ដែលបានបាត់បង់ចំណូលដោយសារ COVID-19៕